Samsung បានចាប់ផ្តើមធ្វើការនាំចេញស្មាតហ្វូនជំនាន់ថ្មី Galaxy S25 Series បន្ទាប់ពីការបង្ហាញវត្តមានកាលពីសប្តាហ៍ទីពីរក្នុងខែមករា កន្លងទៅ។ ហើយនៅពេលនេះ កមានការទម្លាយចេញពីម៉ូដែលជំនាន់ថ្មីរបស់ Galaxy S25 Ultra គឺ Galaxy S26 Ultra។
បើតាមប្រភពបានទម្លាយថា Galaxy S26 Ultra នឹងក្លាយជាម៉ូដែលដំបូងគេក្នុងគ្រួសារ Galaxy S-Series ដែលលែងមានរន្ធទំលុះថ្ងាសអេក្រង់សម្រាប់ដាក់សេនស័នកាមេរ៉ាសែលហ្វីទៀតហើយ ដោយវានឹងជំនួសមកវិញនៅបច្ចេកវិទ្យាសែនស័រកាមេរ៉ាសែលហ្វីបង្កប់ក្រោមអេក្រង់ Under-display camera ដូចទៅនឹង Galaxy Z Fold Series ដែរ។
ដូចដែលយើងបានដឹងរួចហើយថា Samsung បានប្រើបច្ចេកវិទ្យាកាមេរ៉ាបង្កប់ក្រោមអេក្រង់របស់ស្មាតហ្វូនអេក្រង់បត់ Galaxy Z Fold Series របស់ខ្លួនចាប់ពី Galaxy Z Fold 3 ដែលចេញក្នុងឆ្នាំ 2021។ ដោយសែនស័របង្កប់ក្រោមអេក្រង់របស់ Samsung គឺមានទំហំត្រឹម 4MP ប៉ុណ្ណោះ ហើយសេនស័រនេះ បានបន្តប្រើរហូតដល់ Galaxy Z Fold 6 បច្ចុប្បន្ន ដោយពុំមានការកែប្រែបង្កើនទំហំឡើយ។ យ៉ាងណាមិញប្រសិនបើ Samsung ប្រើសែនស័រកាមេរ៉ាបង្កប់ក្រោមអេក្រង់នៅលើ Galaxy S26 Ultra ពិតមែននោះ ក្រុមហ៊ុនអាចនឹងបង្កើនគុណភាពខ្ពស់ជាងសែនស័រ under-display camera បច្ចុប្បន្នរបស់ខ្លួន។
បច្ចុប្បន្ននេះក្រុមហ៊ុនដែលមានជំនាញទៅលើការប្រើប្រាស់សែនស័រកាមេរ៉ាក្រោយមអេក្រង់ស្មាតហ្វូនកំពូលៗមានដូចជា Xiaomi និង Nubia ដូចនេះ Samsung ក៏អាចនឹងចូលរួមក្នុងបច្ចេកវិទ្យាកាមេរ៉ាមួយនេះសម្រាប់ជំនាន់ក្រោយនៃកំពូលស្មាតហ្វូនរបស់ខ្លួនផងដែរ ព្រោះថា Samsung គឺជាក្រុមហ៊ុនដែលមានជំនាញទៅលើការផលិតបន្ទះអេក្រង់ និងសែនស័រកាមេរ៉ាស្រាប់។
Samsung Galaxy S26 Ultra អាចនឹងប្តូរឈ្មោះទៅជា Galaxy S26 Note នេះបើតាមប្រភពព័ត៌មានចចាមអារ៉ាម។ កំពូលស្មាតហ្វូនជំនាន់ថ្មីនេះ អាចនឹងបំពាក់នូវបច្ចេកវិទ្យាអេក្រង់គុណភាពខ្ពស់ដែលផ្តល់នូវកម្រិតគុណភាពពន្លឺកាន់តែខ្ពស់ និងប្រសិទ្ធិភាពកាន់តែប្រសើរជាងអេក្រង់របស់ Galaxy S25 Ultra។ បន្ថែមពីនេះ Galaxy S26 Ultra ក៏អាចនឹងបំពាក់សែនស័រកាមេរ៉ា periscope telephoto ទំហំ 200MP រួមនឹងប្រើប្រាស់បន្ទះឈីប Exynos ជំនាន់ថ្មីផងដែរ៕