ក្រុមហ៊ុនផលិតស្មាតហ្វូន InFocus បានបញ្ចេញទូរស័ព្ទស៊េរីថ្មីមួយម៉ូដែលទៀតដើម្បីបំពេញតម្រូវការទីផ្សាររបស់អ្នកប្រើប្រាស់ដែលមានឈ្មោះថា InFocus M808។ ម៉ូដែលថ្មីនេះត្រូវបានក្រុមហ៊ុនផលិតឡើងយ៉ាងពិសេសមានភាពរឹងមាំជាមួយតួរផលិតពីលោហះធាតុ និងក្រាលដោយកញ្ចក់នៅផ្ទៃខាងមុខ។ ទន្ទឹមនឹងនេះ InFocus M808 ក៏មានភ្ជាប់មកជាមួយនូវចំនុចពិសេសៗល្អៗជាច្រើនផងដែរសម្រាប់ប្រើប្រាស់ទូទៅប្រចាំថ្ងៃ។
រូបរាង និងរចនាបទ
ស្មាតហ្វូនស៊េរីថ្មីរបស់ InFocus មួយនេះមានតួរខ្លួនស្រោបដោយលោហះធាតុដ៏រឹងមាំដែលមានទំហំវិមាត្រ 147.7 x 73.2មម, កម្រាស់ 7.56មម និងទំងន់ 155 ក្រាម។ នៅចំហៀងខាងស្តាំរបស់វាយើងឃើញមានបង្កប់រន្ធក្នុងតួរចំនួនពីរដែលមួយប្រើសម្រាប់ដាក់ស៊ីមកាត និងមួយទៀតសម្រាប់ដាក់ម៉េមូរីកាត, ងាកមកចំហៀងខាងឆ្វេងវិញឃើញមានប៊ូតុងបិទបើក-ចាក់សោរទូរស័ព្ទនៅខាងលើ និងប៊ូតុងកំនត់សម្លេងរោទិ៍នៅពីក្រោម។
រន្ធដោត USB, ឧប៉ាល័រសម្លេង ជាមួយរន្ធម៉ិចស័រស្របសម្លេងនៅខាងក្រោមទូរស័ព្ទ រីឯខាងលើទូរស័ព្ទមានរន្ធដោតកាសខ្នាត 3.5មម។ ផ្ទៃខាងមុខរបស់ InFocus M808 ក្រាលដោយកញ្ចក់ទំហំ 5.2” ហើយនៅពីក្រោមកញ្ចក់លម្អរដោយអក្សរ InFocus ខាងលើមានកាមេរ៉ា ឧប៉ាល័រស្តាប់ការសន្ទនា និងស៊ិនស័របិទពន្លឺអេក្រង់។ រាល់ការបញ្ជាមុខងារ និងកម្មវិធីទាំងឡាយគឺស្ថិតលើកញ្ចក់អេក្រង់របស់វាទាំងអស់។
ត្រឡប់មកផ្នែកខាងក្រោយវិញយើងឃើញមានរចនាបថប្លែកភ្នែកតែម្តងដោយនៅមួយផ្នែកខាងលើរំលេចដោយផ្ទៃពណ៌ខ្មៅមានបង្កប់ដោយកាមេរ៉ា អំពូល LED Flash និងរន្ធស្រូបសម្លេងថតវីដេអូ ហើយនៅផ្ទៃកណ្តាលមានរំលេចនូវអក្សរ InFocus ពណ៌ខ្មៅពាក់កណ្តាល និងទឹកប្រាក់ពាក់កណ្តាល ព្រមទាំងមានឆ្នូតពណ៌ខ្មៅកាត់ទទឹងតួរនៅគាកគែមលើក្រោមផងដែរ។ InFocus M808 មានពីរពណ៌សម្រាប់ជ្រើសរើសគឺទឹកប្រាក់ និងទឹកមាស។
កញ្ចក់អេក្រង់
InFocus M808 បំពាក់ដោយកញ្ចក់អេក្រង់ប្រភេទ LCD ទំហំ 5.2” អាចទ្រទ្រង់ការបង្ហាញរូបភាព-វីដេអូបានកម្រិត Full-HD ឬ 1080x1920px។ កញ្ចក់អេក្រង់របស់ M808 ផ្ទុកដោយកម្រិតពណ៌ 16.7 លានពណ៌ដែលជួយធ្វើឲ្យអេក្រង់របស់វាបង្ហាញរូបភាព និងវីដេអូបានច្បាស់ល្អទាំងពណ៌ និងពន្លឺ។
កំលាំងម៉ាស៊ីន
រាល់ប្រតិបត្តិការងារទាំងឡាយនៅលើម៉ូដែលនេះគឺពឹងផ្នែកលើបន្ទះឈីប MediaTek MT6753 ដែលមានភ្ជាប់មកជាមួយអង្គគណនាចំនួនប្រាំបីគ្រាប់ប្រភេទ octa-core ល្បឿន 1.3GHz ជាមួយនឹងរ៉េមទំហំ 2GB។ កំលាំងម៉ាស៊ីនរបស់ប៉ុណ្ណឹងគឺអាចឲ្យយើងដំណើរកម្មវិធី លេងហ្គេមក្រាហ្វិកមធ្យមៗនិងមុខងារទូទៅលើវាបានរលូនល្អគួរសម។ជាពិសេសម៉ូដែលមួយនេះអាចប្រើប្រាស់បានជាមួយប្រព័ន្ធសេវា 4G LTE Cat-4 ដែលធ្វើឲ្យការប្រើប្រាស់ទិន្នន័យអ៊ីនធើណិត (Mobile Data) បានលឿនរហ័រថែមទៀតផង។
ជាមួយគ្នានេះដែរ M808 ក៏មានភ្ជាប់មកជាមួយ អង្គផ្ទុកទិន្នន័យស្រាប់ក្នុងម៉ាស៊ីនទំហំ 16GB និងអាចបន្ថែមបានរហូតដល់ទៅ 128GB ជាមួយម៉េមូរីកាតប្រភេទ microSD។ ដោយឡែកសម្រាប់ថ្មរបស់វាវិញគឺមានទំហំរាងតូចបន្តិចត្រឹមតែ 2,450mAh ប៉ុណ្ណោះ ប៉ុន្តែ មិនជាអ្វីនោះទេវាក៏អាចកំដរការប្រើប្រាស់របស់យើងបានជិតមួយថ្ងៃផងដែរ ហើយបើយើងមិនសូវមានតម្រូវការប្រើប្រាស់ច្រើនគឺវាមានលទ្ធិភាពបានជិតពីរថ្ងៃដែរ។
កាមេរ៉ាថតរូប និងវីដេអូ
នៅលើម៉ាស៊ីនទូរស័ព្ទថ្មីមួយនេះបំពាក់កាមេរ៉ាក្រោយទំហំ 13 មេហ្គាភិចសែល អមដោយភ្លើង LED flash ជំនួយការថតរូបនៅទីដែលមានពន្លឺខ្សោយ និងអាចថតរូបភាពបានកម្រិត 75 ដឺក្រេ។ ចំនែកកាមេរ៉ាមុខវិញមានទំហំ 5.0 មេហ្គាភិចសែលសម្រាប់ប្រើក្នុងថតរូបសែលហ្វី និងប្រើជាមួយវីដេអូខល។
ប្រព័ន្ធប្រតិបត្តិការ
Infocus M808 ត្រូវបានក្រុមហ៊ុនដាក់ឲ្យដំណើរការលើប្រព័ន្ធប្រតិបត្តិការ Android ជំនាន់ Lollipop v5.1 ជាមួយយួស័រអ៊ីនធើហ្វេសរបស់ក្រុមហ៊ុនផ្ទាល់តែម្តង។ ហើយសម្រាប់កម្មវិធី និងមុខងារប្រើប្រាស់ទូទៅនៅលើម៉ូដែលនេះឃើញថាសម្បូរបែបផងដែរទាំងមុខងារមានស្រាប់នៅលើប្រតិបត្តិការ និងបន្ថែមដោយក្រុមហ៊ុន InFocus។ InFocus M808 ជម្រើសស្មាតហ្វូនដ៏ល្អមួយសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃរបស់លោកអ្នក៕