Aito M7 Pro គឺជារថយន្តប្រណិតស៊េរីថ្មីមួយទៀតចេញពីម៉ាកយីហោរថយន្ត Aito ដែលជាម៉ាករថយន្តបង្កើតឡើងដោយការរួមសហការគ្នារវាងក្រុមហ៊ុនបច្ចេកវិទ្យា Huawei និងក្រុមហ៊ុនផលិតរថយន្ត Seres។ រថយន្តប្រណិត SUV ស៊េរីថ្មីនេះ ត្រូវបានក្រុមហ៊ុនធ្វើការប្រកាសចេញផ្លូវការណ៍កាលពីថ្ងៃទី 26 ខែសីហា កន្លងទៅថ្មីៗនេះ។
ការបញ្ជាទិញសម្រាបើរថយន្ត Aito M7 Pro គឺមានចំនួនកើនឡើងយ៉ាងឆាប់រហ័សដោយទទួលបានចំនួនដល់ 6 ពាន់គ្រឿងនៅត្រឹមរយះពេល 48 ម៉ោងបន្ទាប់ពីការប្រកាសចេញផ្លូវការណ៍។ Aito M7 Pro ត្រូវបានក្រុមហ៊ុនធ្វើការចេញលក់ជាមួយជម្រើសចំនួន 4 ស៊េរីផ្សេងគ្នាដោយមានតម្លៃចន្លោះពីខ្ទង់ $35,100 ដល់ $40,700។
Aito M7 Pro មានភាពខុសប្លែកពីម៉ូដែលបងរបស់វា គឺ Aito M7 Ultra បន្តិច ដោយសារតែ M7 Pro មិនបានបំពាក់នូវប្រព័ន្ធ Lidar ដែលជាជំនួយក្នុងការបើកបរកម្រិតខ្ពស់ដូចនឹងម៉ូដែល M7 Ultra នោះទេ ដោយវាបានជំនួសមកវិញនូវការបំពាក់ប្រព័ន្ធ Qiankun 3.0 ADS របស់ Huawei ដើម្បីផ្តល់នូវអនុភាពទៅលើមុខងារជំនួយការបើបរ Autopilot (NCA) សម្រាប់ផ្លូវហាយវេ និងផ្លូវល្បឿនលឿនក្នុងទីក្រុង និងមានមានមុខងារ urban navigation ដែលមាននៅលើម៉ូដែល M7 Ultra ផងដែរ។
ជាមួយគ្នានេះនៅលើម៉ូដែល Aito M7 Pro ត្រូវបានបំពាក់ដោយឈុតឧបករណ៍ចាប់សញ្ញាពិសេសៗ រួមមានដូចជា millimeter-wavelength radars, high-definition cameras, និង ultrasonic sensors ជាដើម។ រថយន្ត SUV ស៊េរីថ្មីរបស់ Aito មួយនេះមានទំហំវិមាត្រប្រហាក់ប្រហែលគ្នានឹង M7 Ultra ដែរ ក្នុងនោះមានប្រវែងបណ្តោយ 5,020mm/ ទទឹង 1,945mm និងកម្ពស់ 1,760mm និងគម្លាតរវាងកង់មុខក្រោយ 2,820 mm។
Aito M7 Pro មានជម្រើស 5 កៅអី និង 6 កៅអី ជាមួយការរចនាផ្នែកខាងក្រៅដូចគ្នាទៅនឹងម៉ូដែល M7 Ultra ផងដែរ។ ផ្នែកខាងក្នុងរួមមានកៅអីស្បែកប្រភេទ Nappa Leather seats, អេក្រង់បង្ហាញព័ត៌មាន LCD Cluster ទំហំ 10.25-inch និងអេក្រង់កម្សាន្តកម្រិតច្បាស់ 2K ទំហំ 15.6-inch។
Aito M7 Pro បំពាក់មកជាមួយម៉ាស៊ីនទំហំ 1.5T គួបផ្សំជាមួយនឹងកញ្ចប់ថ្មប្រភេទ Lithium iron phosphate ទំហំ 38.5 kWh។ បើតាមការបញ្ជាក់នៅលើបញ្ចីរបស់ស្ថាប័ន CLTC រថយន្ត SUV ស៊េរីថ្មីនេះអាចបើកបដោយប្រើថាមពលអាគុយអគ្គិសនីសុទ្ធបាន 200 គីឡូម៉ែត្រ និងនឹងអាចបើកបានដល់ 1,290 គីឡូម៉ែត្រដោយរួមបញ្ចូលជាមួយម៉ាស៊ីន។
រថយន្តនេះអាចជាន់ល្បឿនអតិបរិមាបានដល់ 190km/h។ សម្រាប់ការនាំចេញ Aito M7 Pro គឺបានចាប់ផ្តើមកាលពីថ្ងៃទី 27 ខែសីហា។ Seres ដែលជាក្រុមហ៊ុនផលិត Aito M7 Pro បានដាក់គោលដៅក្នុងការនាំចេញរថយន្តមួយនេះចំនួន 3,000 គ្រឿងសម្រាប់សប្តាហ៍ទីមួយ និងដល់ 1,000 គ្រឿងក្នុងរយះពេល 1 ខែដំបូង៕