
ក្រុមហ៊ុនរថយន្តម៉ាក Buick ដែលស្ថិតនៅក្រោមដំបូលរបស់ General Motors (GM) ទើបតែបានប្រកាសចេញលក់ឡាន sedan ប្រភេទ Plug-in-hybrid ថ្មីម៉ូដែល Electra L7 នៅទីផ្សារប្រទេសចិន ដោយមានតម្លៃចាប់ពីខ្ទង់ $23,820 ហើយរថយន្តថ្មីនេះ នឹងចាប់ផ្តើមធ្វើការនាំចេញនៅថ្ងៃទី 20 ខែ តុលា ខាងមុខនេះ។ Buick Electra L7 មានជម្រើសចំនួន 5 ម៉ូដែលផ្សេងគ្នា និងមានតម្លៃចាប់ពី 173,900 យាន់/ 186,900 យាន់/ 193,900 យាន់/ 206,900 ដល់ 219,900 យាន់ ឬប្រហែល $30,896។
Electra L7 ត្រូវបានផលិតឡើងដោយប្រើប្រាស់នូវប្រព័ន្ធស្ថាបត្យកម្មគ្រោងឆ្អឹង Xiao Yao Super Architecture ដោយមានប្រវែងតួរខ្លួនសរុប 5,032mm/ ទទឹង 1,952mm/ កំពស់ 1,500mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 3 ម៉ែត្រ។ ឡាន Plug-in-hybrid sedan ស៊េរីថ្មីមួយនេះ មានបំពាក់ដោយប្រព័ន្ធម៉ាស៊ីនចំណុះ 1.5L សម្រាប់ជំនួយដល់រយះចម្ងាយបើកបរបានឆ្ងាយ ដែលម៉ាស៊ីននេះអាចផលិតកម្លាំងបាន 115kW ផ្គួរផ្គងដំណើរជាមួយប្រព័ន្ធម៉ូទ័រអគ្គិសនីមួយមានកម្លាំង 252kW ឬស្មើរនឹង 338 សេះ។

Buick Electra L7 អាចជាន់ស្ទុះពីកុងទ័រ 0 ទៅ 100km/h ចាយពេលខ្ទង់ 5.9 វិនាទី និងអាចជាន់ល្បឿនកប់ (Top Speed) បានដល់ 200km/h។ Electra L7 ត្រូវបានបំពាក់នូវកញ្ចប់ថ្មប្រភេទ Ultium battery pack ទំហំ 40.2kWh របស់ GM ដែលថ្មនេះត្រូវបានផលិតឡើងដោយក្រុមហ៊ុន Zenergy ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាង CATL and SAIC Motor។
ដែលកញ្ចប់ថ្មនេះ អាចកាន់ថាមពលសម្រាប់ធ្វើដំណើរបានចម្ងាយ 302km នៅពេលសាកភ្លើងពេញម្តង។ ហើយសម្រាប់ការបើកបរដោយប្រើគូបជាមួយម៉ាស៊ីនចាក់សាំងពេញម្តងអាចជិះបានដល់ចម្ងាយ 1,420km។ ទៅលើប្រព័ន្ធសុវត្ថិភាពបើកបរវិញ Buick Electra L7 គាំទ្រដំណើរការដោយប្រព័ន្ធ ADAS របស់ក្រុមហ៊ុន SAIC ដែលជាប្រព័ន្ធ autonomous driving អភិវឌ្ឍន៍ឡើងដោយក្រុមហ៊ុន Momenta គាំទ្រនូវប្រព័ន្ធ Momenta R6 end-to-end large model។ ដែលប្រព័ន្ធជំនួយការបើកបរនេះត្រូវបានរួមបញ្ចូលនូវមុខងារ urban Navigation on Autopilot (NOA) និង parking assistance។ សម្រាប់ការបញ្ជាមុខងារទូទៅនៅលើ Electra L7 គឺពឹងផ្អែកទាំងស្រុងទៅលើបន្ទះឈីប Qualcomm SA8775P cockpit chip។

តាមរបាយការណ៍បានបង្ហាញថា ការលក់រថយន្តប្រភេទ PHEV ឬ Plug-in-hybrid នៅទីផ្សារប្រទេសចិនចាប់ពីខែ មករា ដល់ ខែសីហា ឆ្នាំ 2025 គឺមានចំនួន 732,000 គ្រឿង កើនឡើងប្រមាណ 7.33% ពីមួយឆ្នាំទៅមួយឆ្នាំ។ ស្របពេលដែលការចែកចាយលក់រថយន្តអគ្គិសនីសុទ្ធ ឬ BEV ក្នុងរយះពេលដូចគ្នា គឺមានចំនួនដល់ទៅ 4,612,000 គ្រឿង កើនឡើងប្រមាណ 32.20% ធៀបពីមួយឆ្នាំទៅមួយឆ្នាំ៕




