ស្វែងរកពួកយើង:

ក្រុមហ៊ុន Anthropic បញ្ឈប់ការផ្តល់សិទ្ធិចូលប្រើ OpenClaw តាមរយៈកញ្ចប់សេវា Claude Subscription ដោយតម្រូវឱ្យមានការបង់ថ្លៃបន្ថែម

ដោយ

Koun Jab Luffy

07 មេសា 2026 08:56 ព្រឹក

អាន 3 នាទី

Article image
នៅក្នុងសេចក្តីជូនដំណឹងទៅកាន់អតិថិជន ក្រុមហ៊ុនបានបញ្ជាក់ថា កម្រិតកំណត់នៃការប្រើប្រាស់ក្នុងកញ្ចប់ Subscription នឹងមិនអាចយកមកប្រើជាមួយកម្មវិធីជំនួយ (Harnesses) របស់ភាគីទីបី ដូចជា OpenClaw បានទៀតទេ។ ជាលទ្ធផល អ្នកប្រើប្រាស់ត្រូវប្តូរទៅប្រើប្រាស់គំរូទូទាត់ប្រាក់ផ្សេងទៀត រួមមាន ការបង់ប្រាក់តាមការប្រើប្រាស់ជាក់ស្តែង (Pay-as-you-go), កញ្ចប់ប្រើប្រាស់ដែលបង់ប្រាក់ទុកមុន (Prepaid usage packages) ឬការគិតថ្លៃតាមរយៈ API ដើម្បីបន្តប្រើប្រាស់សេវាកម្មទាំងនេះ។
ដើម្បីសម្រួលដល់ការផ្លាស់ប្តូរនេះ Anthropic បានផ្តល់នូវកញ្ចប់ឥណទានប្រើប្រាស់ (Usage Credit) តែម្តងគត់ ដែលមានតម្លៃស្មើនឹងថ្លៃសេវាប្រចាំខែរបស់អ្នកជាវម្នាក់ៗ ដោយមានសុពលភាពរហូតដល់ថ្ងៃទី១៧ ខែមេសា។ លើសពីនេះ ក្រុមហ៊ុនក៏មានការបញ្ចុះតម្លៃរហូតដល់ ៣០% លើកញ្ចប់ប្រើប្រាស់ដែលបានកំណត់មួយចំនួនផងដែរ។
សេចក្តីសម្រេចនេះ ហាក់បីដូចជាកើតឡើងដោយសារសម្ពាធកាន់តែខ្លាំងឡើងលើធនធានប្រព័ន្ធ ដែលបង្កឡើងដោយឧបករណ៍ភ្នាក់ងារស្វ័យប្រវត្ត (Autonomous agent tools briefs)។ ទោះបីជាដើមឡើយ កញ្ចប់សេវា Claude Subscription ត្រូវបានបង្កើតឡើងសម្រាប់អន្តរកម្មផ្ទាល់រវាងមនុស្ស និង AI ក៏ដោយ ប៉ុន្តែឧបករណ៍ដូចជា OpenClaw បានអនុញ្ញាតឱ្យមានលំហូរការងារស្វ័យប្រវត្ត ដែលទាមទារឱ្យមានការគណនាទិន្នន័យ (Computational demand) ក្នុងកម្រិតខ្ពស់បំផុត។
តំណាងក្រុមហ៊ុន Anthropic បានពន្យល់ថា៖ «យើងបានខិតខំគ្រប់គ្រងតម្រូវការប្រើប្រាស់លើគ្រប់ផ្នែក ប៉ុន្តែឧបករណ៍ទាំងនេះបានទាញយកធនធានប្រព័ន្ធរបស់យើងលើសលប់ពេក។»
ចំពោះអតិថិជនដែលរងផលប៉ះពាល់ដោយសារការផ្លាស់ប្តូរនេះ ក៏អាចមានសិទ្ធិទទួលបានការបង្វិលប្រាក់វិញផងដែរ ប្រសិនបើពួកគេមិនពេញចិត្តនឹងការកែប្រែខសន្យានៃសេវាកម្មនេះ។
Article image
ទោះជាយ៉ាងណាក៏ដោយ ការសម្រេចចិត្តនេះបានរងការរិះគន់ពីសំណាក់លោក Peter Steinberger ដែលជាស្ថាបនិករបស់ OpenClaw។ លោកបានចោទប្រកាន់ Anthropic ថាបានលួចចម្លងមុខងារស្រដៀងគ្នានេះទៅដាក់ក្នុងប្រព័ន្ធបិទជិតរបស់ខ្លួន (Proprietary ecosystem) ខណៈពេលដែលរឹតត្បិតការចូលប្រើប្រាស់ជម្រើសមធ្យោបាយដែលមានប្រភពចំហ (Open-source)។ លោកបានកត់សម្គាល់ថា កិច្ចខិតខំប្រឹងប្រែងក្នុងការចរចាជាមួយក្រុមហ៊ុន សម្រេចបានត្រឹមតែការពន្យារពេលការអនុវត្តគោលនយោបាយនេះបានក្នុងរយៈពេលដ៏ខ្លីប៉ុណ្ណោះ។
ទោះបីជាមានការព្រួយបារម្ភពីអ្នកប្រើប្រាស់ និងអ្នកអភិវឌ្ឍន៍កម្មវិធីក៏ដោយ ក៏ការផ្លាស់ប្តូរនេះបានឆ្លុះបញ្ចាំងពីនិន្នាការរួមនៅក្នុងឧស្សាហកម្មបច្ចេកវិទ្យា ដែលឆ្ពោះទៅរកគំរូការគិតថ្លៃតាមការប្រើប្រាស់ជាក់ស្តែង ខណៈដែលសមត្ថភាព AI និងតម្រូវការហេដ្ឋារចនាសម្ព័ន្ធបន្តរីកលូតលាស់យ៉ាងរហ័ស។
គួររំលឹកផងដែរថា OpenClaw គឺជាភ្នាក់ងារ AI ប្រភពចំហ (Open-source AI agent) ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចបញ្ចូលគំរូភាសាខ្នាតធំ (LLMs) ដូចជា Claude ឬ ChatGPT ទៅក្នុងឧបករណ៍ និងសេវាកម្មប្រចាំថ្ងៃ។ ក្រៅពីការបង្កើតចម្លើយ វាក៏អាចអនុវត្តសកម្មភាពផ្សេងៗដូចជា ការគ្រប់គ្រងឯកសារ, ការរុករកគេហទំព័រ, ការផ្ញើសារ, ការដំណើរការកូដ (Script execution) និងការធ្វើអន្តរកម្មតាមរយៈ API ជាមួយបណ្តាញសង្គមផ្សេងៗដូចជា WhatsApp, Telegram និង Slack ជាដើម។