យោងតាមព័ត៌មានបណ្តាញចែកចាយដែលចែករំលែកដោយបុគ្គលិកផ្នែកលក់របស់ BYD Dynasty Network បានឲ្យដឹងថា រថយន្ត BYD Great Tang ឥឡូវនេះត្រូវបានពន្យាពេលរហូតដល់ថ្ងៃទី 8 ខែមិថុនា នៅក្នុងប្រទេសចិន ដែលដើមឡើយ រថយន្តអគ្គិសនី SUV ខ្នាតធំនេះត្រូវបានគេរំពឹងថានឹងចេញលក់នៅក្នុងខែឧសភា ប៉ុន្តែ បណ្តាហាងដៃគូចែកចាយជាច្រើនត្រូវបានគេរាយការណ៍ថាមិនទាន់បានទទួលរថយន្តដំបូងរបស់ពួកគេ ឬរថយន្តតាំងបង្ហាញនៅក្នុងបន្ទប់តាំងបង្ហាញនៅឡើយទេ។ យោងតាមប្រភពពីអ្នកចែកចាយបាននិយាយថា BYD បានកែសម្រួលកាលវិភាគចេញលក់ ដើម្បីឱ្យការដឹកជញ្ជូនទូទាំងប្រទេសស្របគ្នាជាមួយនឹងការចេញលក់ជាផ្លូវការលើទីផ្សារ ខណៈដែលតម្រូវការមុនពេលលក់បន្តកើនឡើងយ៉ាងឆាប់រហ័ស។
ការពន្យារពេលនេះក៏កើតឡើងផងដែរ ខណៈដែល BYD ប្រឈមមុខនឹងសម្ពាធផលិតកម្មកាន់តែខ្លាំងឡើង ទាក់ទងនឹងឡានអគ្គិសនីថ្មីសាកថ្មលឿនចុងក្រោយរបស់ខ្លួន។ ដោយកាលពីដើមខែនេះ BYD បានទទួលស្គាល់ថា តម្រូវការសម្រាប់ម៉ូដែល Great Tang Fast Charging ដែលប្រើប្រាស់វេទិកាសាកថ្មលឿន ឬ Flash-charge platform ចុងក្រោយរបស់ខ្លួនមានចំនួនលើសពីសមត្ថភាពនៃការផលិតកញ្ចខប់ថ្ម Blade battery 2.0 បច្ចុប្បន្ន។ ប្រធានក្រុមហ៊ុន លោក Wang Chuanfu បាននិយាយថា ការពង្រីកទិន្នផលផលិតបច្ចុប្បន្នត្រូវបានរារាំងដោយសមត្ថភាពនៃការផលិតកញ្ចប់ថ្មជំនាន់ថ្មី Blade Battery 2.0។ Great Tang បានក្លាយជារថយន្តមួយក្នុងចំណោមរថយន្ត BYD ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅឆ្នាំនេះ។
BYD ពីមុនបានបញ្ជាក់ថា ការបញ្ជាទិញ Great Tang មានចំនួនសរុបបានលើសពី 100,000 គ្រឿង។ ហើយកាលពីដើមខែមេសា ក្រុមហ៊ុនបាននិយាយថា រថយន្ត SUV ថ្មីនេះ បានទទួលការបញ្ជាទិញជាមុនជាង 30,000 គ្រឿងក្នុងរយៈពេល 24 ម៉ោងបន្ទាប់ពីការបើកការលក់ជាមុន។ BYD Great Tang គឺជារថយន្តអគ្គិសនី Full-size SUV 7-កៅអី ដែលផ្តោតទៅលើរយះចម្ងាយបើកបរបានឆ្ងាយ បច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនបំផុត, ប្រើប្រព័ន្ធប៊ូម Air Suspension, កង់ក្រោយរេតាមចង្កូត និងប្រព័ន្ធបច្ចេកវិទ្យាជំនួយការបើកបរកម្រិតខ្ពស់។ ឡានស៊េរីថ្មីនេះ មានតួរខ្លួនប្រវែង 5,263mm/ ទទឹង 1,999mm/ កំពស់ 1,790mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 3,130mm។
BYD Great Tang មានជម្រើសបីម៉ូដែល គឺម៉ូដែល RWD 800km, RWD 950km និង AWD 850km។ សម្រាប់តម្លៃវិញ គឺចាប់ពីខ្ទង់ $36,700 ដល់ $47,000 នៅទីផ្សារប្រទេសចិន។ Great Tang ប្រើប្រាស់បច្ចេកវិទ្យាថ្ម Blade Battery 2.0 និងគាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនបំផុតដែលការសាកពី 10% ទៅ 70% ប្រើពេលតែ 5 នាទី និងពី 10% ទៅ 97% ចាយពេលខ្ទង់ 9 នាទី។ Great Tang គាំទ្រប្រព័ន្ធជើងក្រោមប្រភេទ DiSus-A intelligent dual-chamber air suspension system ជាមួយកង់ក្រោយរេកាច់តាមចង្កូត (rear-wheel steering)។ ម៉ូដែល Great Tang AWD អាចជាន់សន្ទុះពីកុងទ័រ 0 ទៅ 100km/h ចាយពេលខ្ទង់ 3.9 វិនាទីប៉ុណ្ណោះ៕



