ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Xiaomi បាននឹងកំពុងអង្រួនទីផ្សាររថយន្តអគ្គិសនីជាមួយនឹងភាពជោគជ័យដ៏ត្រចះត្រចង់នៅក្នុងទីផ្សាររថយន្តអគ្គិសនីជាមួយរថយន្តអគ្គិសនីដំបូងរបស់ខ្លួន គឺ SU7 Series។ បើផ្អែកទៅលើតួរលេខផ្លូវការរបស់ក្រុមហ៊ុនបានបញ្ជាក់ថា រថយន្តអគ្គិសនី Sedan ដំបូងរបស់ខ្លួន គឺ SU7 ត្រូវបានប្រគល់ជូនដល់ដៃអតិថិជនជាងចំនួន 150,000 នាក់កាលពីឆ្នាំមុន (2024)។ ដែលនេះ គឺជាសមិទ្ធិផលដ៏ធំធេងបំផុតសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi ដែលបានបង្ហាញពីវត្តមាននៃការរីកចម្រើនយ៉ាងឆាប់រហ័សនៅក្នុងឧស្សាហកម្មរថយន្ត។
សម្រាប់តួរលេខនៃការនាំចេញបានចំនួនលើកការគ្រោងទុកនេះ គឺបានមកពីទិន្នផលនៃការនាំចេញនៅក្នុងខែធ្នូ ដោយ Xiaomi បានធ្វើការចែកចាយរថយន្ត SU7 ជាង 25,000 គ្រឿង។ ទន្ទឹងនឹងភាពជោគជ័យជាមួយ SU7 Series ក្រុមហ៊ុនបានកំណត់គោល ដៅសម្រាប់ការនាំចេញក្នុងឆ្នាំ 2025 នេះ ដោយនឹងជម្រុញការការចែកចាយរថយន្ត Sedan របស់ខ្លួនឲ្យបានចំនួន 300,000 គ្រឿង ដែលជាចំនួនទ្វេរដងធៀបនឹងឆ្នាំ 2024។
Xiaomi SU7 បានធ្វើការចេញលក់ផ្លូវការណ៍នៅចុងខែមីនា ឆ្នាំ 2024 ប៉ុន្តែ រថយន្តអគ្គិសនីប្រណិតមួយនេះ ទទួលបានតម្រូវការខ្លាំងពីសំណាក់អ្នកប្រើប្រាស់ ដែលបានជម្រុញឲ្យ Xiaomi បង្កើនការផលិតជាបន្តបន្ទាប់ដើម្បីបំពេញតម្រូវការរបស់អតិថិជន។
Xiaomi SU7 មានសមាជិកចំនួន 3 ម៉ូដែល មានដូចជា ម៉ូដែល SU7 Standard, SU7 Pro, និង SU7 Max ដែលផ្តល់នូវជម្រើសតម្លៃដល់អតិថិជនតម្រូវតាមថវិកា។ សម្រាប់ម៉ូដែល SU7 មានតម្លៃខ្ទង់ €26,900, ម៉ូដែល SU7 Pro មានតម្លៃខ្ទង់ €30,600 និងម៉ូដែល SU7 Max មានតម្លៃខ្ទង់ €37,300។
ស្ថាបនិកក្រុមហ៊ុន Xiaomi លោក Lei Jun បានបង្ហាញសមត្ថភាពចូលចតរថយន្តស្វ័យប្រវត្តិរបស់ SU7 កាលពីពេលថ្មីៗនេះ រួមជាមួយការបង្ហាញចេញម៉ូដែល SU7 ជំនាន់ពិសេសជាមួយនឹងពណ៌ផ្នែកខាងក្រៅពណ៌ក្រហមដ៏ទាក់ទាញ ហើយក៏ជាម៉ូដែលគម្រប់ ខួប 15 ឆ្នាំរបស់ក្រុមហ៊ុន Xiaomi ផងដែរ។ ហើយម៉ូដែលពិសេស ឬ Red Special Edition SU7 នឹងចាប់ផ្តើមធ្វើការចែកចាយនៅខែមីនាខាងមុខនេះ។
ក្នុងឆ្នាំ 2025 នេះ Xiaomi ត្រូវបានគេដឹងថា បានត្រៀមប្រកាសចេញរថយន្តម៉ូដែលកំពូលរបស់ខ្លួនក្នុងគ្រួសារ SU7 Sedan និងរថយន្តម៉ូដែលទីពីរជាប្រភេទ SUV ដែលគេស្គាល់ថាជា YU7 SUV។ ចំពោះសមាជិកថ្មីក្នុងគ្រួសារ SU7 គឺជាម៉ូដែល SU7 Ultra ដែលជារថយន្តអគ្គិសនីប្រភេទ Supercar ដ៏មានអនុភាពដំបូងរបស់ Xiaomi ហើយវាត្រូវបានគេដឹងថា មានតម្លៃដល់ទៅជាង 11 ដុល្លារអាមេរិកឯណោះ។
SU7 Ultra អាចនឹងប្រកាសចេញលក់ផ្លូវការណ៍ក្នុងខែមីនា ឆ្នាំ 2025។ ចំនែកម៉ូដែល Xiaomi YU7 SUV វិញ អាចនឹងបង្ហាញវត្តមានលើទីផ្សារក្នុងខែមិថុនា ឬខែកក្តដា ឆ្នាំ 2025 ម៉ូដែលថ្មីនេះអាចនឹងមានតម្លៃចាប់ពីខ្ទង់ជាង $30,000 ឡើងទៅ ហើយក៏ជាម៉ូដែលគោលដៅក្នុងការប្រគូតប្រជែងជាមួយរថយន្ត Tesla Model Y ក្នុងទីផ្សារប្រទេសចិនផងដែរ៕