យោងតាមការចេញផ្សាយព័ត៌មានថ្មីនៅថ្ងៃនេះ បានអោយដឹងថា មិនដល់មួយខែនោះទេ ក្រុមហ៊ុន BYD លក់រថយន្ត BYD Xia ដែលជាម៉ូដែល MPV ស៊េរីថ្មីរបស់ខ្លួនបានចំនួន 10,000 គ្រឿង។ រថយន្តថ្មីនេះត្រូវបានក្រុមហ៊ុនដាក់លក់ជាលើកដំបូងនៅលើចិន កាលពីថ្ងៃទី 8 ខែមករាកន្លងទៅ ដែលមានតម្លៃ 249,800 យ៉ន់ ដែលប្រហែលជា 34,100 ដុល្លារ។ BYD Xia ត្រូវបានគេមើលឃើញថា គឺជាម៉ូដែលលក់ដាច់ជាងគេបំផុតនៅក្នុងប្រភេទ ម៉ូដែល MPV ស៊េរីថ្មី។
នៅថ្ងៃទី 3 ខែកុម្ភៈ នេះ ក្រុមហ៊ុន BYD បានដឹកជញ្ជូនរថយន្ត BYD Xia ថ្មីនេះ បានចំនួន 10,003 គ្រឿង បន្ទាប់ពីការប្រកាសចេញបាន 23 ថ្ងៃ។ ដូច្នេះមានន័យថា ក្រុមហ៊ុននេះបានប្រហែល 435 គ្រឿងជារៀងរាល់ថ្ងៃ។ សូមជំរាបថា រថយន្ត MPV ម៉ូដែលថ្មីរបស់ BYD គឺ Xia បានបង្ហាញវត្តមានលើកដំបូងនៅក្នុងព្រឹត្តិការណ៍ Chengdu Auto Show 2025។ ចំនែកឯការចាប់ផ្តើមបើកទទួលការបញ្ជាទិញមុន គឺត្រូវបានធ្វើឡើងនៅក្នុងខែកញ្ញាដោយមានតម្លៃខ្ទង់ $40,600 នៅទីផ្សារប្រទេចិន។
រថយន្តប្រភេទ MPV ម៉ូដែលថ្មីនេះ ប្រើប្រាស់ភាសារចនារបស់គ្រួសារ Dynasty ដោយមានការរចនាផ្នែកខាងមុខជាបែប Dragon Face ជាមួយការឌីស្សាញផ្ទាំងប៉ាណាមុខធំរំលេចដោយក្បាច់ផុសបែប 3D ដ៏ទាក់ទាញ និងមានរំលេចដោយស្លាកសញ្ញា Xia ថ្មីនេះចំកណ្តាល។
BYD Xia ដំណើរការដោយប្រព័ន្ធម៉ាស៊ីន Hybrid ឬ PHEV ដែលភ្ជាប់ជាមួយបច្ចេកវិទ្យា Plug-in-Hybrid ជំនាន់ថ្មីចុងក្រោយ គឺ DM5.0 និងប្រព័ន្ធជំនួយការបើកបរឆ្លាតវៃ DiPilot Intelligent Driving System។ រថយន្ត MPV ម៉ូដែលថ្មីរបស់ BYD មួយនេះមានប្រវែងបណ្តោយ 5,145mm ទទឹង 1,970mm/ កម្ពស់ 1,805mm និងគម្លាតចន្លោះកង់មុខក្រោយ 3,045mm។
រថយន្តនេះប្រើប្រាស់យ៉ាន់កង់ទំហំ 18-អ៊ីង និងមានដំបូងបើកតូចភ្ជាប់ជាមួយមុខងារ panoramic sunroof។ នៅផ្នែកខាងមុខមានបំពាក់នូវប្រព័ន្ធសែនស័រចាប់សញ្ញា LiDAR និងនៅលើកន្ទុយ Spoiler ខាងក្រោយមានភ្ជាប់នូវកាមេរ៉ាមួយគ្រាប់ផងដែរ។ BYD Xia MPV គាំទ្រនូវប្រព័ន្ធបច្ចេកវិទ្យាជំនួយការបើកបរឆ្លាតវៃដូចជាប្រព័ន្ធYunnian-C intelligent damping control system, DiPilot Intelligent Driving Assistance System, និង DiLink 150 Smart Cockpit ជាដើម។
រថយន្តស៊េរីថ្មីនេះបំពាក់នូវម៉ាស៊ីន Hybrid ទំហំ 1.5T Engine គាំទ្រដំណើរការដោយប្រព័ន្ធ DM5.0 PHEV Technology និងមានម៉ូទ័រអគ្គិសនីមួយ។ សម្រាប់ម៉ាស៊ីន 1.5T Engine អាចផលិតកំលាំងបានដល់ 115kW ខណៈម៉ូទ័រអគ្គិសនីមួយរបស់វាអាចផលិតកំលាំងបានដល់ 200kW។ សម្រាប់កញ្ចប់អាគុយអគ្គិសនីវិញ គឺមានទំហំ 20.39kWh នៅពេលសាកថ្មមួយពេញម្តងអាចបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធបានចម្ងាយ 80km។
បើតាមប្រភពព័ត៌មានដែលបានចេញផ្សាយនាពេលកន្លងមកបាននិយាយថា BYD Xia MPV នឹងមានជម្រើសម៉ូដែលប្រើកញ្ចប់អាគុយទំហំ 38kWh ដែលការសាកភ្លើងមួយពេញម្តងអាចបើកបរបានចម្ងាយផ្លូវ 145km។ សម្រាប់កម្រិតស៊ីសាំងរបស់ម៉ាស៊ីន 1.5T វិញ គឺខ្ទង់ប្រហែល 6.5L/100km តែប៉ុណ្ណោះ៕