កាលពីថ្ងៃសុក្រសប្តាហ៍មុននេះ ក្រុមហ៊ុន Xiaomi បានប្រកាសតែងតាំងលោក Yu Liguo អោយធ្វើជាអនុប្រធានថ្មីនៃអាជីវកម្មរថយន្តរបស់ខ្លួន។ យោងតាមការបង្ហាញនៅក្នុងសារអ៊ីម៉ែលមួយ បានទម្លាយថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិននេះ ក៏បង្កើននូវកិច្ចខិតខំប្រឹងប្រែងក្នុងការបង្ហាញខ្លួនសារជាថ្មីជាលើកដំបូងនៅក្នុងវិស័យនេះផងដែរ។
ប្រភពព័ត៌មានខាងលើនេះ បានសសេរថា លោកអនុប្រធានថ្មីនេះ នឹងទទួលខុសត្រូវនៅក្នុងការសម្របសម្រួលទៅលើកិច្ចការងារគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន Xiaomi Auto ដែលនឹងផ្តោតទៅលើការផ្សព្វផ្សាយអាជីកម្ម ស្ថាប័ន និងការកសាងទេពកោសល្យនៅក្នុងទីស្នាក់ការកណ្តាលរបស់ខ្លួននៅក្នុងទីក្រុងប៉េកាំង។ សូមជំរាបថា លោក Yu គឺបានចូលរួមជាមួយនឹងក្រុមហ៊ុន Xiaomi នៅក្នុងឆមាសទី 2 ឆ្នាំ 2021 កន្លងទៅនេះ។
លោក Yu គឺជាអតីតអគ្គនាយករបស់ក្រុមហ៊ុន BAIC ដែលគាត់គ្រប់គ្រងទៅលើផែនការយុទ្ធសាស្រ្តថាមពលថ្មី ការវិនិយោគ និងប្រតិបត្តិការបណ្តាក់ទុនរួមគ្នារបស់ក្រុមហ៊ុននេះ។ ក្រុមហ៊ុន BAIC Group គឺជាអ្នកគ្រប់គ្រងទៅលើក្រុមហ៊ុនផលិតរថយន្ត និងក្រុមហ៊ុនផលិតម៉ាស៊ីនជាច្រើនដែលមានទីតាំងនៅក្នុងទីក្រុងប៉េកាំង។
នៅក្នុងអំឡុងពេលដែលគាត់នៅក្នុងក្រុមហ៊ុន BAIC លោក Yu គឺជាអ្នកដឹកនាំទៅលើការបង្កើតម៉ាកយីហោ Arcfox EV ហើយគាត់ក៏ជាអគ្គនាយកផងដែរ។ អនុប្រធានថ្មីរបស់ក្រុមហ៊ុន Xiaomi Auto នេះក៏ទទួលបាននូវបណ្ឌិតផ្នែកវិស្វកម្មពីវិទ្យាស្ថានបច្ចេកវិទ្យាប៉េកាំងផងដែរ៕