កាលពីម្សិលមិញនេះ ពោល គឺនៅល្ងាចថ្ងៃទី 25 ខែកក្តដា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី BYD បានធ្វើការប្រកាសចេញជាផ្លូវការណ៍នូវរថយន្តស៊េរីថ្មីម៉ូដែល BYD Song L DM-i និង Song Plus DM-i ដោយរថយន្តស៊េរីថ្មីទាំងពីរម៉ូដែលនេះ បានបំពាក់នូវប្រព័ន្ធបច្ចេកវិទ្យា DM5.0 PHEV System។ ហើយរថយន្តទាំងពីរម៉ូដែលនេះ គឺមានជម្រើស 5 ស៊េរីដូចគ្នា ដែលមានតម្លៃចាប់ពីខ្ទង់ $18,800 ដល់ $24,300។
រថយន្ត Hybrid ស៊េរីថ្មីទាំងពីរម៉ូដែលរបស់ BYD គឺបានបំពាក់នូវប្រព័ន្ធបច្ចេកវិទ្យា Hybrid ជំនាន់ទី 5 ឬ DM5.0 PHEV System នៅលើម៉ាស៊ីនចំនុះ 1.5-liter ដែលមានកំលាំង 74kW និងកំលាំងរមូល 126Nm ព្រមជាមួយនឹងការបំពាក់ម៉ូទ័រអគ្គិសនីមួយគ្រាប់កំលាំង 160kW និងកំលាំងរមូល 260Nm។ ដោយប្រព័ន្ធម៉ាស៊ីន Hybrid ជំនាន់ថ្មីនេះ គឺធ្វើការបានប្រសើរជាងប្រមាណ 46.06% ធៀបនឹងប្រព័ន្ធម៉ាស៊ីនជំនាន់មុខដែលប្រើនៅលើម៉ូដែល Qin L និង Seal 06 DM-i។
BYD Song L និង Song Plus DM-i ស៊េរីថ្មីនេះ មានជម្រើសបំពាក់កញ្ចប់អាគុយបីទំហំផ្សេងគ្នា គឺទំហំ 12.9kWh, 18.3kWh និង 26.6kWh ហើយអាចបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធបានក្នុងរយះចម្ងាយ 75km, 112km និង 160km ទៅតាមទំហំអាគុយនីមួយៗ នេះតាមការបញ្ជាក់ពីស្ថាប័ន CLTC។
ទៅលើកម្រិតស៊ីប្រេងឥន្ធនៈវិញ គឺម៉ូដែលនិមួយៗស៊ីពី 3.88L, 3.90L និង 3.93L ក្នុង 100km។ ហើយសម្រាប់រយះចម្ងាយដែល BYD Song L និង Song Plus DM-i ថ្មីអាចធ្វើបាន គឺដល់ 1,500km ឯណោះ។ សម្រាប់ការរចនារូបរាងខាងក្រៅរបស់ BYD Song L និង Song Plus DM-i គឺមានភាពល្អប្រណិតទាក់ទាញ។ រថយន្តស៊េរីថ្មីនេះជាប្រភេទរថយន្ត Compact SUV ដែលបំពាក់នូវយ៉ាន់កង់ទំហំ 19-inch ជាមួយការប្រើប្រាស់សម្បកកង់ស៊េរី Kumho tire។ រថយន្តស៊េរីថ្មីនេះ មានជម្រើសពណ៌ខៀវ Ice Blue ឬ Emerald Blue, ប្រផេះ Citrine Grey និងពណ៌ស Jade White។
BYD Song L DM-i មានទំហំវិមាត្រជារួម 4780mm x 1,898 x 1,670 mm ជាមួយគម្លាតចន្លោះកង់មុខក្រោយ 2,782mm។ ចំនែក Song Plus DM-i វិញមានទំហំវិមាត្ររួម 4,775 x 1,890 x 1,670 mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 2,765 mm។ នៅផ្នែកខាងក្នុងមានបំពាក់នូវអេក្រង់កម្សាន្តទំហំធំដល់ 15.6-inch នៅកណ្តាល រួមនឹងអេក្រង់បង្ហាញព័ត៌មានរថយន្ត LCD Instrument panel រួមនឹងមុខងារបង្ហាញលើកញ្ចក់មុខ HUD ផងដែរ។
អេក្រង់កម្សាន្តអាចភ្ជាប់ជាមួយមុខងារ DiLink 100 operating system គាំទ្រដោយបន្ទះឈីបទំហំ 6nm។ បន្ថែមពីនេះ នៅមានកន្លែងសាកថ្មទូរស័ព្ទឥតខ្សែកំលាំង 50W, មុខងារកម្តៅដៃចង្កូត, ប្រព័ន្ធ Speaker ចំនួន 10 គ្រាប់ និងប្រព័ន្ធជំនួយការបើកបរ DiPilot driver assistant ជាដើម៕