អ្នកណាមិនល្បី រឿងមធ្យោបាយធ្វើដំណើរក្នុងបេសកកម្មការងារល្បាតរបស់ប៉ូលិសក្រុងឌូបៃ ដោយរថយន្តសម្រាប់ប្រតិបត្តិការបង្ក្រាបបទល្មើសប្រចាំក្រុងឌូបៃ ប្រើសុទ្ធតែប្រភេទរថយន្តប្រដេញកំពូលល្បឿន ម៉ាកល្បីៗលំដាប់ពិភពលោក ដូចជា Porsche 918, Lamborghini Aventador និង Bugatti Veyron ជាដើម។ ថ្មីៗនេះ នាយកដ្ឋានសណ្ដាប់ធ្នាប់ប្រចាំទីក្រុងលំដាប់អភិជននេះ បានប្រកាសថា នឹងប្រើប្រាស់កំពូលរថយន្តដ៏ល្បីស៊េរីចុងក្រោយ ដែលទើបសម្ពោធត្រៀមលក់យ៉ាងកក្រើកក្នុងពិព័រណ៍រថយន្តប្រចាំឆ្នាំក្នុងទីក្រុង Los Angeles សហរដ្ឋអាមេរិក នាពេលកន្លងមកនេះ សម្រាប់ការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងបង្ក្រាប់រាល់បទល្មើសនានា ក្នុងទីក្រុងឌូបៃ គឺរថយន្ត Tesla Cybertruck ។ «រថយន្ត Tesla Cybertruck នឹងក្លាយជាយានជំនិះការពារសុវត្ថិភាពតាមដងផ្លូវ ក្នុងទីក្រុងឌូបៃ ប្រចាំប្រទេសអារ៉ាប់រួមរបស់យើង ក្នុងឆ្នាំ 2020 ខាងមុខ» នេះបើតាមការប្រកាសជាផ្លូវការណ៍លើបណ្ដាញសង្គម Twitter នាយកដ្ឋានការពារសន្តិសុខរបស់ប៉ូលិសឌូបៃ។
នាយកប្រតិបត្តិប្រចាំក្រុមហ៊ុនផលិតកំពូលរថយន្ត Tesla Cybertruck លោក Elon Musk បានបញ្ជាក់លើ Twitter របស់លោកថា៖ «រថយន្តអគ្គិសនី ប្រភេទ Pickup របស់ក្រុមហ៊ុន នឹងមិនមានការពន្យារពេលដល់ឆ្នាំ2021 នោះទេ។ ហើយពួកយើងក៏ស្មានដឹងមុនដែរថា រថយន្តរបស់ពួកយើង នឹងទទួលការបញ្ជាទិញក្នុងចំនួនណាមួយ ពីសំណាក់ប៉ូលិសក្រុងឌូបៃ ក្នុងចំណោមចំនួនរថយន្ត Tesla Cybertruck ដែលគ្រោងនឹងផលិតដំបូងចំនួន 250,000 គ្រឿងដំបូង។
ទន្ទឹមនឹងការបង្ហោះលើTwitter របស់ប៉ូលិសឌូបៃនេះ ក៏មានភ្ជាប់នូវរូបគំរូរថយន្តនេះ ដោយមានបិតតែមប៉ូលិសរួចស្រេច ព្រមទាំងសរសេរ caption ថា៖ នេះជារថយន្តប៉ូលិស Cybertruck ក្នុងឆ្នាំ 2020 ខាងមុខ។ «រថយន្តនេះ នឹងដាក់គោលដៅល្បាត នៅតាមតំបន់សំខាន់ៗមួយចំនួនក្នុងទីក្រុងឌូបៃជូនភ្ញៀវទេសចរ ដូចជាក្នុងតំបន់ Burj Khalifa, La Mer, តាមឆ្នេរJumeirah និងតាមមហាវិថី Sheikh Mohammed Bin Rashid ជាដើម»។ នេះបើតាមការបញ្ជាក់ របស់ប៉ូលិសក្រុងឌូបៃ លោក Abdullah Khalifa Al Marri ។
គួរបញ្ជាក់ថា ក្នុងពិព័រណ៍រថយន្តដ៏ធំប្រចាំឆ្នាំ នាទីក្រុង Los Angeles កាលពីថ្ងៃព្រហស្បតិ៍ ទី21 ខែវិច្ឆិកា កន្លងទៅនេះ លោក Elon Musk បានប្រកាសពីវត្តមាននៃរថយន្តភីកអាប់ Tesla Cybertruck ដ៏ទំនើប និងអស្ចារ្យ ដែលក្រុមហ៊ុនធ្លាប់បានសន្យាថានឹងផលិតយូរមកហើយ។ រថយន្តភីកអាប់ Tesla Cybertruck នេះ មាន 3 ជម្រើសសម្រាប់ដាក់ជូនអតិថិជនធ្វើការកុម៉្មង់ គឺប្រភេទជិះបាន 250ម៉ាយ, 300ម៉ាយ និង 500ម៉ាយ (800 គីឡូម៉ែត្រ) រាល់ពេលសាកថ្មម្ដង ហើយចំពោះតម្លៃរបស់វាគឺចាប់ពី 39,900ដុល្លារអាមេរិក៕