យោងតាមរបាយការណ៌ជាច្រើននាពេលថ្មីៗនេះ បាននិយាយថា ក្រុមហ៊ុន OPPO បានត្រៀមប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនចំនួនពីរម៉ូដែលមានដូចជា Find X9s និង Find X9 Ultra នៅពេលដ៏ខ្លីខាងមុខនេះហើយ ស្របពេលដែលព័ត៌មានមួយចំនួនទៀតបញ្ជាក់ថា OPPO Find X9s ក៏នឹងមានការដាក់លក់នៅលើទីផ្សារសកលផងដែរ។


នៅថ្ងៃនេះផ្អែកតាមការបង្ហោះនៅលើបណ្តាញសង្គម X បានបញ្ជាក់ថា មានស្មាតហ្វូនជំនាន់ថ្មីមួយទៀតដែលមានឈ្មោះថា Find X9s Pro មានការបញ្ជាក់ទទួលស្គាល់ពីស្ថាប័នត្រួតពិនិត្យរបស់ប្រទេសចិនហើយ ដោយភ្ជាប់មកជាមួយនូវលេខម៉ូដែល PME110។ សម្រាប់ម៉ូដែល OPPO Find X9s Pro នេះ អាចនឹងមានលក់តែនៅលើទីផ្សារប្រទេសចិនតែប៉ុណ្ណោះ។

នៅលើបញ្ជីនេះ ថែមទាំងមានការបញ្ជាក់ទៀតថា ស្មាតហ្វូនជំនាន់ថ្មីនេះ គឺនឹងមានការប្រើប្រាស់នូវបច្ចេកវិទ្យាសាកកម្លាំង 80W wired charging។ បើតាមប្រភពខាងលើនេះ បានបន្ថែមថា ស្មាតហ្វូនជំនាន់ថ្មី Find X9s Pro អាចនឹងមានការបង្ហាញវត្តមានជាមួយនិង Find X9s និង Find X9 Ultra ក្នុងព្រឹត្តិការណ៌តែមួយផងដែរ។
