កាលពីថ្ងៃទី 19 ខែតុលា ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការប្រកាសចេញលក់រថយន្តអគ្គិសនីប្រភេទ Pickup ម៉ូដែល Shark PHEV នៅទីផ្សារប្រទេសប្រេស៊ីល ដោយមានតម្លៃចាប់ពីខ្ទង់ $66,700 ឡើងទៅ។ ការបើកសម្ភោធចេញលក់រថយន្ត Pickupស៊េរីថ្មីនេះ ត្រូវបានរៀបចំធ្វើឡើងនៅតំបន់ Goiania ដែលជាទឹកដីកសិកម្មដែលជាបេះដូងរបស់ប្រទេសប្រេស៊ីល។
BYD Shark PHEV Pick up ត្រូវបានក្រុមហ៊ុនបើកទទួលការកក់មុននៅក្នុងប្រទេសប្រេស៊ីលកាលពីថ្ងែទី 03 ដើមខែតុលានេះ ហើយបើតាមរបាយការណ៍បានបញ្ជាក់ថា រថយន្ត Pickup truck ស៊េរីថ្មីនេះទទួលបានការកក់មុនចំនួន 1,500 គ្រឿងក្នុងរយះពេល 20 ថ្ងៃគិតចាប់ពីថ្ងៃបើកទទួលការកក់មក។ លោក Henrique Antunes នាយកពាណិជ្ជកម្មនៃក្រុមហ៊ុន BYD ប្រចាំនៅប្រេស៊ីល មានគម្រោងជម្រុញការលក់ Shark PHE Pick up ឲ្យបានចន្លោះពី 10,000 ទៅ 15,000 គ្រឿងក្នុងមួយឆ្នាំ ដែលនឹងជំរុញឱ្យ BYD Shark PHE Pick up ក្លាយជារថយន្តប្រភេទភីកអាប់ខ្នាតមធ្យមស្ថិតក្នុងចំនោមចំនួនប្រាំស៊េរីដែលលក់ដាច់បំផុតរបស់ប្រទេសប្រេស៊ីល។
បច្ចុប្បន្ននេះ BYD កំពុងផ្តល់ជូននូវឧបករណ៍សាកថាមពលពន្លឺព្រះអាទិត្យ ឧបករណ៍សាកថ្មចល័ត និងការធានារ៉ាប់រងរយៈពេលមួយឆ្នាំដោយឥតគិតថ្លៃ ជាមួយនឹងការកក់ទុកនីមួយៗជាការលើកទឹកចិត្ត។ BYD Shark នឹងក្លាយជារថយន្តឈានមុខគេធៀបនឹង Toyota Hilux និង Ford Ranger ដែលលក់ដាច់បំផុត។ បច្ចុប្បន្នរថយន្តប្រភេទ Pick up ដែលប្រើម៉ាស៊ីនសាំង និងម៉ាស៊ូតកំពុងនាំមុខនៅលើទីផ្សារ។ BYD Shark ដែលចេញលក់នៅទីផ្សារប្រេស៊ីលក្នុងពេលនេះ គឺជាម៉ូដែលបន្តពីម៉ូដែលមុនដែលក្រុមហ៊ុនបានចេញលក់នៅក្នុងប្រទេសម៉ិកស៊ិកកាលពីអំឡុងខែឧសភាដែលមានតម្លៃខ្ទង់ $53,400។
BYD Shark គឺជារថយន្ត Pickup PHEV ស៊េរីថ្មីដែលផលិតឡើងតាមប្រព័ន្ធស្តង់ដារ DMO Platform របស់ក្រុមហ៊ុន ដែលដូចគ្នានឹងម៉ូដែល Fang Cheng Bao Bao 5 ដែរ ជាមួយតួររថយន្តត្រូវបានរចនាឡើងបែប body-on-frame platform សម្រាប់ប្រភេទរថយន្ត PHEV។ Shark មានប្រវែងបណ្តោយ 5,457mm/ ទទឹង 1,971mm/ កំពស់ 1,925mm និងគម្លាតចន្លោះកង់មុខក្រោយ 3,260mm។ រថយន្ត Pickup ស៊េរីថ្មីនេះអាចបន្ទុកទំងន់នៅខាងក្រោយបាន 835 គីឡូក្រាម និងសមត្ថភាពអូសណ្តោងទំងន់បានដល់ 1,500 គីឡូក្រាម។
រថយន្ត Pickup PHEV របស់ក្រុមហ៊ុនចិនមួយនេះដំណើរការនៅលើប្រព័ន្ធម៉ាស៊ីន Hybrid ចំនុះ 1.5T Engine ដែលអាចផលិតកំលាំងបាន 170kW ជាមួយប្រព័ន្ធម៉ូទ័រអគ្គិសនីមុខក្រោយ ដោយម៉ូទ័រខាងមុខមានកំលាំង170kW និងកំលាំងរមូល 310Nm ខណៈម៉ូទ័រខាងក្រោយមានកំលាំង 150kW និងកំលាំងរមូល 340Nm។ បើសរុបកំលាំងបញ្ចូលគ្នាទាំងម៉ាស៊ីន និងម៉ូទ័រទាំងពីរធ្វើឲ្យរថយន្តមួយនេះអាចផលិតកំលាំងបានដល់ 320kW និងកំលាំងរមូល 650Nm។
BYD Shark ប្រើប្រាស់កញ្ចប់ថ្មអគ្គិសនីប្រភេទ lithium iron phosphate battery ទំហំ 29.58kW ដែលសាកភ្លើងពេញម្តងអាចបើកដោយប្រើថាមពលអគ្គិសនីសុទ្ធបាន 100km និងបានដល់ 840km ដោយរួមបញ្ចូលជាមួយការចាក់សាំងមួយពេញ។ ក្រុមហ៊ុន BYD បាននឹងកំពុងធ្វើការពង្រីកដែនទីផ្សារនៃរថយន្ត Shark PHEV Pickup របស់ខ្លួនជាបន្តបន្ទាប់។ រថយន្តស៊េរីថ្មីមួយនេះ ត្រូវបានគេដឹងថា ត្រៀមធ្វើការប្រកាសចេញលក់នៅលើទីផ្សារអូស្ត្រាលីនាថ្ងៃទី 29 ចុងខែតុលា ខាងមុខនេះផងដែរ ហើយការចេញលក់ផ្លូវការណ៍អាចនឹងត្រូវធ្វើឡើងនៅចុងឆ្នាំនេះ៕