ថ្មីៗនេះ ក្រុមហ៊ុន Sony បានប្រកាសថា ខ្លួននឹងចាប់ផ្តើមបញ្ចេញនូវប្រព័ន្ធប្រតិបត្តិការ Android 8.0 Oreo សម្រាប់ស្មាតហ្វូន Xperia XZ Premium ចាប់ពីថ្ងៃទី 23 ខែតុលានេះតទៅ។ Sony បានក្លាយជាក្រុមហ៊ុនផលិតស្មាតហ្វូន Android ដំបូងបំផុតបន្ទាប់ពីក្រុមហ៊ុន Google ដែលធ្វើបច្ចុប្បន្នភាពទៅកាន់ប្រព័ន្ធប្រតិបត្តិការ Android Oreo នេះសម្រាប់ស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនបន្ទាប់ពីវាមានតម្រូវការកើនឡើងខ្លាំងនៅក្នុងរយៈពេល 12 ខែចុងក្រោយនេះ។ ក្រៅពីដំណឹងនៃការធ្វើបច្ចុប្បន្នភាពនេះតាមរយៈ Sony Mobile Blog ក្រុមហ៊ុន Sony ក៏ពិភាក្សាអំពីមុខងារថ្មីៗមួយចំនួនទៀតដែលនឹងអាចប្រើប្រាស់នៅលើស្មាតហ្វូន XZ Premium បានក្រោយពេលធ្វើបច្ចុប្បន្នភាពនៅលើ Software រួចនោះ។
ពេលនេះ ក្រុមហ៊ុន Sony បាននឹងកំពុងតែចែកចាយនូវកម្មវិធី 3D Scanning របស់ខ្លួនដែលមានឈ្មោះថា 3D Creator ទៅកាន់ស្មាតហ្វូន XZ Premium ដែលប្រកាសបង្ហាញខ្លួននៅដើមខែកញ្ញានោះ។ មុខងារនេះ បានបង្ហាញខ្លួនដំបូងបំផុតនៅលើស្មាតហ្វូន Xperia XZ1 និង XZ1 Compact ហើយវាអនុញ្ញាតឱ្យលោកអ្នកធ្វើការស្កេនទៅលើវត្ថុអ្វីមួយដោយប្រើប្រាស់នូវបច្ចេកវិទ្យា 3D Render បានយ៉ាងអស្ចារ្យ។ មុខងារនេះក៏ភ្ជាប់ជាមួយនឹងមុខងារនៃប្រព័ន្ធកាមេរ៉ាថ្មីចំនួនពីរបន្ថែមទៀតគឺ Predictive Capture (smile) និង Autofocus Burst ។ Predictive Capture ត្រូវបានប្រើប្រាស់ច្រើនមកហើយនៅពេលដែលលោកអ្នកថតសំដៅទៅលើការចាប់ដោយស្វ័យប្រវត្តិនៅពេលលោកអ្នកញញឹម។ វាអាចថតរបភាពបានច្រើន ដូចនេះលោកអ្នកអាចរើសរូបភាពណាមួយដែលពេញចិត្តបានយ៉ាងងាយ។ ចំនែកមុខងារ Autofocus burst សម្រាប់កាត់បន្ថយនូវការថតរូបភាព Blur ទៅលើវត្ថុមួយដែលមានចលនានោះ។
ក្រៅពីការធ្វើបច្ចុប្បន្នភាពទៅលើរឿងទាំងនេះ ក្រុមហ៊ុន Sony ក៏បានពង្រឹងទៅលើឧបាល័រផ្នែកខាងមុខ និងការប្រើប្រាស់នូវប្រព័ន្ធសំឡេង aptX HD Audio ថែមទៀត។ ក្រុមហ៊ុនបច្ចេកវិទ្យា Sony នឹងនាំយកនូវការធ្វើបច្ចុប្បន្នភាពនេះសម្រាប់ស្មាតហ្វូនជាច្រើនស៊េរីបន្ថែមទៀត។ សម្រាប់ព័ត៌មានថ្មីៗ សូមតាមដាននូវ @SonyMobileNews នៅលើបណ្តាញសង្គម Twitter ៕