
ក្រុមហ៊ុនផលិតស្មាតហ្វូនម៉ាក Infinix ត្រៀមធ្វើការប្រកាសចេញស្មាតហ្វូនជំនាន់ថ្មី Infinix Note 40 Series ដែលមានដូចជា Infinix Note 40 និង Note 40 Pro នាពេលឆាប់ៗខាងមុខនេះ។ ស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុននេះ គឺបានបង្ហាញខ្លួនផ្លូវការណ៍នៅលើបញ្ចី Google Play Console, Bluetooth SIG ក៏ដូចជា NBTC រួមមកហើយកាលពីប៉ុន្មានសប្តាហ៍មុន។ ហើយ FCC ក៏បានធ្វើការបង្ហាញពីម៉ូដែល Infinix Note 40 រួចហើយដែរ ដោយឡែកនៅពេលនេះ នៅលើបញ្ចីរបស់ស្ថាប័ន FCC ក៏បានបង្ហាញវត្តមានរបស់ Infinix Note 40 Pro មួយបន្ថែមទៀត ដោយមានលេខកូដម៉ូដែល X6850។
នៅលើបញ្ចីរបស់ FCC បានបង្ហាញថា Infinix Note 40 Pro គឺមានអង្គផ្ទុកទិន្នន័យទំហំ 256GB ជាមួយរ៉េមទំហំ 12GB ប្រើប្រាស់បន្ទះឈីប 4G រួមជាមួយបច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនកំលាំង 70W ហើយស្មាតហ្វូននេះ គឺនឹងមានជម្រើសពណ៌បៃតងហៅថា Vintage Green ផងដែរ។ បន្ថែមពី FCC ក៏បានបង្ហាញថា Infinix Note 40 Pro ក៏នឹងគាំទ្រការសាកភ្លើងឥតខ្សែ Wireless Charging កំលាំង 5W ថែមទៀតផង។ Note 40 Pro នឹងមានទំហំវិមាត្ររួម 165mm x 76mm x 8mm ហើយនឹងគាំទ្រប្រព័ន្ធ WiFi 2.4/5.2/5.8GHz, Bluetooth, និង NFC។

ហើយបើតាមការបញ្ជាក់នៅលើបញ្ចីរបស់ស្ថាប័ន Google Play Console ស្មាតហ្វូនជំនាន់ថ្មី Infinix Note 40 Series គឺនឹងដំឡើងមកជាមួយប្រតិបត្តិការ Android 14 ចេញពីប្រអប់ ហើយនិងប្រើបន្ទះឈីប MediaTek Helio G99 SoC។ ដោយម៉ូដែល Note 40 នឹងមានជម្រើសប្រើរ៉េមទំហំ 8GB ខណៈ Note 40 Pro គឺមានជម្រើសរ៉េមទំហំដល់ 12GB។ ហើយស្មាតហ្វូនជំនាន់ថ្មីទាំងពីរនេះ គឺគាំទ្រប្រព័ន្ធសេវា 4G VoLTE។ ហើយ Infinix Note 40 គឺនឹងបំពាក់អេក្រង់ដែលមានសមត្ថភាពគាំទ្រកម្រិតបង្ហាញ 2436 x 1080px ជាមួយកម្រិតដង់ស៊ីតេភាពច្បាស់ 480ppi ហើយនិងមានលែនទំលុះត្រង់ថ្ងាសអេក្រង់មួយគ្រាប់សម្រាប់ភ្ជាប់សែនស័រកាមេរ៉ាសែលហ្វី។ ហើយម៉ូដែល Note 40 គឺនឹងគាំទ្រកំលាំងសាកថ្មល្បឿនលឿន 45W។

កាលពីពេលថ្មីៗនេះ infinix បានធ្វើការប្រកាសចេញលក់ស្មាតហ្វូនស្ថិតក្នុងបញ្ចីស្មាតហ្វូនកម្រិតថវិកាស៊េរីថ្មីមួយចំនួន រួមមានម៉ូដែល Infinix Hot 40i, Hot 40, និង Hot 40 Pro។ ហើយក្រុមហ៊ុននេះក៏ទើបតែនឹងប្រកាសចេញលក់កុំព្យូទ័រឡេបថប់ស៊េរីថ្មីម៉ូដែល Infinix INBook Y4 Max ដែលមានអេក្រង់ទំហំ 16-inch នៅទីផ្សារប្រទេសឥណ្ឌាផងដែរ៕
