នៅថ្ងៃទី 29 ខែកក្តដា ម្សិលមិញនេះ ក្រុមហ៊ុន BYD បានប្រកាសផ្លូវការណ៍ថា ខ្លួនបានផលិត និងលក់រថយន្តអគ្គិសនីម៉ូដែល Song Plus បានចំនួន 1 លានគ្រឿង។ BYD Song Plus គឺជារថយន្តប្រភេទ New Energy ដែលមានជម្រើសទាំងប្រើថាមពលថ្មអគ្គិសនីសុទ្ធ និងប្រភេទ Plug-in-hybrid បំពាក់ប្រព័ន្ធ DM-i របស់ BYD ផ្ទាល់។ ហើយបច្ចុប្បន្ន Song Plus ត្រូវបានក្រុមហ៊ុនចរាចរណ៍ដាក់លក់នៅទីផ្សារអឺរ៉ុបក្រោមស្លាកឈ្មោះថា “ Seal U”។
ជាមួយការផលិត និងការលក់រថយន្តម៉ាក Song Plus បានចំនួនដល់ 1 លានគ្រឿង BYD ប្រើពេលប្រមាណជា 3 ឆ្នាំ ចាប់តាំងពីការប្រកាសចេញដំបូងនៅទីផ្សារក្នុងប្រទេសចិន។ BYD Song Plus Series ត្រូវបានប្រកាសជារថយន្តដំណើរការដោយថាមពលថ្មី ឬ New Energy Vehicles ប្រភេទ SUV។
រថយន្តអគ្គិសនីម៉ូដែលនេះត្រូវបានក្រុមហ៊ុនប្រកាសផ្លូវការណ៍នៅក្នុងឆ្នាំ 2020 ក្នុងនាមជារថយន្ត Compact-SUV ដែលស្ថិតនៅក្រោមម៉ូដែល BYD Tang។ សម្រាប់ម៉ូដែលដំបូងរបស់ Song Plus គឺមានបំពាក់នូវប្រព័ន្ធម៉ាស៊ីន Hybrid។ ក្រោយមកនៅក្នុងឆ្នាំ 2021 ក្រុមហ៊ុនបានបញ្ចេញម៉ូដែល Plug-in-hybrid ហៅថា BYD Song Plus DM-i និងម៉ូដែលប្រើថាមពលអាគុយអគ្គិសនីសុទ្ធហៅថា Song Plus EV នៅ
ទីផ្សារប្រទេសចិន។ ហើយនៅក្នុងឆ្នាំ 2022 ក្រុមហ៊ុនបានសម្រេចបញ្ឈប់ការផលិតម៉ូដែល Song Plus ដែលដំណើរការដោយម៉ាស៊ីនសាំង ដោយក្រុមហ៊ុនបានផ្តោតតែទៅលើការផលិត Song Plus ដែលដំណើរការដោយថាមពលអគ្គិសនីសុទ្ធ។
ហើយកាលពីថ្ងៃទី 25 ខែកក្តដា នេះ BYD ទើបតែបានប្រកាសចេញម៉ូដែលថ្មីស៊េរីឆ្នាំ 2025 Song Plus DM-i ដែលបំពាក់នូវប្រព័ន្ធ DM-i powertrain system ជំនាន់ទី 5។ ម៉ូដែល Song Plus DM-i 2025 គឺមានសមត្ថភាពអាចបើកបានចម្ងាយផ្លូវសរុបដល់ 1,500km ជាមួយកម្រិតស៊ីសាំងប្រមាណ 3.9L ក្នុង 100km ដែលសន្សំសំចៃជាង និងបើកបានចម្ងាយផ្លូវឆ្ងាយជាងប្រមាណ 25% បើធៀបនឹងជំនាន់ DM-i powertrain 4.0 ដែលមានកម្រិតស៊ីសាំង 4.5L/100km ហើយអាចបើកបានចម្ងាយផ្លូវ 1,200km។
សម្រាប់កញ្ចប់អាគុយដែលប្រើនៅលើម៉ូដែល Song Plus DM-i 2025 វិញ គឺមានពីរជម្រើសទំហំដូចគ្នានឹងជំនាន់មុនដដែល គឺទំហំ 18.3kWh និង 26.6kWh ជាប្រភេទ Blade battery pack ដែលអាចបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធបានចម្ងាយ 112km និង 160km នៅពេលសាកភ្លើងមួយពេញម្តង។ ហើយសម្រាប់ទំហំវិមាត្ររថយន្តជំនាន់ថ្មីឆ្នាំ 2025 ក៏រក្សាដូចជំនាន់មុនដដែល គឺ 4775/1890/1670mmជាមួយគម្លាតកង់មុខទៅកង់ក្រោយ 2,765mm។
រថយន្តម៉ាក Song Plus គឺជាស្រឡាយរថយន្តដែលធ្វើឲ្យ BYD ទទួលបានជោគជ័យធំបំផុតមួយ ហើយបច្ចុប្បន្នរថយន្តម៉ូដែលនេះកំពុងត្រូវបានផលិតនៅក្នុងប្រទេសចិន (Xi'an) និងនៅរោងចក្រក្រៅប្រទេសដូចជានៅក្នុងប្រទេសអ៊ូសបេគីស្ថានជាដើម។ BYD បាននាំយក Song Plus EV ទៅប្រកាសបង្ហាញចេញនៅអឺរ៉ុបក្នុងឆ្នាំ 2023 និងម៉ូដែល plug-in hybrid នៅឆ្នាំ 2024។ BYD បានប្រកាសចេញលក់ម៉ូដែល Song Plus plug-in hybrid នៅក្នុងប្រទេសអូស្ត្រាលី នូវែលសេឡង់ និងហ្វីលីពីនក្នុងឆ្នាំនេះ។ ម៉ូដែល Plug-in-hybrid និង pure-electric Song Plus លក់សរុបបានចំនួន 224,656 គ្រឿងនៅក្នុងឆមាសទីមួយឆ្នាំ 2024៕