
Samsung Electronics របស់កូរ៉េខាងត្បូងនឹងធ្វើការប្រកាសចេញលក់ស្មាតហ្វូនអេក្រង់បត់បីបត់ដំបូងរបស់ខ្លួនម៉ូដែល Galaxy Z TriFold នៅសប្តាហ៍ក្រោយនេះហើយ។ Galaxy Z TriFold គឺជាសមត្ថផលថ្មីស្រឡាងមួយទៀតក្នុងស្រឡាយឧបករណ៍ Galaxy Series ដែលមានជាង 16 ម៉ូដែល ហើយ Z TriFold ក៏ជាឧបករណ៍ដំបូងក្នុងប្រវត្តិសាស្ត្រស្មាតហ្វូន Galaxy របស់ Samsung ដែលមានអេក្រង់ធំបំផុត ហើយនឹងភ្ជាប់មកជាមួយបច្ចេកវិទ្យាឆ្លាតវៃបំផុត និងលក្ខណៈពិសេសៗលំដាប់កំពូលផងដែរ។
Samsung Galaxy Z TriFold បំពាក់នូវបច្ចេកវិទ្យាគន្លឹះត្រចៀកបត់ថ្មីពិសេសចំនួនពីរប្រភេទ dual-titanium-hinges ដែលមានសមត្ថភាពខ្ពស់ក្នុងការការពារអេក្រង់បត់បានយ៉ាងមានប្រសិទ្ធភាពខ្ពស់ក្នុងប្រើប្រាស់ប្រចាំថ្ងៃ។ មិនដូចនឹង Huawei Mate XT Ultimate ឡើយ ដោយ Samsung Galaxy Z TriFold មានការឌីស្សាញរំលេចឡើងជាមួយបន្ទះអេក្រង់ខាងក្រៅនៅចំកណ្តាលផ្នែកខាងក្រោយតែម្តង ហើយរបៀបបត់អេក្រង់បត់ទាំងពីរវិញ គឺបត់ចូលមកខាងក្នុងផ្គុំចូលគ្នានៅផ្នែកកណ្តាល។
.jpg)
និយាយពីអេក្រង់វិញ Galaxy Z TriFold បានបំពាក់មកជាមួយអេក្រង់បត់ខាងក្នុងទំហំ 10-inch នៅពេលពន្លាអស់ ដែលអេក្រង់នេះគាំទ្រកម្រិតបង្ហាញ 2,160 x 1,584px ជាមួយកម្រិតល្បឿន adaptive-refresh rate 1-120Hz និងកម្រិតពន្លឺខ្ពស់ដល់ 1,600nits peak brightness។ ហើយនៅលើអេក្រង់បត់នេះ ក៏មានរន្ធទំលុះដាក់លែនកាមេរ៉ាដែលមានសែនស័រទំហំ 10MP មួយផងដែរ សម្រាប់ថតរូប ឬវីដេអូសែលហ្វី។ ជាមួយគ្នានេះ នៅលើអេក្រង់បត់ខាងក្នុងរបស់ Z TriFold ក៏មានស្រោបដោយស្រទាប់ការពារ (protective film) ដូចគ្នានឹងអេក្រង់បត់របស់ Galaxy Z-Series ដែរ។
.jpg)
ចំនែកអេក្រង់នៅខាងក្រៅ ឬ Cover-Screen វិញ គឺមានទំហំ 6.5-inch គាំទ្រកម្រិតបង្ហាញ 2,520 x 1,080px នៅលើខ្នាត aspect ratio 21:9 ជាមួយល្បឿន adaptive refresh rate 1-120Hz និងមានកម្រិតពន្លឺខ្ពស់បំផុតដល់ 2,600nits។ ហើយនៅលើ Cover-Screen ក៏មានរន្ធទំលុះដាក់កាមេរ៉ាមួយគ្រាប់ទំហំ 10MP រួមជាមួយស្រទាប់ការពារឆ្កូតកម្រិតស្តង់ដារ Corning Gorilla Glass Ceramic 2 ថែមទៀតផង។
.jpg)
តួរខ្លួនរបស់ Galaxy Z TriFold បានស្រោបការពារដោយស៊ុមប្រភេទ Advanced Armor-Aluminum frame ដែលផ្តល់គុណភាព និងភាពធន់រឹងមាំកម្រិតខ្ពស់។ ស្មាតហ្វូនបត់បីបត់ថ្មីនេះ មានទំងន់ 309 ក្រាម និងកម្រាស់ស្តើងត្រឹម 3.9mm នៅពេលពន្លាអេក្រង់អស់។ រីឯទំហំវិមាត្រសរុបវិញ គឺ 159.2 x 75 x 12.9mm។ បន្ថែមពីនេះ Galaxy Z TriFold ក៏មានប្រព័ន្ធបច្ចេកវិទ្យាការពារទឹក និងធូលីកម្រិត IP48 មកជាមួយផងដែរ។ Galaxy Z TriFold ត្រូវបានដាក់ឲ្យដំណើរការនៅលើបន្ទះឈីបកំពូល Qualcomm Snapdragon 8 Elite For Galaxy ដូចគ្នានឹង Z Fold 7 ដែរ។ ហើយភ្ជាប់មកជាមួយរ៉េមទំហំ 16GB និងអង្គផ្ទុកទិន្នន័យស្រាប់ក្នុងម៉ាស៊ីនមានទំហំ 512GB និង 1TB។
Samsung Galaxy Z TriFold បានដំឡើងមកជាមួយកាមេរ៉ាក្រោយចំនួន 3 គ្រាប់ ដោយក្នុងនោះមានកាមេរ៉ាគោលទំហំធំដល់ 200MP ជាសែនស័រ ISOCELL HP2, កាមេរ៉ា Telephoto កម្រិត 3x-zoom ទំហំ 10MP និង Ultra-wide ទំហំ 12MP។ សម្រាប់ថ្មវិញ Galaxy Z TriFold បានដំឡើងមកជាមួយថ្មចំនួនបីគ្រាប់ដែលភ្ជាប់នៅលើផ្នែកបត់នីមួយៗ ដែលមានទំហំសរុប 5,600mAh គាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនកម្លាំង 45W Wired Fast Charging និងកម្លាំង 15W Wireless Charging។ Galaxy Z TriFold មានជម្រើសតែមួយពណ៌ប៉ុណ្ណោះ គឺជាពណ៌ខ្មៅ ហៅថា “Crafted Black” ។
.jpg)
ស្មាតហ្វូនអេក្រង់បត់បីបត់ដំបូងរបស់ Samsung នឹងចេញលក់ផ្លូវការណ៍ដំបូងគេនៅទីផ្សារប្រទេសកូរ៉េខាងត្បូងផ្ទាល់តែម្តង គឺនៅថ្ងៃទី 12 ខែធ្នូ សប្តាហ៍ក្រោយនេះ។ ទោះជាយ៉ាងណា Samsung មិនទាន់បានបញ្ជាក់ពីតម្លៃរបស់ Galaxy Z TriFold នៅឡើយទេ។ ជាមួយគ្នានេះ Samsung ក៏បានបញ្ជាក់ដែឬថា ខ្លួននឹងនាំយក Galaxy Z TriFold ចូលទៅកាន់ទីផ្សារប្រទេសចិន តៃវ៉ាន់ សិង្ហបុរី អារ៉ាប់រួម និងសហរដ្ឋអាមេរិក ក្នុងពេលឆាប់ៗខាងមុខនេះ៕





