
ក្រោយពីបានធ្វើការតេស្តភាពធន់ និងភាពឆ្កូតដោយការទម្លាក់ និងការឆ្កូតដោយក្រុមការងារ PBK reviews រួចមក ពេលនេះដល់ពេលដែលត្រូវធ្វើការវះកាត់មើលគ្រឿងបង្គុំខាងក្នុងរបស់បងធំ Samsung Galaxy S24 Ultra វិញម្តង។ ដោយក្រោយពីធ្វើការដោះថ្មចេញ យើងឃើញថា Galaxy S24 Ultra គឺពិតជាមានផ្ទៃនៃទំហំកញ្ចប់សារធាតុត្រជាក់ vapor chamber ធំជាងជំនាន់ Galaxy S23 Ultra ដែលចេញនៅឆ្នាំមុន។ ដូចនេះ វាផ្តល់នូវតុល្យភាពនៃភាពត្រជាក់បានល្អប្រសើរជាងមុន សម្រាប់ការលេងហ្គេម ដំណើរការថតរូប ដំណើរការប្រព័ន្ធមុខងារ AI និងការរក្សាតុល្យភាពរបស់ថ្មបានកាន់តែល្អប្រសើរផងដែរ។
សម្រាប់ម៉ូដែល US-Version នៃ Samsung Galaxy S24 Ultra គឺមានបង្កប់ប្រព័ន្ធអង់តែនសេវា 5G mmWare antenna នៅលើស៊ុមនៃទូរស័ព្ទ។ បើតាមការបញ្ជាក់ពី PBK បានឲ្យដឹងថា បើទោះបីជាបានប្តូរទៅប្រើប្រាស់ស៊ុម Titanium ក៏ពិតមែន ប៉ុន្តែ ភាពងាយជុសជុលសម្រាប់ Galaxy S24 Ultra គឺមានពិន្ទុ 9/10 ដែលងាយធ្វើការជុសជុលដូចគ្នានឹងជំនាន់មុន Galaxy S23 Ultra ដែរ។
ហើយបើតាមការធ្វើតេស្តទម្លាក់ និងការឆ្កូតដែលធ្វើដោយក្រុមការងារ PBK កាលពីម្សិលមិញ បានបង្ហាញថា Samsung Galaxy S24 Ultra គឺពិតជាមានភាពធន់ខ្លាំង ទោះបីជាធ្វើការទម្លាក់ជាច្រើនដងក៏ដោយក៏មិនធ្វើឲ្យមានខូចខាតខ្លាំងនោះទេ ដោយឃើញមានស្នាមប្រះ និងរលាត់តិចតូចប៉ុណ្ណោះ ជាពិសេសផ្ទៃអេក្រង់របស់ស្មាតហ្វូននេះតែម្តង គឺមានភាពធន់នឹងការកកិតឆ្កូតខ្លាំងមែនទែន នោះក៏ដោយសារតែបន្ទះអេក្រង់ Galaxy S24 Ultra បានប្រើប្រាស់បច្ចេកវិទ្យាអេក្រង់ការពារជំនាន់ថ្មី Coring Gorilla Glass Armor ដែលមានភាពធន់ខ្លាំងជាងជំនាន់ Glass Victus 2 នៅលើ Galaxy S23 Ultra ឆ្នាំមុន៕

