យោងតាមប្រភពមួយដែលជិតស្និទ្ធទៅនឹងក្រុមហ៊ុន Porsche បានអោយដឹងថា ក្រុមហ៊ុនផលិតរថយន្តដ៏ធំរបស់ពិភពលោកមួយនេះ កំពុងតែពិភាក្សាជាមួយនឹងក្រុមហ៊ុន Google នៅក្នុងការដាក់បញ្ចូល Apps ជាច្រើនរបស់ក្រុមហ៊ុន Google និងសេវាកម្មជាច្រើនទៀតនៅលើប្រព័ន្ធ infotainment system នៅលើរថយន្ត។ ដូច្នេះ អ្នកប្រើប្រាស់រថយន្តទំនើបរបស់ក្រុមហ៊ុននេះ នឹងអាចចូលទៅកាន់ Apps ដើមប្រើប្រាស់នូវកម្មវិធីជាច្រើន រួមមានដូចជា Maps ដោយមិនចាំបាច់ភ្ជាប់ស្មាតហ្វូនទៅកាន់រថយន្តទៀតនោះទេ។
បន្ថែមពីនេះទៀតនោះ ក្រុមហ៊ុន Porsche ក៏បាននិយាយជាមួយនឹងក្រុមហ៊ុនជាច្រើនទៀតដូចជា Apple, Tencent, Alibaba និង Baidu នៅក្នុងការដាក់បញ្ចូលនូវកម្មវិធី Software នេះ ជាមួយនឹងផលិតផលជាច្រើនរបស់ខ្លួនផងដែរ បន្ទាប់ពីក្រុមហ៊ុន Porsche បានបញ្ចប់នូវកិច្ចសហការជាមួយនឹងកម្មវិធី Cariad software របស់ក្រុមហ៊ុន Volkswagen។ ការផ្លាស់ប្តូរនេះ គឺជាការងាកចេញ 180 ដឺក្រេសម្រាប់ក្រុមហ៊ុន Porsche ដែលនាយកប្រតិបត្តិរបស់ក្រុមហ៊ុននេះ ធ្លាប់បាននិយាយកាលពីពេលមុននេះថា ខ្លួននឹងមិនប្រើប្រាស់នូវ Google apps នៅលើរថយន្តរបស់ខ្លួននោះទេ ដោយសារតែក្រុមហ៊ុន Google បានចូលទៅយកទិន្នន័យជាច្រើនបស់អ្នកប្រើប្រាស់។
សូមជំរាបថា កន្លងមក មានក្រុមហ៊ុនផលិតរថយន្តជាច្រើនទៀត ដែលរួមមានដូចជា ក្រុមហ៊ុនផលិតរថយន្ត BMW ក៏បាននិយាយប្រមាណពីការប្រុងប្រយ័ត្នចំពោះក្រុមហ៊ុន Google ហើយក៏មានស្ទាក់ស្ទើរនៅក្នុងការផ្តល់សិទ្ធិក្នុងការចូលប្រើប្រាស់នៅលើរថយន្តជាច្រើនរបស់ពួកគេផងដែរ៕