នាពេលថ្មីៗនេះ ក្រុមហ៊ុន Nissan ទើបតែដាក់រថយន្តជាច្រើនម៉ូឌែលរបស់ខ្លួនទៅក្នុងផលិតកម្មដែលក្នុងនោះ មានរថយន្តម៉ូឌែល Altima, Kicks, Sentra និង Versa ។ សម្រាប់រថយន្តស៊េរីថ្មីជាច្រើនម៉ូឌែលនេះ គឺនឹងជួយបង្កើនទៅលើការលក់ផងដែរ ប៉ុន្តែសម្រាប់ម៉ូឌែលដែលលក់ដាច់ខ្លាំងបំផុតនោះ គឺរថយន្ត Nissan Rogue ដែលមិនទាន់មានការឌីស្សាញរូបរាងថ្មីអ្វីនោះទេចាប់តាំងពីឆ្នាំ 2013 មកនៅពេលដែលវាបង្ហាញខ្លួនដំបូងបំផុតនៅក្នុងអ៊ឺរ៉ុបជាម៉ូឌែលរថយន្ត X-Trail នោះ។
ក្រុមហ៊ុន Nissan នឹងបង្ហាញនូវរថយន្ត SUVs ស៊េរីថ្មីជាច្រើនម៉ូឌែលរបស់ខ្លួននៅក្នុងឆ្នាំនេះដែលក្នុងនោះក៏មានម៉ូឌែលរថយន្តថ្មី Qashqai (ដែលនៅក្នុងសហរដ្ឋអាមេរិកគឺមានឈ្មោះហៅថា Rogue Sport)។ សម្រាប់រថយន្ត X-Trail (Rogue) ស៊េរីថ្មីនេះគឺស្ថិតនៅក្នុងដំណើរការនៃការផលិត និងមានរូបភាពជាច្រើនរបស់រថយន្តនេះដែលជាប្រភេទ compact crossover ដែលពិតជាមានរូបរាងទាក់ទាញ និងស្រស់ស្អាតខ្លាំងមែនទែន។
ខណៈពេលដែលពេលនេះ ទីផ្សារហាក់មានភាពស្ងប់ស្ងាត់ និងមនុស្សកាន់តែតិចដើរនៅលើដងផ្លូវនោះដោយសារតែការផ្ទុះឡើងនៃមេរោគកូរ៉ូណាវីរុសនោះ វាគឺជាឱកាសដ៏ល្អផងដែរសម្រាប់ក្រុមហ៊ុនផលិតរថយន្តជាច្រើនក្នុងការតេស្តទៅលើម៉ូឌែលថ្មីរបស់ខ្លួននៅលើផ្លូវសាធារណៈតែម្តង។ ប៉ុន្តែវាមិនអាចបញ្ឈប់នូវក្រុមអ្នកប្រម៉ាញ់រូបភាពក្នុងការថតរូបភាពរថយន្តស៊េរីថ្មីនេះនៅក្នុងការតេស្តទៅលើការបើកបររបស់វានៅក្នុងទីក្រុង Las Vegas, Nevada។
ផ្អែកទៅលើទំហំនៃគំរូរថយន្តដែលបង្ហាញនេះ មានការបង្ហាញយ៉ាងច្បាស់ថា រថយន្តនេះគឺជាប្រភេទ compact Rogue និងមិនមែនជាប្រភេទ sub-compact Rogue Sport នោះទេ។ រថយន្តនេះ មានរូបរាងដូចគ្នាទៅនឹងម៉ូឌែលរថយន្តបច្ចុប្បន្នដែរ ប៉ុន្តែផ្នែកខាងមុខរបស់រថយន្តនេះត្រូវបានឌីស្សាញឡើងដូចគ្នាទៅនឹងរថយន្ត Nissan Juke ដែលបង្ហាញខ្លួននៅក្នុងអ៊ឺរ៉ុបកាលពីឆ្នាំមុននេះ។ រថយន្ត Rogue ស៊េរីថ្មីនេះនឹងមានលក្ខណៈស្រដៀងគ្នាសម្រាប់ផ្នែកខាងមុខ និងស្ទាយ៍របស់វាជាមួយនឹងភ្លើងអំពូលមុខភ្លោះថ្មីផងដែរ។
យើងនៅមិនទាន់ដឹងនោះទេអំពីកម្លាំងម៉ាស៊ីនរបស់រថយន្ត Rogue ថ្មីនេះ ប៉ុន្តែយើងមិនមានការភ្ញាក់ផ្អើលនោះទេដែលរថយន្តនេះនឹងមានកម្លាំងម៉ាស៊ីន 2.5-liter four-cylinder engine ដែលដូចទៅនឹងរថយន្តម៉ូឌែល Altima ដែលមានកម្លាំងដល់ទៅ 182 hp (ដែលមានការបង្កើននូវកម្លាំងម៉ាស៊ីនដល់ទៅ 12 hp) ។ សម្រាប់រថយន្ត Rogue វិញនឹងប្រកាសបង្ហាញខ្លួននៅចុងឆ្នាំនេះជាម៉ូឌែលឆ្នាំ ២០២១ ។