ដូចការព្រៀងទុក ដោយនៅទីបំផុត Samsung បានប្រកាសចេញកំពូលស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនគឺ Galaxy S21 Series កាលពីរាត្រីថ្ងៃទី 14 យប់មិញនេះ នៅក្នុងព្រឹត្តិការណ៍ Galaxy Unpacked 2021។ កំពូលស្មាតហ្វូនជំនាន់ថ្មីគ្រួសារ Galaxy S21 Series រួមមានម៉ូដែល S21, S21+ និង S21 Ultra។ ហើយនៅក្នុងអត្ថបទនេះយើងមកនិយាយពីម៉ូដែល S21 និង S21+ ដោយម៉ូដែល Ultra ក្រុមការងារគេហទំព័រយើងខ្ញុំបានរៀបចំអត្ថបទផ្សេងដាច់ដោយឡែកមួយទៀតរួចហើយ (ចូលទៅកាន់អាសយដ្ឋាននេះដើម្បីអានអត្ថបទ S21 Ultra: https://www.eworldmagz.com/international-news/gLF9e.html
បើយើងពិនិត្យទៅលើការឌីស្សាញរូបរាងខាងក្រៅនៃកំពូលស្មាតហ្វូនជំនាន់ថ្មីទាំងបីនាក់បងប្អូននេះគឺមានផ្ទៃខាងមុខដូចគ្នាទៅនឹងជំនាន់ S20 Series ដែលចេញនាដើមឆ្នាំដដែល ប៉ុន្តែគ្រាន់តែមានការឌីស្សាញថ្មីត្រង់កញ្ចប់លែនកាមេរ៉ាតែប៉ុណ្ណោះ ដោយប្តូរពីរាងចតុកោណកែងស្មើរដាំនៅជិតចំហៀងនៃគែមខាងឆ្វេង មកជាលែនដែលហៀរមកស្រោបភ្ជាប់បន្ស៊ីជាមួយនឹងគែមស៊ុមខាងឆ្វេង និងខាងលើរបស់ទូរស័ព្ទតែម្តង។ Galaxy S21 មានកម្រាស់ 7.9mm ជាមួយទំងន់សរុប 169 ក្រាម និង Galaxy S21+ មានកម្រាស់ 7.8 ជាមួយទំងន់សរុប 200 ក្រាម។ ស្មាតហ្វូនជំនាន់ថ្មីទាំងពីរម៉ូដែលនេះមានជម្រើសពណ៌ប្រផេះ (Phantom Gray), ពណ៌ស (Phantom White), ពណ៌ស្វាយ (Phantom Violet), និងពណ៌ផ្កាឈូក (Phantom Pink)។
Samsung Galaxy S21 បំពាក់មកជាមួយនឹងអេក្រង់ទំហំ 6.2 អ៊ីញ និង Galaxy S21+ មានអេក្រង់ទំហំ 6.7 អ៊ីញ ដែលជាប្រភេទបន្ទះបង្ហាញ Infinity-O Dynamic AMOLED 2X មានលែនទំលុះត្រង់ថ្ងាសដូចគ្នា។ អេក្រង់របស់ស្មាតហ្វូនទាំងពីរស៊េរីនេះទ្រទ្រង់កម្រិត refresh rate 120Hz ជាមួយកម្រិតបង្ហាញចេញត្រឹម Full-HD+ ទ្រទ្រង់បច្ចេកវិទ្យាបង្ហាញ HDR10+ ជាមួយដង់ស៊ីតេភាពច្បាស់ 412ppi និងកម្រិតពន្លឺ 1300 nits ដូចគ្នាផងដែរ។ បន្ថែមពីនេះកញ្ចក់អេក្រង់របស់ Galaxy S21/S21+ ត្រូវបានស្រោបការពារដោយកញ្ចក់ Corning Gorilla Glass Victus។
ងាកមកប្រព័ន្ធកាមេរ៉ាថតរូបរបស់ពូកវាវិញគឺមានកាមេរ៉ាមុខមួយគ្រាប់ជាលែនទំលុះថ្ងាសអេក្រង់ទំហំ 10MP ទ្រទ្រង់នូវមុខងារ Dual-Pixel កម្រិត F/2.2 ហើយសម្រាប់កាមេរ៉ាក្រោយគឺមាន 3 គ្រាប់ក្នុងនោះវាប្រើប្រាស់លែនគោលទំហំ 12MP (F/1.8) ភ្ជាប់នូវមុខងារ Dual-Pixel AF និង OIS, លែន Ultra wide 120o ទំហំ 12MP (F/2.2) និងលែន Telephoto ទំហំ 64MP (F/2.0) ភ្ជាប់នូវមុខងារ Phase Detection អាចពង្រីកប្លង់ថតបាន 3x Optical Zoom និង Digital Zoom បាន 30x ព្រមទាំងភ្ជាប់នូវមុខងារ OIS ផងដែរ។ ប្រព័ន្ធកាមេរ៉ារបស់ Galaxy S21/S21+ មានសមត្ថភាពផលិតសាច់វីដេអូបានក្នុងកម្រិត [email protected] ដូចជំនាន់មុនដដែលរួមជាមួយមុខងារ Ultra Steady Video សម្រាប់ទប់រំញ័រសាច់វីដេអូ។
សម្រាប់កំលាំងម៉ាស៊ីនរបស់ Galaxy S21 និង S21+ វិញគឺអូសដោយកំពូលឈីប Qualcomm Snapdragon 888-5nm និង Samsung Exynos 2100-5nm ភ្ជាប់ដោយរ៉េមទំហំ 8GB ជាមួយអង្គផ្ទុកទិន្នន័យក្នុងម៉ាស៊ីនស្រាប់ចាប់ពី 128GB ដល់ 256GB ប៉ុន្តែមិនអាចដាក់បន្ថែមទំហំផ្ទុកខាងក្រៅជាមួយ microSD បានទេ។ ទាំង Galaxy S21 និង S21+ ប្រសូត្រចេញមកជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Android 11 និងស្រោបដោយផ្ទៃ One UI3.1 ដូចគ្នា។ Galaxy S21 មានថ្មទំហំប៉ុនជំនាន់ S20 ដែលចេញឆ្នាំទៅមិញដែរគឺទំហំ 4,000mAh ខណៈដែលថ្មរបស់ Galaxy S21+ មានទំហំ 4,800mAh ធំជាងថ្មរបស់ S20+ ដែលចេញឆ្នាំទៅមិញ 300mAh។
ស្មាតហ្វូនទាំងពីរស៊េរីនេះទ្រទ្រង់បច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនកំលាំង 25W និង Wireless Charge កំលាំង 15W រួមនឹងមុខងារ Wireless PowerShare កំលាំង 9W។ សម្រាប់ម៉ូដែល Galaxy S21+ មានភ្ជាប់នូវបច្ចេកវិទ្យាថ្មី Ultra Wide Band Technology (UWB) សម្រាប់ប្រើក្នុងការតភ្ជាប់បញ្ជាជាមួយឧបករណ៍ IoT ជាច្រើនរួមមាន Smart Home និង Smart Car ជាដើម។ បន្ថែមពីនេះស្មាតហ្វូនបងប្អូន S21 Series ទាំងពីរនេះមានប្រព័ន្ធ Stereo Speaker ដែលប្រើបច្ចេកវិទ្យាសំឡេងក្រុមហ៊ុន AKG, ប្រើ Wi-Fi 6, Bluetooth v5.2, បច្ចេកវិទ្យាការពារទឹក/ធូលីកម្រិត IP68 និងបច្ចេកវិទ្យាស្កែនក្រយ៉ៅម្រាមដៃដោះសោរសុវត្ថិភាពលើអេក្រង់ជំនាន់ថ្មី 3D Ultra Sonic Sensor ដែលមានល្បឿនលឿនជាងជំនាន់មុន 70%។
Samsung បានបើកអោយធ្វើការ Pre-Order សម្រាប់ Galaxy S21/S21+ ចាប់ពីថ្ងៃនេះទៅ រីឯថ្ងៃចេញលក់ផ្លូវការណ៍នឹងត្រូវធ្វើឡើងនាថ្ងៃទី 29 ខែមករា ឆ្នាំ 2021។ Samsung Galaxy S21 តម្លៃនៅកម្ពុជា ខ្ទង់ចាប់ពី $899 និង Galaxy S21+ មានតម្លៃចាប់ពីខ្ទង់ $ 1099 ឡើងទៅ តម្រូវតាមទំហំផ្ទុកទិន្នន័យក្នុងម៉ាស៊ីនរបស់ពូកវា ប៉ុន្តែតម្លៃនេះគឺសម្រាប់ទីផ្សារក្រៅស្រុកនោះទេ ចំពោះតម្លៃទីផ្សារក្នុងស្រុកយើងវិញអាចធូរថ្លៃ ឬក៏ថ្លៃជាងនេះបន្តិចអាស្រ័យទៅលើពន្ធអាករ និងអត្រាប្តូរប្រាក់៕