កាលពីថ្ងៃទី 4 កញ្ញា ថ្មីៗនេះ ក្រុមហ៊ុន Hongqi បានធ្វើការប្រកាសចេញលក់រថយន្ត Plug-in-hybrid SUV ស៊េរីថ្មីម៉ូដែល HS5 ដែលមានតម្លៃខ្ទង់ $22,500 នៅទីផ្សារប្រទេសចិន។ Hongqi HS3 ត្រូវបានក្រុមហ៊ុនធ្វើការបំពាក់នូវម៉ាស៊ីនសាំង Hybrid ចំនុះ 1.5T ដំណើរការដោយ plug-in hybrid power system។
សម្រាប់ការរចនារបស់ Hongqi HS3 PHEV គឺមិនខុសពីម៉ូដែលប្រើម៉ាស៊ីនសាំងសុទ្ធនោះទេ ដោយផ្នែកខាងមុខត្រូវបានរចនាជាមួយផ្ទាំងប៉ាណាធំដែលមានរចនាបថទឹកធ្លាក់ ឬ Waterfall grille រួមជាមួយអត្តសញ្ញាណម៉ាកយីហោរបស់ក្រុមហ៊ុនដែលជាបន្ទាត់ក្រហមអូសកាត់កណ្តាលក្បាលរថយន្តធ្លាក់មកក្រោម។ ចង្កៀងបំភ្លឺត្រូវបានរចនាបែប Split design ជាមួយចង្កៀង daytime running light រចនាជារាងអក្សរ C។ HS3 ស្ថិតក្នុងស្រឡាយរថយន្ត Compact SUV ដែលមានបណ្តោយប្រវែង 4,655mm/ ទទឹង 1,900mm/ កម្ពស់ 1,668mm និងគម្លាតចន្លោះកង់មុខក្រោយ 2,770mm។
ផ្នែកខាងក្រៅរបស់ Hongqi HS3 PHEV SUV មានជម្រើស 6 ពណ៌ ដូចជាពណ៌ខ្មៅ Phantom Night Black, ពណ៌ Alpine White, ពណ៌ប្រផេះ Art Gray, និងពណ៌ dual-tone ដែលមានដូចជា Alpine White + Smoked Roof, Yubai Green + Smoked Roof, និង Bamboo Moon Blue + Smoked Roof ជាដើម។ នៅផ្នែកខាងក្នុងវិញមានការរៀបចំតុបតែងលម្អដោយអេក្រង់បង្ហាញព័ត៌មាននៅក្រោយដៃចង្កូតទំហំ 12.3-inch LCD Instrument panel ជាមួយអេក្រង់កម្សាន្តនៅកណ្តាលទំហំ 12.6-inch ដែលគាំទ្រដំណើរការដោយប្រព័ន្ធ Qisi 1.0 intelligent network connection system អភិវឌ្ឍន៍ដោយ Hongqi ផ្ទាល់ ដែលអាចទទួលបានការធ្វើបច្ចុប្បន្នភាពតាមរយះ OTA ថែមទៀតផង។
ជាមួយគ្នានេះវាក៏មានភ្លើង Ambient lights ដែលអាចប្តូរពណ៌បានចំនួន 253 ពណ៌, ទ្រនាប់សាកថ្មស្មាតហ្វូនឥតខ្សែចំនួនពីរដែលមានកំលាំង 40W និង 15W, កៅអីអ្នកបើកអាចសេរេបាន 6 របៀប និងកៅអីអ្នករួមដំណើរអាចសេរេបាន 4 របៀបដំណើរការដោយប្រព័ន្ធអេឡិចត្រូនិច។ ជាពិសេសកៅអីជួរខាងមុខ គឺមានមុខងារកម្តៅ និងម៉ាស្សាថែមទៀតផង។ ចំនែកចន្លោះកៅអីមុខក្រោយមានទំហំធំទូលាយល្អក្នុងការដាក់ជើង ព្រមទាំងមានកន្លែងដាក់ដៃដែលមានកន្លែងដាក់កែវទឹក ឬកាហ្វេផងដែរ។
Hongqi HS3 PHEV SUV ដំណើរការដោយប្រព័ន្ធម៉ាស៊ីន 1.5T plug-in hybrid system ជាមួយប្រព័ន្ធម៉ូទ័រអគ្គិសនីមួយ។ ដោយម៉ាស៊ីន 1.5T Hybrid របស់ HS3 អាចផលិតកំលាំងបាន 124kW ឬស្មើរនឹង 166 សេះ និងកំលាំងរមូល 258Nm ខណៈប្រព័ន្ធម៉ូទ័រអគ្គិសនីវិញ អាចផលិតកំលាំងបាន 140kW ឬស្មើរនឹង 188 សេះ និងកំលាំងរមូល 280Nm។ រថយន្តស៊េរីថ្មីនេះប្រើកញ្ចប់អាគុយប្រភេទ lithium iron phosphate battery pack ទំហំ 18.4kWh របស់ក្រុមហ៊ុន CATL ដែលសាកភ្លើងមួយពេញម្តងអាចបើកបរដោយថាមពលអគ្គិសនីសុទ្ធបានចម្ងាយ 115km នេះតាមការបញ្ជាក់ស្តង់ដារពីស្ថាប័ន CLTC។
ចំនែកការចាក់សាំងមួយពេញជាមួយការសាកភ្លើងមួយពេញម្តងអាចបើកបរបានចម្ងាយដល់ 1,100km។ ហើយ HS3 ក៏គាំទ្រមុខងារសាកភ្លើងកម្រិត 3.3 kW external discharge ផងដែរ។ កាលពីអំឡុងខែកក្តដា ឆ្នាំ 2024 ក្រុមហ៊ុន Hongqi លក់រថយន្តម៉ូដែល HS3 ម៉ូដែលប្រើម៉ាស៊ីនសាំងសុទ្ធបានចំនួន 2,668 គ្រឿង មានកំណើនការលក់ចំនួន 8.67% ដែលធ្វើឲ្យ Hongqi ជាប់ក្នុងចំណាត់ថ្នាក់លេខទី 83 ក្នុងការលក់រថយន្តប្រភេទ SUV នៅក្នុងទីផ្សារប្រទេសចិន។ សម្រាប់ការបញ្ចេញលក់ម៉ូដែល Plug-in-hybrid HS3 លើកនេះ អាចនឹងជួយជម្រុញការលក់របស់ក្រុមហ៊ុនកើនឡើងបានមួយកម្រិតទៀតនៅក្នុងឆ្នាំ 2024នេះ៕