
ថ្មីៗនេះ មានការបែកធ្លាយស្មាតហ្វូនជំនាន់ថ្មី vivo V-Series នៅអនឡាញ ដោយនៅក្នុងរបាយការណ៍ចុងក្រោយបំផុតបានទម្លាយអំពីរូបភាពផ្សព្វផ្សាយថ្មី និងលក្ខណៈសម្បត្តិរបស់ស្មាតហ្វូន vivo V70 FE ផងដែរ។ សម្រាប់ម៉ូដែលនេះ អាចនឹងក្លាយជាស្មាតហ្វូនមួយនៅក្នុងចំណោមស្មាតហ្វូនលំដាប់ថវិកាជាច្រើន ដែលនឹងបង្ហាញខ្លួនក្នុងពេលឆាប់ៗនេះហើយ។ ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានកាមេរ៉ាគោលទំហំ 200MP។
តាមរយៈរូបភាពផ្សព្វផ្សាយចេញពីអ្នកទម្លាយ PassionateGeekz គឺបានបញ្ជាក់ពីព័ត៌មានថ្មីរបស់ស្មាតហ្វូននេះផងដែរ។ ស្មាតហ្វូនជំនាន់ថ្មី vivo V70 FE នេះ អាចនឹងមានការពង្រឹងទៅលើសមត្ថភាពកាមេរ៉ាកាន់តែខ្លាំង។ ប៉ុន្តែប្រៀបធៀបទៅនឹងស្មាតហ្វូន X300 គឺនៅទាបជាងបន្តិច។ ប្រភពខាងលើនេះ នៅមិនទាន់ច្បាស់នោះទេថា ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានការទ្រទ្រង់ទៅលើបច្ចេកវិទ្យា Zeiss ដូចទៅនឹងស្មាតហ្វូនជំនាន់មុនរបស់វា ឬយ៉ាងណានោះទេ។

សូមជំរាបថា ស្មាតហ្វូន Vivo V70 FE ក៏ធ្លាប់មានការទម្លាយជាមួយនឹងព័ត៌មានលម្អិតនៃបន្ទះឈីប ថាមពលថ្ម បច្ចេកវិទ្យាសាកថ្ម និងទំហំ Storage ផងដែរ។ ស្មាតហ្វូននេះ មាន 2 ទំហំគឺ 8GB+256GB និង 12GB+256GB នឹងមានការប្រើប្រាស់នូវបន្ទះឈីប MediaTek Dimensity 7300 SoC ហើយនិងដំណើរការនូវ Android 16 OS ផ្អែកជាមួយនឹង OriginOS 6។ ស្មាតហ្វូនថ្មីនេះ នឹងមានថាមពលថ្មធំដល់ទៅ 7,000mAh គាំទ្រដោយបច្ចេកវិទ្យាសាកថ្មល្បឿនដល់ទៅ 55W charging។ គួរបញ្ជាក់ថា ការបែកធ្លាយមុននេះ បានបង្ហើបថា ស្មាតហ្វូនជំនាន់ថ្មី vivo V70 FE នេះ នឹងមាន 2 ពណ៌គឺ Dark Blue និង Lavender៕





