ប្រសិនបើប្រិយមិត្តកំពុងស្វែងរកជាវនូវម៉ាស៊ីនកុំព្យូទ័រយួរដៃស៊េរីថ្មីដែលមានសមត្ថភាពខ្លាំងសម្រាប់ការប្រើប្រាស់បំពេញកិច្ចការងារប្រចាំថ្ងៃ និងមានតម្លៃធូរថ្លៃ ប្រិយមិត្តសាកក្រឡេកមកមើលកុំព្យូទ័រយួរដៃស៊េរីថ្មីរបស់ក្រុមហ៊ុន MSI ម៉ូដែល Prestige 14 EVO នេះមើល ថាមានសមត្ថភាពសាកសមសម្រាប់កិច្ចការងាររបស់ប្រិយមិត្តដែរ ឬទេ។
MSI Prestige 14 EVO គឺជាម៉ាស៊ីនកុំព្យូទ័រយួរដៃដែលផលិតឡើងសម្រាប់យកទៅប្រើបំពេញកិច្ចការងារទូទៅដូចជា ការងារផ្នែកការិយាល័យ ការងាររកស៊ី ការងារជំនួយជួញដូរ ការងារសិក្សាស្រាវជ្រាវ និងប្រើលើការងារកម្សាន្តប្រចាំថ្ងៃ។
កុំព្យូទ័រយួរដៃស៊េរីថ្មីត្រូវបានក្រុមហ៊ុនធ្វើការផលិតឡើងមកជាមួយនឹងការឌីស្សាញរូបរាងស្រស់ស្អាតសាកសមបំផុតសម្រាប់ការប្រើប្រាស់ និងមានភាពធន់ល្អផងដែរ។ MSI Prestige 14 EVO មានកម្រាស់តួរខ្លួនសរុបស្តើងល្មមត្រឹម 16mm និងទំងន់ស្រាលល្មមត្រឹម 1.29 គីឡូក្រាមប៉ុណ្ណោះ។ កុំព្យូទ័រយួរដៃនេះមានជម្រើសពណ៌ស ពណ៌ខ្មៅ និងពណ៌ប្រផេះ (Carbon Gray)។
MSI Prestige 14 EVO បំពាក់នូវបន្ទះអេក្រង់ប្រភេទ IPS-Level ដែលស៊ីថាមពលភ្លើងតិចកម្រិត 60Hz មានទំហំ 14.0 អ៊ីញ ទ្រទ្រង់កម្រិតបង្ហាញ Full-HD ក្នុងទំហំរីសូលូហ្ស៊ិន 1920x1080px នៅលើផ្ទៃបង្ហាញចេញសរុប 90% ធៀបនឹងខ្លួនរបស់វា។ ហើយដោយសារតែអេក្រង់របស់ Prestige 14 EVO មានគែម bezel តូចស្តើង ដូច្នេះ ធ្វើអោយអេក្រង់របស់វាមើលឃើញបានធំទូលាយស្រឡះពេញភ្នែកល្អ ពិសេសបំផុតសម្រាប់ការបំពេញកិច្ចការងារ និងការកម្សាន្តផ្សេងៗបានច្រើនក្នុងពេលតែមួយ។
ហើយនៅលើគែម Bezel អេក្រង់ខាងលើរបស់វាមានបង្កប់នូវកាមេរ៉ាវ៉ិបខេមមួយគ្រាប់ដែលជាប្រភេទ 3D-IR HD-720p សម្រាប់ប្រើវីដេអូខល និងប្រើជាប្រព័ន្ធដោះសោរសុវត្ថិភាពដោយការស្កែនផ្ទៃមុខផងដែរ។ សម្រាប់រន្ធដំណរភ្ជាប់ ឬ I/O Port នៅលើ MSI Prestige 14 EVO គឺមានដូចជារន្ធ USB2.0 x1, USB-C4/Thunderbolt 4 ឬ DP/PD Charging សម្រាប់ដោតសាកថ្ម, រន្ធដោតកាស 3.5mm Combo Jack និងរន្ធ MicroSD ។
ងាកមកលើក្តារចុចរបស់ MSI Prestige 14 EVO វិញគឺជាប្រភេទ Backlight Keyboard ដែលមានគ្រាប់ចុចទាលធំជាមួយគម្លាតសមល្មមផ្តល់នូវភាពងាយស្រួលដល់ការវាយអត្ថបទ ហើយនៅពីក្រោមគ្រាប់ចុចនិមួយៗមានរំលេចដោយភ្លើង LED ពណ៌ស ដែលផ្តល់ភាពងាយស្រួលនៅពេលវាយឯកសារ និងធ្វើកិច្ចការងារផ្សេងៗនៅពេលយប់។ រីនៅផ្ទៃផ្នែកខាងក្រោមផ្ទាំងក្តារចុចឃើញមានផ្ទាំងក្តារ TouchPad ធំល្មមសម្រាប់ការចុចប៉ះបញ្ជាមុខងារទាំងឡាយជំនួសអោយការប្រើ USB-Mouse ហើយនៅផ្នែកចំហៀងខាងឆ្វេងជិតកែងខាងលើនៃផ្ទាំង TouchPad គឺមានបង្កប់នូវសែនស័រស្កែនក្រយ៉ៅដោះសោរសុវត្ថិភាពបន្ថែមពីលើការស្កែនផ្ទៃមុខជាមួយ 3D-IR Webcam ផងដែរ។
ចូលទៅខាងក្នុងម៉ាស៊ីនរបស់ MSI Prestige 14 EVO វិញម្តង…ម៉ាស៊ីនកុំព្យូទ័រយួរដៃស៊េរីថ្មីនេះអូសដោយអង្គ CPU ជំនាន់ចុងក្រោយគឺ Intel-11th Gen ស៊េរី Core-i7 U-Processor ដែលភ្ជាប់នូវបច្ចេកវិទ្យា Dual-Core Turbo ដែលមានលទ្ធភាពអាច Boost បង្កើនល្បឿនឡើងខ្ពស់បំផុតដល់ 4.8GHz តម្រូវតាមទំហំកិច្ចការងារដែលយើងដាក់អោយវាធ្វើ។ អង្គ CPU នេះមានភ្ជាប់ជាមួយអង្គ GPU ជំនាន់ថ្មីស៊េរី Intel-Iris X-UHD ទ្រទ្រង់ដោយរ៉េម LPDDR4 មានទំហំធំបំផុតដល់ 32GB និងមានអង្គផ្ទុកទិន្នន័យប្រភេទ M.2 SSD-NVMe PCle Gen4 ដែលជួយធ្វើអោយការប្រើប្រាស់កាន់តែមានប្រសិទ្ធិភាពលឿនរហ័សទាន់ចិត្ត។
MSI Prestige 14 EVO មានថ្មទំហំ 52Whr សាកថាមពលថ្មពេញម្តងមានលទ្ធភាពអាចកាន់ប្រើប្រាស់លើកិច្ចការងារទូទៅបានដល់ 12 ម៉ោង ព្រមទាំងទ្រទ្រង់ការសាកភ្លើងចូលវិញលឿនរហ័សតាមរយះឆ្នាំងសាកកំលាំង 65W ដែលសាកភ្លើងចូលតាមរយះរន្ធចម្លង USB-C v4។ បន្ថែមពីនេះម៉ាស៊ីនកុំព្យូទ័រយួរដៃស៊េរីថ្មីមួយនេះនៅមានភ្ជាប់មកជាមួយបច្ចេកវិទ្យា Wi-Fi 6 កម្រិត 802.11 ax និងបច្ចេកវិទ្យា Bluetooth v5.1 ដែលប្រតិបត្តិការនៅលើ Microsoft Windows 10 Pro/Home-64bit។
ខាងក្រោមនេះ គឺជាលក្ខណៈសម្បត្តិរបស់ MSI Prestige 14 EVO ដែលចេញលក់នៅលើទីផ្សារកម្ពុជា៖
ដូច្នេះ សរុបអោយខ្លីមកវិញ MSI Prestige 14 EVO គឺជាម៉ាស៊ីនកុំព្យូទ័រស៊េរីថ្មីដែលមានគុណភាពផលិតកម្រិតខ្ពស់ជាមួយការឌីស្សាញបានយ៉ាងស្រស់ស្អាត និងមានភ្ជាប់មកនូវគុណសម្បត្តិដ៏គាប់ប្រសើរ ដែលស័ក្តិសមបំផុតសម្រាប់យកទៅប្រើប្រាស់ក្នុងកិច្ចការងារទូទៅប្រចាំថ្ងៃ៕