
នៅពេលនេះ OPPO បានត្រៀមខ្លួនសម្រាប់ការប្រជែងទីផ្សារស្មាតហ្វូនអេក្រង់បត់បានសម្រាប់ឆ្នាំហើយ ខណៈដែលស្មាតហ្វូនអេក្រង់បត់បាន Find N6 គឺត្រូវគេរំពឹងថា នឹងមានការប្រកាសចេញនៅទីផ្សារនៅក្នុងខែនេះហើយ។ ថ្ងៃនេះ យោងតាមរបាយការណ៌របស់ SmartPrix បានបញ្ជាក់ថា ក្រុមហ៊ុន OPPO បាននឹងកំពុងតែធ្វើការនៅលើស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី OPPO Find N7 ដោយក្នុងនោះមានការបង្ហើបថាស្មាតហ្វូនថ្មីនេះ ក៏នឹងមានការផ្លាស់ប្តូរការឌីស្សាញរូបរាងថែមទៀតផង។ ស្មាតហ្វូននេះអាចនឹងវត្តមានស្របុំគ្នាជាមួយនិងស្មាតហ្វូនអេក្រង់បត់របស់ Apple.
ផ្អែកតាមរបាយការណ៌ខាងលើនេះ បានអោយដឹងបន្ថែមទៀតថា សម្រាប់វត្តមានរបស់ស្មាតហ្វូនអេក្រង់បត់បាន Find N7 នេះ គឺ OPPO បានដាក់គោលដៅប្រជែងជាមួយនិងស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីរបស់ Apple សម្រាប់ឆ្នាំនេះដែលនឹងបង្ហាញវត្តមានជាមួយនិង iPhone 18 Pro និង iPhone 18 Pro Max។ សម្រាប់ម៉ូដែលថ្មីនេះ គឺមិនដូចគ្នាជាមួយនិង Find N6 នោះទេ គឺក្រុមហ៊ុននេះ នឹងមានការឌីស្សាញអេក្រង់មានភាពទូលាយជាងមុន ដែលជាស្មាតហ្វូនអេក្រង់ book-style ធម្មតា។
Find N7 នឹងមានការប្រើប្រាស់នូវលក្ខណៈសម្បត្តិខ្លះៗរបស់ Find N6 ខណៈដែលរបាយការណ៌បាននិយាយថា នៅលើស្មាតហ្វូននេះ នឹងមានកាមេរ៉ាគោលទំហំ 200MP និងគ្រាប់ទីពីរទំហំ 50MP ultra-wide ខណៈដែលគ្រាប់ទីបីមានទំហំ 50MP Periscope Telephoto។ ទៅលើថាមពលថ្មរបស់ស្មាតហ្វូនថ្មីនេះ អាចនឹងមានទំហំ 6,000mAh និងមានការគាំទ្រដោយកម្លាំងសាក 80W wired ហើយនិង 50W wireless charging។
ប្រភពខាងលើនេះ បានបន្តថា Find N7 អាចនឹងបង្ហាញវត្តមានជាផ្លូវការណ៌នៅពីរទៅបីខែបន្ទាប់ពីការដាក់សម្ពោធរបស់ស្មាតហ្វូនអេក្រង់បត់ Find N6 អាចនឹងធ្វើឡើងនៅខែកញ្ញាក៏ថាបាន។ ក្រុមហ៊ុន OPPO នៅមិនទាន់បញ្ជាក់ជាផ្លូវការណ៌ទេ ពីលក្ខណៈសម្បត្តទូទៅរបស់ស្មាតហ្វូននេះ ខណៈដែលការបែកធ្លាយ គឺមានច្រើនរួចមកហើយ។

ទាក់ទងនឹងព័ត៌មាននេះដែរ ក្រុមហ៊ុន Samsung ក៏ត្រួវបានគេរាយការណ៌ថា បាននឹងកំពុងតែធ្វើការនៅលើស្មាតហ្វូនអេក្រង់បត់បានថ្មីដែលនានអេក្រង់ធំទូលាយនេះដែរ ដោយម៉ូដែលនេះ មានឈ្មោះថា Galaxy Wide Fold ហើយអាចនឹងមានវត្តមានជាមួយនិង Galaxy Z Fold 8 និង Galaxy Z Flip 8 ខែកក្កដាខាងមុខនេះទៀតផង។ សម្រាប់ម៉ូដែលនេះ អាចនឹងដូចគ្នាជាមួយនិង iPhone Fold។





