
Samsung បានធ្វើការប្រកាសចេញត្រកូលស្មាតហ្វូនជំនាន់ថ្មី Galaxy S24 Series ដែលមានដូចជា Galaxy S24, S24+ និង S24 Ultra កាលពីថ្ងៃទី 18 ខែមករា ឆ្នាំ 2024 ថ្មីៗនេះ។ ជាមួយគ្នានេះ ស្មាតហ្វូនជំនាន់ថ្មីនេះ ក៏បានទៅដល់ដៃរបស់អ្នកប្រើប្រាស់ ក៏ដូចជាក្រុមអ្នកធ្វើ reviews រួចរាល់ហើយដែរ។ ហើយនៅថ្ងៃនេះក្រុមការងាររបស់ PBKreveiws ក៏បានធ្វើតេស្តសាកល្បងភាពធន់របស់បងធំ Galaxy S24 Ultra ជាមួយការទម្លាក់ និងការឆ្កូតអេក្រង់ដោយប្រើប្រាស់ខ្សាច់ផងដែរ។
ការតេស្តដំបូងរបស់ PBK គឺការទម្លាក់ផ្កាប់ផ្ទៃអេក្រង់ពីកម្ពស់លើផ្ចិតទៅលើផ្ទៃថ្មខាងក្រោម ជាលទ្ធផលបង្ហាញថាការទម្លាក់លើកដំបូងនេះ គឺមិនធ្វើឲ្យផ្ទៃអេក្រង់ និងគែមស៊ុមខាងលើរបស់ S24 Ultra ឆ្កូត និងបែកខ្លាំងនោះទេ ដោយគ្រាន់តែបែកត្រង់កែងខាងលើផ្នែកខាងស្តាំបន្តិចប៉ុណ្ណោះ។ ចំនែកការទម្លាក់ផ្នែកស៊ុម និងផ្ទៃខ្នងខាងក្រោយរបស់ Galaxy S24 Ultra ក៏មិនធ្វើឲ្យមានការបែប ឬឆ្កូតខ្លាំងនោះទេ គ្រាន់តែមានការឆ្កូតតិចតួចប៉ុណ្ណោះនិងចុងក្រោយការធ្វើតេស្តការឆ្កូតអេក្រង់ដោយប្រើខ្សាច់គូសវាសពីលើក៏មិនធ្វើឲ្យមានការឆ្កូតលើផ្ទៃអេក្រង់នោះដែរ។

សូមបញ្ជាក់ថា Samsung Galaxy S24 Ultra គឺជាស្មាតហ្វូនដំបូងរបស់ Samsung ដែលបានប្រើប្រាស់ស៊ុមថ្មីប្រភេទ Titanium Frame។ ស្មាតហ្វូនជំនាន់ថ្មីមួយនេះ បានបំពាក់នូវអេក្រង់ Flat-Dynamic AMOLED 2X Display ទំហំ 6.8 អ៊ីង និងមានស្រោបផ្ទៃកញ្ចក់មុខក្រោយដោយសារធាតុកញ្ចក់ធន់ស្វិតជំនាន់ថ្មីរបស់ Corning ស៊េរី Gorilla Glass Armor ដែលមានភាពធន់នឹងការកកិតឆ្កូតខ្ពស់ជាងជំនាន់ Gorilla Glass Victus 2 ដែលប្រើនៅលើជំនាន់ Galaxy S23 Ultra៕
