
បើយោងទៅលើប្រភពព័ត៌មានចេញពីទឹកដីប្រទេសកូរ៉េខាងត្បូងដែលជាទឹកដីកំណើតរបស់ក្រុមហ៊ុន Samsung Electronics បាននិយាយថា ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សមួយនេះ កំពុងធ្វើការពិចារណាក្នុងការផលិតស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មី Galaxy Z Fold 6 ដែលមានតម្លៃធូរថ្លៃ នេះមិនមែនមានន័យថា Galaxy Z Fold 6 គឺមានតម្លៃធូរថ្លៃនោះទេ ប៉ុន្តែ Galaxy Z Fold 6 នឹងមានម៉ូដែលផ្សេងមួយទៀតដែលមានតម្លៃធូរថ្លៃ។ ប្រភពដដែលបានបញ្ជាក់ថា នេះជាលើកទីមួយហើយដែល Samsung បានគិតគួរពីការអភិវឌ្ឍន៍ផលិតស្មាតហ្វូនអេក្រង់បត់ដែលមានតម្លៃធូរ។
សម្រាប់ការផ្លាស់ប្តូរយុទ្ធសាស្ត្រថ្មីក្នុងការវាយលុកទីផ្សារស្មាតហ្វូនអេក្រង់បត់ពី Samsung គឺក្រុមហ៊ុនមានគោលដៅក្នុងការបង្កើនចំនួននៃការលក់ស្រឡាយស្មាតហ្វូនអេក្រង់បត់ Z Fold របស់ខ្លួនកាន់តែខ្ពស់ឡើង។ ដោយបច្ចុប្បន្នស្មាតហ្វូនអេក្រង់បែប Clamshell ម៉ូដែល Flip ដែលមានតម្លៃធូរថ្លៃ គឺមានចំនួនកើនឡើងខ្ពស់គួរឲ្យកត់សំគាល់។ ដូចនេះ Galaxy Z Fold ដែលមានតម្លៃធូរថ្លៃ គឺអាចនឹងពង្រឹងទីផ្សារលក់របស់ Fold កាន់តែខ្លាំង។
ជាងនេះទៅទៀតការផ្លាស់ប្តូរមកផលិតស្មាតហ្វូនអេក្រង់បត់ដែលមានតម្លៃធូរថ្លៃនេះ ក៏នឹងអាចជួយឲ្យ Samsung អាចធ្វើការប្រកូតប្រជែង និងពង្រីកទីផ្សារស្មាតហ្វូនអេក្រង់បត់របស់ខ្លួនបានទួលាយជាងមុននៅក្នុងទីផ្សារប្រទេសចិន ដែលបច្ចុប្បន្នត្រូវបានគ្រប់គ្រងស្ទើរតែទាំងស្រុងដោយក្រុមហ៊ុនផលិតក្នុងស្រុក។ ដែលបច្ចុប្បន្ននេះ Samsung គឺមានចំនែកទីផ្សារអេក្រង់បត់ក្នុងប្រទេសចិនប្រមាណតែ 1% ប៉ុណ្ណោះ។

មិនតែប៉ុណ្ណោះជាមួយនឹងវត្តមាន Galaxy Z Fold 6 ដែលមានតម្លៃធូរថ្លៃ ក៏នឹងជួយពង្រីកដែនទីផ្សារពិភពលោកសម្រាប់អេក្រង់បត់បន្ថែមទៀត ដែលបច្ចុប្បន្ន Samsung កំពុងនាំមុខគេ និងមានភាពលេចធ្លោជាងដៃគូប្រកួតប្រជែង ដែលមិនទាន់មានលទ្ធភាពអាចប្រកាសចេញ ឬចេញលក់ស្មាតហ្វូនអេក្រង់បត់របស់ពួកគេឱ្យបានទូលំទូលាយ។ យ៉ាងណាមិញ នេះគ្រាន់តែជាដំណឹងបឋមប៉ុណ្ណោះ ការសំរេចចិត្តរបស់ Samsung ក្នុងអភិវឌ្ឍន៍ផលិតស្មាតហ្វូនអេក្រង់បត់ដែលមានតម្លៃធូរថ្លៃហាក់នៅមានភាពមិនទាន់ច្បាស់លាស់នៅឡើយទេ។ Samsung នឹងធ្វើការប្រកាសចេញស្មាតហ្វូនបត់អេក្រង់ជំនាន់ថ្មី Galaxy Z Fold 6 នៅចុងខែកក្តដា ឬដើមខែសីហា ក្នុងឆ្នាំ 2024 នេះ៕
