នៅក្នុងព្រឹត្តិការណ៍តាំងពិព៌រណ័ 2024 Chengdu Auto Show កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីជួរមុខ BYD (Built Your Dreams) បានធ្វើការដាក់បង្ហាញចេញផ្លូវការណ៍រថយន្តអគ្គិសនីស៊េរីថ្មីម៉ូដែល BYD Seal 06 GT ដែលរថយន្តអគ្គិសនីស៊េរីថ្មីនេះ នឹងត្រូវចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសចិននៅពាក់កណ្តាលខែកញ្ញានេះ។ BYD Seal 06 GT មានតម្លៃចាប់ពីខ្ទង់ $21,150 ដល់ $28,200 នៅទីផ្សារប្រទេសចិន។
BYD Seal 06 GT ត្រូវបានផលិតឡើងដោយឈរនៅលើប្រព័ន្ធគ្រោងឆ្អឹង Ocean-M Concept ជាមួយការបំពាក់នូវកំលាំងថាមពលខ្លាំង និងបច្ចេកវិទ្យាទំនើបកម្រិតខ្ពស់។ រថយន្តអគ្គិសនីស៊េរីថ្មីនេះ ក៏នឹងមានវត្តមាននៅលើទីផ្សារសកលចាប់ពីដើមឆ្នាំ 2025 ខាងមុខនេះផងដែរ។ BYD Seal 06 GT ដំណើរការលើប្រព័ន្ធ e-platform 3.0 Evo របស់ BYD ផ្ទាល់ដែលធ្វើឲ្យរថយន្តស៊េរីថ្មីនេះមានរូបរាងខាងក្រៅប្រកបដោយភាពប្រណិត ស្រស់ស្អាត ទំនើបទាន់សម័យ។ Seal 06 GT មានបណ្តោយខ្លួនប្រវែង 4,630mm/ ទទឹង 1,880mm/ កម្ពស់ 1,490mm និងគម្លាតចន្លោះកង់មុខក្រោយ 2,820mm។
នៅផ្នែកខាងក្នុងរបស់ BYD Seal 06 GT មានបំពាក់នូវប្រព័ន្ធអេក្រង់កម្សាន្តទំហំធំដល់ទៅ 15.6-inch Touchscreen នៅកណ្តាល រួមជាមួយអេក្រង់បង្ហាញព័ត៌មាន Instrument LCD Panel ទំហំ 10.25-inch និងមានមុខងារបង្ហាញលើកញ្ចក់ដំបូលមុខ (head-up display) បានទំហំ 12-inch ផងដែរ។
រថយន្តនេះមានកន្លែងសាកថ្មទូរស័ព្ទឥតខ្សែ និងប្រព័ន្ធតភ្ជាប់កម្រិតខ្ពស់ high-end DiLink 100 intelligent cockpit system ដែលគាំទ្រនូវមុខងារបញ្ជាដោយសំឡេង voice control និង 3D vehicle management ថែមទៀតផង។
មកផ្នែក Powertrain វិញ BYD Seal 06 GT មានជម្រើសប្រើម៉ូទ័រអគ្គិសនីមួយ និងពីរ។ សម្រាប់ជម្រើសប្រើម៉ូទ័រអគ្គិសនីមួយ ឬ Single-motor មានជម្រើសពីរកំលាំង គឺ 160kW និងកំលាំងរមូល 310Nm ហើយនិងជម្រើស 165kW និងកំលាំងរមូល 330Nm។
ចំនែកជម្រើសម៉ូដែលប្រើម៉ូទ័រអគ្គិសនីពីរ ឬ Dual-motor វិញ គឺមានបំពាក់នូវប្រព័ន្ធម៉ូទ័រសម្រាប់កង់មុខកំលាំង 110kW និងសម្រាប់កង់ក្រោយកំលាំង 200kW ដែលផ្តល់នូវអនុភាពកំលាំងជាន់ស្ទុះល្បឿនពី 0 ទៅ 100km/h ប្រើពេលខ្ទង់ 4.9 វិនាទី។ BYD Seal 06 GT បំពាក់កញ្ចប់អាគុយពីរជម្រើសទំហំ គឺទំហំ 59.53kWh និងទំហំ 72.96kWh ដែលសាកភ្លើងមួយពេញម្តងអាចបើកបានចម្ងាយផ្លូវ 505km, 605km និង 550km នេះបើតាមការបញ្ជាក់ស្តង់ដារពីស្ថាប័ន CLTC៕