កាលពីល្ងាចថ្ងៃទី 24 វិច្ឆិកា 2016 នៅផ្សារក្រោមដី នៃសណ្ឋាគារណាហ្កាវើល ក្រុមហ៊ុននាឡិកា G-Factory Casio ដែលជាផលិតផលរបស់ប្រទេសជប៉ុន បានបើកដំណើរការលក់ជាផ្លូវការហាងដាក់តាំងលក់នាឡិកាដៃថ្មីមួយបន្ថែមទៀត នៅផ្សារទំនើប Naga City Walk ក្រោមដី ដោយហាងថ្មីនេះ គឺបាននាំចូលផលិតផលនាឡិកាដៃម៉ូដែលថ្មីៗជាច្រើនប្រភេទទៀតសម្រាប់ទីផ្សារនៅក្នុងប្រទេសកម្ពុជា។ ពិធីបើកសម្ពោធដំណើរការហាងលក់នាឡិកានេះ បានប្រារព្ធឡើងនៅផ្សារក្រោមដី នៃសណ្ឋាគារណាហ្កាវើលដោយមានអ្នកចូលរួមយ៉ាងច្រើនផងដែរ ។
យោងតាមប្រសាសន៍របស់ លោក គួច ណាវ នាយកប្រតិបត្តិមជ្ឈមណ្ឌលនាឡិកាស្វីស អោយដឹងថា ចាប់តាំងពីដំណើរការក្រុមហ៊ុន មជ្ឈមណ្ឌលនាឡិកាស្វីសរហូតមកដល់ពេលនេះ គឺមានរយៈពេល 23 ឆ្នាំមកហើយ ព្រមទាំងទទួលបានទំនុកចិត្តចំពោះផលិតផលដែលក្រុមហ៊ុនធ្វើចរាចរណ៍ជូនអតិថិជននៅក្នុងទីផ្សារប្រទេសកម្ពុជា ។
មិនតែប៉ុណ្ណោះ បណ្ដាក្រុមហ៊ុនល្បីៗលើពិភពលោក ក៏បានមកទំនាក់ទំនងផ្ដល់សិទ្ធិផ្ដាច់មុខសម្រាប់នាំចូល និងចែកចាយដូចជាក្រុមហ៊ុ Casio Computer Co., Ltd របស់ប្រទេសជប៉ុនជាដើម បានផ្ដល់សិទ្ធិផ្ដាច់មុខនាឡិកាម៉ាក់ Casio តាំងពីដើមខែមេសា ឆ្នាំ 2014 កន្លងមកនេះ ហើយរហូតមកដល់បច្ចុប្បន្ន ក្រុមហ៊ុនបានបើកដំណើរការ ហាងនាឡិកា G-Factory Casio នៅខាងកើតផ្សារថ្មីកាលពីថ្ងៃទី 28 មករា ឆ្នាំ 2015 និងបើកហាងមួយទៀតនៅ កោះពេជ្រកាលពីខែកញ្ញា 2015 កន្លងទៅ ។
លោកបន្តថា ក្រៅពីប្រទេសកម្ពុជា ក្រុមហ៊ុនទាំងពីរ ក៏បានសហការគ្នា បើកដំណើរការហាងលក់នាឡិកាដៃ ម៉ាក G-Factory Casio នៅប្រទេសឡាវពីរកន្លែងផងដែរ ទី 1 នៅផ្សារទំនើប Vientiane Center និងមួយទៀតនៅ Vientiane Capital ទីក្រុងវៀងច័ន្ទ។ លោកបញ្ជាក់ផងដែរថា នៅក្នុងឱកាសបើកដំណើរការហាងថ្មីនៅ Naga City Walk ក្រោមដីនេះដែរ ក្រុមហ៊ុនក៏នឹងផ្ដល់កម្មវិធីពិសេសជូនអតិថិជន ដោយរាល់ការជាវនាឡិកា ម៉ាក G-Shock , Baby-G , Edifice , PROTREK , SHEEN មួយគ្រឿងនឹងថែមជូននាឡិកាដៃម៉ាក Casio មួយគ្រឿងឥតគិតថ្លៃ ហើយកម្មវិធីនេះ នឹងផ្ដល់ជូនចាប់ពីថ្ងៃទី 24 ដល់ថ្ងៃទី 26 ខែវិច្ឆិកា 2016 នៅហាង G-Factory Casio ក្រោមដីនៃសណ្ឋាគារណាហ្កាវើលតែប៉ុណ្ណោះ ។
លោក Atsushi Yamaoka អ្នកគ្រប់គ្រងទូទៅ ក្រុមហ៊ុន Casio Computer Co., Ltd បានអោយដឹងថា នៅលើទីផ្សារមានផលិត ផលជាច្រើនម៉ាក ច្រើនម៉ូដែល ត្រូវប្រកួតប្រជែងគ្នា ដើម្បីអោយអតិថិជនយល់ដឹង ក៏ដូចជាស្គាល់ផលិតផលរបស់ខ្លួន G-Factory Casio បានពង្រឹងគុណភាពកាន់តែខ្លាំងឡើងថែមផ្ដល់ជូនអតិថិជន ទូទាំងសកលលោក ក្នុងនោះក៏មានកម្ពុជាផងដែរ ។ ជាក់ស្ដែងហាងលក់នាឡិកាដៃម៉ាក G-Factory ដ៏ទំនើបនៅក្រោមដី នៃសណ្ឋាគារណាហ្កាវើលនេះ គឺជាការបង្ហាញអោយអតិថិជនបានស្គាល់កាន់តែច្បាស់នូវម៉ាកផលិតផលរបស់យើង។ លោកបន្តថា សព្វថ្ងៃនេះ ផលិតផលរបស់ G-Factory Casio មានវត្តមាននៅបណ្ដាប្រទេសប្រមាណជាង 60 នៅលើពិភពលោក ហើយសម្រាប់ទីផ្សារប្រទេសកម្ពុជាវិញ ក៏មានសកម្មភាពល្អប្រសើរ បើមិនចឹងទេ ក៏យើងមិនអាចបើកហាងជាបន្តបន្ទាប់បានដែរ ៕