Build Your Dreams ឬ BYD គឺជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីម៉ាកល្បីឈ្មោះរបស់ប្រទេសចិន ហើយក៏ជាម៉ាកយីហោរថយន្តដែលកំពុងមានទីផ្សារល្អខ្លាំងផងដែរនៅឯនាយសមុទ្ទ។ នៅក្នុងព្រឹត្តិការណ៍ប្រកាសចេញលក់រថយន្តអគ្គិសនីរបស់ខ្លួនកាលពីពេលថ្មីៗនេះនៅទៅផ្សារអឺរ៉ុប BYD បានគូសបញ្ជាក់ថា ខ្លួនបានចាប់ផ្តើមប្រតិបត្តិការទីផ្សាររបស់ខ្លួនដំបូងនៅខាងប៉ែកអឺរ៉ុបក្នុងឆ្នាំ 1998 ដែលមានបុគ្គលិកចំនួន 3 នាក់ រួមនឹងថវិកាចំនួន 3 ម៉ឺនដុល្លារអាមេរិក និងទូរកុងទីណ័រផ្ទុកអាគុយរថយន្តមួយប៉ុណ្ណោះ។ នៅក្នុងរយៈពេល 24 ឆ្នាំនៃប្រតិបត្តិការរបស់ខ្លួននៅទីផ្សារក្រៅស្រុក BYD បានរីកចម្រើនគួរឲ្យកត់សំគាល់ដោយមានវត្តមាននៅក្នុងប្រទេសជាង 20 ដែលផ្តល់ជូននូវដំណោះស្រាយការផ្ទុកថ្ម Battery Storage Solution, បន្ទះស្រូបពន្លឺព្រះអាទិត្យ Solar Panels និងចុងក្រោយគឺរថយន្តអគ្គិសនី។
នៅក្នុងព្រឹត្តិការណ៍កាលពីប៉ុន្មានថ្ងៃមុននេះនៅទីផ្សារអឺរុប BYD បានប្រកាសចេញរថយន្តអគ្គិសនីចំនួន 3 ម៉ូដែលដំបូងដែលនឹងមានលក់តាមរយះបណ្តាញក្រុមហ៊ុនដៃគូលក់រាយក្នុងទីផ្សារអឺរ៉ុប។ សម្រាប់រថយន្តអគ្គិសនីដំបូងរបស់ BYD ដែលបាននាំយកទៅប្រកាសចេញលក់នៅទីផ្សារអឺរ៉ុប គឺរួមមាន BYD Atto 3, Han និង Tang។ ដោយរថយន្តអគ្គិសនីទាំងបីម៉ូដែលនេះត្រូវបានធ្វើការអភិវឌ្ឍន៍ផលិតឡើងដោយប្រើ ePlatform និង LFP blade battery Packs របស់ក្រុមហ៊ុនផ្ទាល់។
BYD Atto 3 គឺស្ថិតក្នុងស្រឡាយរថយន្តអគ្គិសនីប្រភេទ C-Segment SUV និងចាប់ផ្តើមចេញលក់ក្នុងទីផ្សារអឺរ៉ុបក្នុងតម្លៃខ្ទង់ 38 ពាន់អឺរ៉ូ។ ម៉ូដែលនេះមានថាមពលអាចរថយន្តបានរយះចំងាយ 420 គីឡូម៉ែត្រ និងគាំទ្រកំលាំងសាកភ្លើងដល់ 11kW និងមុខងារ CCS Charging ដល់ 88kW។ សម្រាប់ម៉ូដែលបន្ទាប់ គឺ BYD Han ដែលជារថយន្តអគ្គិសនីទ្វារ 4 ដែលជារថយន្តអគ្គិសនី EV Sedan ដែលមានការឌីស្សាញរូបរាងយ៉ាងប្រណិតកម្រិត Premium មិនចាញ់ម៉ូដែល Mercedes EQE AMG 43 និង BMW i4 M50 ឡើយ។ ម៉ូដែល BYD Han មានតម្លៃខ្ទង់ 72 ពាន់អឺរ៉ូ។
សម្រាប់ម៉ូដែលចុងក្រោយគឺ BYD Tang ដែលរថយន្តអគ្គិសនីប្រភេទ SUV 7-កៅអី ដែលមានតម្លៃចាប់ពី 72 ពាន់អឺរ៉ូឡើងទៅ។ ម៉ូដែលនេះមានកំលាំង 517hp ដំណើរការដោយប្រព័ន្ធ AWD ឬ All Wheel Drive ឬប៉ុងពីរបង្វិលកង់ទាំងបួន។ BYD Tang មានអាគុយទំហំ 80kWh អាចរកចំងាយផ្លូវបាន 400 គីឡូម៉ែត្រ WLTP។ ទាំងការរចនាតួរខ្លួនវែង និងកំលាំងដំណើរការ គឺប្រដាំមប្រសងគ្នាជាមួយនឹងរថយន្ត BMW iX M50 និង Audi e-tron S ដែរ។
ក្រុមហ៊ុន BYD បាននឹងកំពុងរៀបចំបើកហាងលក់របស់ខ្លួននៅក្នុងតំបន់អឺរ៉ុបដែលមាននៅក្នុងប្រទេសដូចជា ន័រវេស ស៊ុយអែត ដាណឺម៉ាក ហូឡង់ អាល្លឺម៉ង់ អង់គ្លេស និងបារាំងជាដើមនៅមុនដំណាច់ឆ្នាំនេះ។BYD នឹងបើកឲ្យមានការបញ្ជាទិញមុនសម្រាប់រថយន្តអគ្គិសនីទាំងបីម៉ូដែលខាងលើរបស់ខ្លួននៅខែក្រោយនេះ បន្ទាប់ពីការដាក់តាំងពិព័រណ៍រថយន្តនៅទីក្រុងប៉ារីសនាថ្ងៃទី 17 ខែតុលា ឆ្នាំ 2022។ ហើយអតិថិជននឹងទទួលបានរថយន្ត BYD ថ្មីរបស់ពួកគេនៅអំឡុងថ្ងៃបុណ្យណូអែល៕