
បន្ទាប់ពីការបែកធ្លាយនិងពាក្យចចាមអារ៉ាមជាច្រើនអស់រយៈពេលជាច្រើនឆ្នាំនេះនៅទីបំផុតក្រុមហ៊ុន Samsung បានត្រៀមខ្លួនរួចជាស្រេចហើយនៅក្នុងការបង្ហាញចេញជាផ្លូវការណ៌នូវស្មាតហ្វូនអេក្រង់បត់បាន 3 តង់របស់ខ្លួនហើយ។បើមើលទៅលើស្មាតហ្វូនអេក្រង់បត់បានថ្មី Galaxy Z TriFoldនេះត្រូវបានទម្លាយចេញមុនហើយនៅព្រឹត្តិការណ៍ APEC 2025 ដែលរៀបចំឡើងនៅសប្តាហ៍នេះនៅក្នុងប្រទេសកូរ៉េខាងត្បូងដោយក្រុមហ៊ុន Samsung បានដាក់បង្ហាញស្មាតហ្វូនថ្មីនេះនៅក្នុងប្រអប់កញ្ចក់ដែលមិនទាន់មានអ្នកណាម្នាក់អាចប៉ះពាល់ស្មាតហ្វូននេះបាននោះទេ។
សូមជំរាបថាស្មាតហ្វូនអេក្រង់បត់បាន 3 តង់ថ្មីនេះត្រូវបានដាក់បង្ហាញនៅក្នុងព្រឹត្តិការណ៍ K-Tech Showcase ដែលជាព្រឹត្តិការណ៍មួយផ្នែកនៃ APEC នៅក្នុង Gyeongju Expo Park Air Dome នៅក្នុងទីក្រុងសេអ៊ូលប្រទេសកូរ៉េខាងត្បូង។តាមរូបភាពថ្មីមួយដែលបានទម្លាយចេញពី @UniverseIce ដែលសារព័ត៌មាន Chosun Media ថតបាននៅក្នុងព្រឹត្តិការណ៍នោះបានបង្ហាញថាស្មាតហ្វូនអេក្រង់បានថ្មី Galaxy Z TriFoldអាចប្រែក្លាយស្មាតហ្វូនដែលមានអេក្រង់ទំហំ 6.5-អ៊ីងទៅកាន់ថេប្លេតដែលមានអេក្រង់ទំហំ 10 អ៊ីងបាន។ស្មាតហ្វូនថ្មីនេះមានបំពាក់នូវគន្លឹះចំនួន 2 ដែលអាចបិទនិងបើកបានប្រកបដោយភាពរឹងមាំបំផុត។

នៅក្នុងសេចក្តីប្រកាសផ្លូវការចេញពីSamMobileនោះក្រុមហ៊ុន Samsung បាននិយាយថាក្រុមហ៊ុន Samsung នឹងបន្តក្នុងការផ្តោតទៅលើបច្ចេកវិទ្យាកម្រិតខ្ពស់ប្រកបដោយភាពច្នៃប្រឌិតខ្ពស់បំផុតដែលរួមមានការប្រើប្រាស់នូវបច្ចេកវិទ្យា AI ដែលនឹងផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យគ្មានគូប្រៀបនោះទេ។

តាមការអភិវឌ្ឍខាងលើនេះក្រុមហ៊ុន Samsung គឺមានគម្រោងក្នុងការបញ្ចេញនូវឧបករណ៍ជំនាន់ថ្មីដ៏អស្ចារ្យបន្ថែមទៀតទៅកាន់អ្នកប្រើប្រាស់នៅឆ្នាំនេះ។ស្មាតហ្វូនថ្មីនេះនឹងបង្ហាញខ្លួននៅសប្តាហ៍នេះហើយអាចនឹងលក់នៅខែក្រោយនេះនៅក្នុងទីផ្សារមួយចំនួនមានដូចជាប្រទេសចិននិងប្រទេសកូរ៉េខាងត្បូង៕





