
កាលពីខែកក្តដា ឆ្នាំ 2023 ក្រុមហ៊ុនផលិតស្មាតហ្វូន Honor បានធ្វើការប្រកាសចេញស្មាតហ្វូនអេក្រង់បត់ជំនាន់ទពីរ គឺ Honor Magic 2 នៅក្នុងប្រទេសចិន ប៉ុន្តែស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មីនេះ ក្រុមហ៊ុនមិនទាន់បាននាំចេញទៅប្រកាសចេញលក់នៅទីផ្សារផ្សេងក្រៅពីប្រទេសចិននៅឡើយទេ។ ដោយឡែកនៅពេលនេះ Honor បានសន្យាថា នឹងនាំយក Honor Magic V2 ទៅធ្វើការដាក់បង្ហាញលក់នៅទីផ្សារអឺរ៉ុប នៅក្រោយថ្ងៃនៃការដាក់តាំងបង្ហាញនៅក្នុងប្រារព្ធព្រឹត្តិការណ៍ IFA2024 នៅទីក្រុងប៊ែកឡាំង ប្រទេសអាល្លឺម៉ង់។ ប៉ុន្តែ ក្រុមហ៊ុនមិនបង្ហើបពីតម្លៃ និងព័ត៌មានលម្អិតនោះទេ។
ទោះជាយ៉ាងណា Honor ត្រៀមរៀបចំព្រឹត្តិការណ៍ពិសេសមួយនៅថ្ងៃទី 26 ខែមករា ស្អែកនេះ វេលាម៉ោង 2 PM CET (ម៉ោងក្នុងតំបន់) ដែលព្រឹត្តិការណ៍នោះ Honor អាចនឹងធ្វើការប្រកាសចេញពីតម្លៃ និងកាលបរិច្ឆេទចេញលក់ Magic V2។ Honor Magic V2 គឺជាស្មាតហ្វូនអេក្រង់បត់ដែលមានកម្រាស់ស្តើងបំផុតដែលស្តើងជាង iPhone 15 Pro Max ឬ Samsung Galaxy S24 Ultra ទៅទៀតនៅពេលបត់ ដូចនេះផ្តល់នៅភាពងាយស្រួលកាន់ប្រើប្រាស់ក្នុងដៃ ដាក់ក្នុងហោប៉ៅ ជាងស្មាតហ្វូនធម្មតាទៅទៀត។

ស្មាតហ្វូនបត់អេក្រង់ជំនាន់ថ្មីរបស់ Honor នេះ មានប្រព័ន្ធកាមេរ៉ាក្រោយបីគ្រាប់ភ្ជាប់នូវសែនស័រមេទំហំ 50MP, ប្រើបន្ទះឈីប Snapdragon 8 Gen 2, មានថ្មទំហំ 5,000mAh និងគាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនកំលាំង 66W Wired Fast Charging។ ហើយសម្រាប់ព្រឹត្តិការណ៍ប្រកាសចេញដែលត្រូវធ្វើឡើងនៅថ្ងៃទី 26 មករា ស្អែកនេះ នឹងត្រូវរៀបចំឡើងនៅមជ្ឈមណ្ឌល Porsche Experience Center ស្ថិនៅទីក្រុង Leipzig ប្រទេសអាល្លឺម៉ង់៕

