no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title

ក្រុមជើងឯកកម្ពុជា The Brilliant បានចំណាត់ថ្នាក់លេខ 3 ជាមួយនឹងប្រាក់ 5,000 ដុល្លារពីកម្មវិធីប្រកួតជួញដូរភាគហ៊ុន ស៊ីអាយអិមប៊ី ប្រចាំតំបន់អាស៊ាន

បន្ទាប់ពីធ្វើការប្រកួតប្រជែងយ៉ាងស្វិតស្វាញនៅក្នុងកម្មវិធីប្រកួតជួញដូរភាគហ៊ុន ស៊ីអាយអិមប៊ី ប្រចាំតំបន់អាស៊ាន ដែលជាព្រឹត្តិការណ៍ប្រឡងប្រជែងដ៏លេចធ្លោមួយថ្នាក់តំបន់របស់និស្សិតសាកលវិទ្យាល័យ។ ក្រុមជើងឯកតំណាងកម្ពុជា The Brilliant មកពីសាកលវិទ្យាល័យកម្ពុជា បាននាំកិត្តិយសជូនជាតិ ដោយទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ 3 រួមទាំងទទួលបានប្រាក់រង្វាន់ចំនួន 5,000 ដុល្លារអាមេរិក។ ជាមួយគ្នានេះ ក្រុមជើងថ្នាក់ថ្នាក់តំបន់ សម្រាប់ឆ្នាំនេះ បានទៅលើក្រុម The Management មកពីសាកលវិទ្យាល័យ Gadjah Mada University ប្រទេសឥណ្ឌូនេស៊ី ដែលទទួលបានប្រាក់រង្វាន់ 12,000 ដុល្លារអាមេរិក និងដំណើរទស្សនកិច្ចសិក្សា ទៅកាន់ក្រុមហ៊ុនផ្សារមូលបត្រតូក្យូ ប្រទេសជប៉ុនទៀតផង។

 

សំរាប់វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីប្រកួតជួញដូរភាគហ៊ុន ស៊ីអាយអិមប៊ី ប្រចាំតំបន់អាស៊ាន ដែលប្រព្រឹត្តទៅនៅប្រទេសឥណ្ឌូនេស៊ីនេះ មានក្រុមជើងឯកថ្នាក់ជាតិ មកពី 6 ប្រទេសនៅក្នុងតំបន់អាស៊ាន រួមមានប្រទេសកម្ពុជា ម៉ាឡេស៊ី សិង្ហបុរី ឥណ្ឌូនេស៊ី ថៃ និងប្រ៊ុយណេ សម្រាប់ការប្រកួតប្រជែងដ៏ស្វិតស្វាញ។ ក្នុងនោះ ក្រុម Team Litquidity Capital មកពីសាកលវិទ្យាល័យជាតិសិង្ហបុរី ទទួលបានចំណាត់លេខ 2 ជាមួយនឹងប្រាក់រង្វាន់ 8,00០ដុល្លារអាមេរិក។ ហើយក្រុម TA មកពីសាកលវិទ្យាល័យគ្រប់គ្រង និងវិទ្យាសាស្រ្ត ប្រទេសម៉ាឡេស៊ី ទទួលបានចំណាត់ថ្នាក់លេខ 4 ជាមួយនឹងប្រាក់រង្វាន់ 2,500 ដុល្លារអាមេរិក ខណៈដែលក្រុម Ray Kim មកពីសាកលវិទ្យាល័យឈៀងម៉ៃ ទទួលបានចំណាត់ថ្នាក់លេខ 5  ជាមួយនឹងប្រាក់រង្វាន់ 1,500ដុល្លារអាមេរិក ហើយក្រុម HIO មកពី Politeknik ប្រទេសប្រ៊ុយណេ ទទួលបានចំណាត់ថ្នាក់លេខ 6 ជាមួយនឹងប្រាក់រង្វាន់ 800ដុល្លារអាមេរិក។

 

លោកស្រី អ៊ុំ ចិន្តាភក្តី អគ្គនាយិកាធនធានក្រុមហ៊ុន របស់ធនាគារ CIMB បានឲ្យដឹងថា៖ «ស្របតាមចក្ខុវិស័យរបស់ស៊ីអាយអិមប៊ី គ្រុប ដែលជាធនាគារសកលឈានមុខគេមួយ ក្នុងតំបន់អាស៊ាន ក្នុងការលើកកម្ពស់ភាពរីកចម្រើនក្នុងតំបន់ នៃការអភិវឌ្ឍន៍សមត្ថភាពយុវជន យើងបានចូលរួមយ៉ាងសកម្មក្នុងការនាំយក និងរៀបចំកម្មវិធីប្រកួតជួញដូរភាគហ៊ុនថ្នាក់តំបន់នេះ មកកាន់និស្សិតខ្មែរយើង ដើម្បីលើកតម្កើងជំនាញ និងចំណេះដឹងវិនិយោគ ក៏ដូចជាការទទួលស្គាល់សក្តានុពល របស់និស្សិតក្នុងស្រុក ទៅកាន់ថ្នាក់តំបន់ និងលើឆាកអន្តរជាតិ។ ហើយយើងពិតជាមានមោទនភាពចំពោះក្រុមជើងឯកថ្នាក់ជាតិរបស់យើង ដែលតែងតែត្រឡប់មកវិញ ជាមួយនឹងជ័យលាភីគាប់ប្រសើរ ដល់សង្គមជាតិវិញ នាឆ្នាំកន្លងមក។ ជាក់ស្តែងឆ្នាំនេះ ក្រុមជើងឯកថ្នាក់ជាតិ The Brilliant ទទួលបានចំណាត់លេខ 3 ជាមួយនឹងប្រាក់រង្វាន់ 5,000 ដុល្លារអាមេរិក»។

 

កម្មវិធីប្រកួតជួញដូរភាគហ៊ុន ស៊ីអាយអិមប៊ី ប្រចាំតំបន់អាស៊ាន ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ2010មកម្ល៉េះ។ ហើយក្នុងឆ្នាំទី8នេះ កម្មវិធីប្រឡងប្រជែងនេះមានការចូលរួមពីប្រទេសប្រ៊ុយណេ ជាលើកដំបូង និងបានដាក់បញ្ចូលមុខងារពិសេស គឺកម្មវិធីជួញដូរភាគហ៊ុន តាម Mobile App និងកម្មវិធីវិភាគទស្សទាយទិន្នន័យទៀតផង។ ជាលទ្ធផល មានក្រុមចូលរួមប្រឡងប្រជែងសរុប រហូតដល់ 3,727 ក្រុម មកពី 200 សាកលវិទ្យាល័យ នៃប្រទេសទាំង6 ក្នុងតំបន់អាស៊ាន ដែលកើនឡើងប្រមាណ 7% លើសពីឆ្នាំមុន។ សម្រាប់ប្រទេសកម្ពុជា យើងបានចូលរួមប្រកួតប្រជែង ក្នុងរយៈពេល 4 ឆ្នាំចុងក្រោយផងដែរ។ គួរឲ្យកត់សម្គាល់ ក្រុមជើងឯកថ្នាក់ជាតិតំណាងកម្ពុជា ដណ្តើមបានជ័យលាភីជើងឯករង 2 ឆ្នាំដំបូងជាប់គ្នា ចំណាត់ថ្នាក់លេខ 4 ម្តង និងចំណាត់ថ្នាក់លេខ 3 ក្នុងឆ្នាំនេះផងដែរ។

 

សូមជំរាបថា កាលពីខែវិច្ឆិកា ឆ្នាំ 2017 កន្លងទៅនេះ កម្មវិធីប្រកួតជួញដូរភាគហ៊ុនស៊ីអាយអិមប៊ី ប្រចាំតំបន់អាស៊ាន បានប្រកាសក្រុមជើងឯកថ្នាក់ជាតិ នៅតាមប្រទេសទាំង 6 ដែលបានចូលរួមប្រឡងជែង។ ក្រុមកំពូលនេះ ត្រូវបានជ្រើសរើស ក្រោយពីប្រកួតប្រជែងគ្នា អស់រយៈពេល 3សប្តាហ៍ នៅតាមប្រទេសនីមួយៗ ដោយផ្អែកលើផលចំណេញជាភាគរយខ្ពស់បំផុត។ ហើយក្រុមកំពូល3នេះ ត្រូវដាក់បង្ហាញគម្រោងយុទ្ធសាស្រ្តរបស់ខ្លួន ហើយក្រុមដែលមានយុទ្ធសាស្រ្តល្អបំផុត គឺត្រូវបានជ្រើសរើសជា ក្រុមជើងឯកថ្នាក់ជាតិ។ យុទ្ធសាស្រ្តវិនិច្ឆ័យនេះ ផ្តោតសំខាន់លើការចាប់យកភាគហ៊ុន សម្រាប់ការចំណេញរយៈពេលវែង ព្រមទាំងមូលធនធៀបនឹងផលចំណេញរយៈពេលខ្លី។

 

សម្រាប់វគ្គផ្តាច់ព្រ័ត្រ ក្រុមជើងឯកថ្នាក់ជាតិ នៃប្រទេសទាំង 6 ត្រូវធ្វើបទបង្ហាញអំពីយុទ្ធសាស្រ្តជួញដូររបស់ខ្លួន ដែលបានយកមកប្រើប្រាស់ នៅក្នុងការប្រកួតប្រជែង ទៅដល់ចៅក្រមវិនិច្ឆ័យ រួមមានសមាសភាពមកពីគណៈគ្រប់គ្រងរបស់ CIMB នៃប្រទេសម៉ាឡេស៊ី សិង្ហបុរី ថៃ និងឥណ្ឌូនេស៊ី ព្រមទាំងច្រៅក្រមកិត្តិយស ពីផ្សារភាគហ៊ុនឥណ្ឌូនេស៊ីផងដែរ។ ក្រុមប្រកួតត្រូវបានវាយតម្លៃ ដោយផ្អែកលើយុទ្ធសាស្រ្តវិនិយោគរយៈពេលខ្លី និងវែង ការចាប់យកភាគហ៊ុន និងសមត្ថភាពសម្រេចចិត្តវិនិយោគ ក៏ដូចជាជំនាញ ក្នុងការប្រើប្រាស់កម្មវិធីវិភាគទស្សទាយទិន្នន័យផងដែរ។

 

ចំពោះដៃគូសហការនៃកម្មវិធីប្រកួតជួញដូរភាគហ៊ុនស៊ីអាយអិមប៊ី ប្រចាំតំបន់អាស៊ាន រួមមានក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី ក្រសួងអប់រំឧត្តមសិក្សានៃប្រទេសម៉ាឡេស៊ី ក្រុមហ៊ុនទូរគមនាគមន៍ Progresif Cellular ព្រមទាំងផ្សារភាគហ៊ុនប៊ូរសាម៉ាឡេស៊ី (Bursa Malaysia) ផ្សារភាគហ៊ុនឥណ្ឌូណេស៊ី (IDX) ផ្សារភាគហ៊ុនសិង្ហបុរី (SGX) ផ្សារភាគហ៊ុនថៃ (SET) ផ្សារភាគហ៊ុនកម្ពុជា (CSX) និងផ្សារភាគហ៊ុនហុងកុង (HKEx)។ សម្រាប់ព័ត៌មានលម្អិត អំពីកម្មវិធីប្រកួតជួញដូរភាគហ៊ុនស៊ីអាយអិមប៊ី ប្រចាំតំបន់អាស៊ាន សូមចូលទៅកាន់គេហទំព័រ https://stockchallenge.itradecimb.com/

 

no-alternative title
ព័ត៌មានពាណិជ្ជកម្ម