
ក្រុមហ៊ុនផលិតរថយន្តប្រទេសស៊ុយអែត Polestar ត្រៀមធ្វើការប្រកាសចេញលក់រថយន្តអគ្គិសនីស៊េរីថ្មីរបស់ខ្លួនម៉ូដែល Polestar 4 Estate នៅលើទីផ្សារសកលក្នុងត្រីមាសទី 4 នៃឆ្នាំ 2026។ ជាមួយគ្នានេះ Volvo ដែលជាក្រុមហ៊ុនមេក៏ត្រៀមប្រកាសចេញឡានអគ្គិសនីស៊េរីថ្មីចំនួន 3 ម៉ូដែលនៅក្នុងឆ្នាំ 2028 នេះបើតាមការបញ្ជាក់ពីក្រុមហ៊ុន។ Polestar មានក្តីរំពឹងជាខ្លាំងថា ការលក់របស់ Polestar 4 Estate នឹងអាចជួយបង្កើនចំនួននៃការលក់ឡានរបស់ខ្លួនឡើងវិញ។
សូមបញ្ជាក់ថា Polestar បានបិទហាងលក់រថយន្តផ្ទាល់របស់ខ្លួននៅក្នុងទីផ្សារប្រទេសចិនក្នុងខែតុលា ឆ្នាំ2025 ក្រោយពីទិន្នន័យការលក់បានធ្លាក់ចុះខ្លាំង។ យោងតាមទិន្នន័យពី China EV DataTracker, Polestar មានការនាំចេញរថយន្តចំនួនត្រឹមតែ 287 គ្រឿងប៉ុណ្ណោះនៅក្នុងទីផ្សាររាជាណាចក្រកណ្តាល “Middle Kingdom” ការលក់ធ្លាក់ចុះប្រមាណ 83.3%។

ក្នុងឆ្នាំ 2025 កន្លងទៅ Polestar លក់រថយន្តនៅទីផ្សារសកលបានចំនួន 60,119 គ្រឿង កើនឡើង 34% ធៀបពីមួយឆ្នាំទៅមួយឆ្នាំ “YoY”។ ទោះជាយ៉ាងណា Polestar ត្រូវបានគេរាយការណ៍ថា បានបាត់បង់ប្រាក់ចំណូលប្រមាណ 1.558 ពាន់លានដុល្លារនៅត្រីមាសទី 1 និងទី 3 ក្នុងឆ្នាំ 2025។
Polestar មានគម្រោងក្នុងការនាំយករថយន្តអគ្គិសនីស៊េរីថ្មីចំនួន 4 ម៉ូដែលមកកាន់ទីផ្សារពិភពលោកនៅត្រឹមឆ្នាំ 2028 ដោយក្នុងនោះ គឺមានម៉ូដែល Polestar 4 Estate មួយផងដែរ។ បច្ចុប្បន្ន ម៉ូដែល Polestar 4 បានក្លាយជាឡានអគ្គិសនីដែលលក់ដាច់ខ្លាំងបំផុតរបស់ក្រុមហ៊ុន ដោយម៉ូដែលនេះ ផលិតឡើងដោយប្រើប្រាស់នូវស្ថាបត្យកម្មគ្រោងឆ្អឹង SEA Modular Architecture ដែលអភិវឌ្ឍន៍ផលិតដោយ Geely។
ចំនែកម៉ូដែលថ្មីជំនាន់ថ្មីរបស់ Polestar 4 គឺ Polestar 4 Estate នឹងចូលខ្លួនមកជំនួសម៉ូដែលបច្ចុប្បន្ននៅត្រីមាសទី 4 ក្នុងឆ្នាំ 2026។ ក្នុងរដូវក្តៅឆ្នាំ 2025, Polestar ក៏នឹងមានការប្រកាសចេញលក់ឡានស៊េរីថ្មីម៉ូដែល Polestar 5 ប្រភេទ Four-door GT ជាផ្លូវការណ៍ផងដែរ ដោយម៉ូដែលនេះត្រូវបានបង្ហាញនូវគំរូផលិតកម្មផ្លូវការណ៍នៅក្នុងឆ្នាំ 2025 រួចហើយ។

ក្នុងរបាយការណ៍បានបញ្ជាក់ថា Polestar 5 Four-door GT មានបំពាក់កញ្ចប់ថ្មទំហំ 112kWh និងដំណើរការដោយប្រព័ន្ធម៉ូទ័រអគ្គិសនី 2 អាចផលិតកម្លាំងសរុបបាន 650kW ឬ 472hp ដែលអាចជាន់ស្ទុះល្បឿនពីកុងទ័រ 0-100km/h ចាយពេលខ្ទង់ 3.2 វិនាទីប៉ុណ្ណោះ។ នៅដើមឆ្នាំ 2027, Polestar ត្រូវបានគេដឹងថា នឹងមានការប្រកាសចេញជំនាន់ទីពីរនៃម៉ូដែល Polestar 2 ដែលជាឡានអគ្គិសនីប្រភេទ Fastback Crossover រួមនឹងម៉ូដែល Polestar 7 ជាឡាន Compact SUV ដែលអាចនឹងចេញលក់នៅក្នុងឆ្នាំ 2028។ Polestar បានព្យាករណ៍ថា ការលក់រថយន្តរបស់ខ្លួននឹងមានការកើនឡើងខ្លាំងឡើងវិញប្រមាណ 2 ខ្ទង់ ដោយសារតែមានចំណែកទីផ្សារកើនឡើងនៃម៉ូដែល Polestar 4 ក្នុងឆ្នាំនេះ៕





