
យោងតាមលទ្ធផលថ្មីមួយនៅក្នុងការតេស្តកាមេរ៉ារបស់ស្ថាប័ន DxOMark បានបង្ហាញថា ស្មាតហ្វូនជំនាន់ថ្មី Motorola Edge 50 Ultra គឺពិតជាខ្លាំងមែនទែន ដោយបានយកឈ្នះទៅលើស្មាតហ្វូន Galaxy S24 Ultra និង iPhone 15 ថែមទៀតផង។ ការធ្វើតេស្តនេះ បានបង្ហាញថា ស្មាតហ្វូននេះមានពិន្ទុ 146 ដោយបានជាប់ចំណាត់ថ្នាក់លេខរៀងទី 18 នៅក្នុងចំណោមស្មាតហ្វូនកំពូលជាច្រើននៅលើពិភពលោក ។
នៅក្នុងតារាងនេះ បានបង្ហាញថា ស្មាតហ្វូនជំនាន់ថ្មីរបស់ Samsung ម៉ូដែល Galaxy S24 Ultra ដែលមានវត្តមានៅក្នុងឆ្នាំនេះ បានជាប់ចំណាត់ថ្នាក់លេខ 23 ជាមួយនឹងពិន្ទុ 144 ខណៈដែលស្មាតហ្វូនរបស់ Apple ម៉ូដែល iPhone 15 និង iPhone 15 Plus មានចំណាត់ថ្នាក់លេខរៀងទី 21 ជាមួយនឹងពិន្ទុ 145។ ជាមួយនិងការការតេស្តរបស់ DxOMark នេះ ក៏មានការបង្ហាញថា Motorola Edge 50 Ultra មានការពង្រឹងជាច្រើន បើប្រៀបធៀបជាមួយនឹងស្មាតហ្វូនជំនាន់ថ្មី Edge 40 Pro ជាពិសេសគឺការកាត់បន្ថយទៅលើ noise និងការថតនៅក្នុងមុខងារ Zoom ថែមទៀតផង។

ស្មាតហ្វូន Motorola Edge 50 Ultra អាចថតរូបភាព Portraits បានច្បាស់ជាមួយនឹងពិន្ទុ 136 ទៅលើការប្រើប្រាស់សម្រាប់ការថតរូប “Friends & Family” ។ ស្ថាប័ន DxOMark ក៏បានកោតសរសើរទៅលើស្មាតហ្វូននេះទៅលើ Exposure និងកម្រិតពណ៌នៅលើស្មាតហ្វូននេះថា ថតបានច្បាស់ទាំងរូបភាព និងវីដេអូបានយ៉ាងល្អ។ សម្រាប់មុខងារ HDR format របស់ស្មាតហ្វូន Edge 50 Ultra នេះ គឺផ្តល់នូវគុណភាពច្បាស់ ដែលមានការពង្រឹងទៅលើ Exposure និង Color Balance ផងដែរ។ ស្មាតហ្វូនជំនាន់ថ្មី Edge 50 Ultra នេះ អាចថតរូបភាពបានម៉ត់ច្បាស់នៅក្នុងសេណារីយ៉ូផ្សេងៗគ្នាថែមទៀតផង។

ស្មាតហ្វូន Motorola Edge 50 Ultra នេះ មានកាមេរ៉ាខាងក្រោយ 4 គ្រាប់ ដែលមានកាមេរ៉ាគោលមានទំហំ 50MP និងគ្រាប់ទីពីរទំហំ 50MP ultrawide ហើយនឹងគ្រាប់ទីបីមានទំហំ 64MP telephoto គាំទ្រជាមួយនឹងមុខងារហ៊្សូម 3x optical zoom រួមជាមួយនិង laser autofocus sensor ទៀតផង។ ស្មាតហ្វូន Motorola ថ្មីនេះ មានតម្លៃប្រហែលជា ~$1000៕
