ស្វែងរកពួកយើង:

ការចុះបញ្ជីរថយន្តថ្មីរបស់ BYD នៅប្រទេសប្រេស៊ីល ក្នុងឆ្នាំ 2024 មានចំនួន 76,713 គ្រឿង

ដោយ

Koun Jab Luffy

06 មករា 2025 12:39 ថ្ងៃត្រង់

អាន 3 នាទី

Article image
ក្នុងខែធ្នូ ឆ្នាំ 2024 កន្លងទៅ រថយន្តថ្មីរបស់ BYD ចំនួន 10,091 គ្រឿងត្រូវបានចុះបញ្ចីប្រើប្រាស់នៅក្នុងប្រទេសប្រេស៊ីល ដែលធ្វើឲ្យ BYD បានក្លាយជាក្រុមហ៊ុនជាប់ចំណាត់ថ្នាក់លេខ 8 ក្នុងការលក់រថយន្តនៅទីផ្សារប្រេស៊ីល។ ហើយក្នុងរយះពេលពេញមួយឆ្នាំ 2024 ក្រុមហ៊ុន BYD ទទួលបានការចុះបញ្ជីរថយន្តថ្មីនៅក្នុងប្រទេសប្រេស៊ីលសរុបចំនួន 76,713 គ្រឿង កើនឡើងដល់ 327.68% ធៀបនឹងឆ្នាំ 2023 ដែលមានរថយន្តថ្មីចំនួន 17,937 គ្រឿង។ ប្រេស៊ីល ក្លាយជាទីផ្សាររថយន្តធំបំផុតរបស់ BYD សម្រាប់ទីផ្សារឯនាយសមុទ្ទ។
រថយន្តរបស់ BYD ដែលដាក់លក់ក្នុងប្រទេសប្រេស៊ីលរួមមានប្រភេទរថយន្តអគ្គិសនីខ្នាតតូច, រថយន្ត SUV និង Pickup truck ជាដើម។ បច្ចុប្បន្នរថយន្តម៉ូដែល BYD Dolphin Latin America Special Edition គឺលក់ដាច់ជាងគេបំផុតក្នុងប្រទេសប្រេស៊ីលជាមួយម៉ូដែល Dolphine Plus និង Dolphine Diamond  ដែលបានប្រកាសចេញលក់ក្នុងឆ្នាំ 2023 ដែលមានតម្លៃចាប់ពីខ្ទង់ $34,900 និង $29,000។ ហើយពេលថ្មីៗនេះ BYD Dolphine ទទួលបានផ្កាយ 5 ពីស្ថាប័ន Latin NCAP ទៅលើកម្រិតការធ្វើតេស្តបុកប៉ះកម្រិតធ្ងន់ និងប្រព័ន្ធសុវត្ថិភាព ហើយក៏ក្លាយជារថយន្តដែលមានសុវត្ថិភាពបំផុតសម្រាប់ការប្រើប្រាស់នៅក្នុងទីផ្សារអាមេរិកឡាទីនថែមទៀតផង។
លើសពីនេះទីផ្សាររថយន្ត BYD មានការរីកចម្រើនលឿនបំផុត ក្នុងការវិនិយោគនៅក្នុងប្រទេសប្រេស៊ីលក្នុងចំណោមក្រុមហ៊ុនផលិតរថយន្តចិនសម្រាប់រយៈពេលពីរឆ្នាំចុងក្រោយនេះ។ យោងតាមស្ថិតិរបស់រដ្ឋាភិបាលប្រេស៊ីល រោងចក្ររបស់ BYD នៅទីក្រុង Camaçari ក្នុងរដ្ឋ Bahia មានសមត្ថភាពអាចផលិតរថយន្តបានចំនួនដល់ទៅ 300,000 គ្រឿងក្នុងមួយឆ្នាំ។ ជាងនេះទៅទៀត BYD បានបើកដំណើរការហាងលក់ចំនួន 250 នៅក្នុងប្រទេសប្រេស៊ីលនៅឆ្នាំ 2024 ។ ក្រៅពី BYD ក្រុមហ៊ុនផលិតរថយន្តចិនធំៗចំនួនពីរផ្សេងទៀតនៅក្នុងទីផ្សារប្រេស៊ីល គឺ Chery និង Great Wall Motor (GWM)។ Chery គឺជាក្រុមហ៊ុនផលិតរថយន្តចិនដំបូងគេបំផុតដែលបង្កើតហាងនៅក្នុងប្រទេសប្រេស៊ីល ហើយម៉ូដែលដំបូងឈ្មោះ Tiggo របស់ Chery ត្រូវបាននាំចេញទៅកាន់ទីផ្សារប្រេស៊ីលនៅដើមឆ្នាំ 2009។
ចាប់តាំងពីពេលនោះមក Chery បានបោះទុនវិនិយោគជាទឹកប្រាក់ចំនួន 400 លានដុល្លារអាមេរិកសម្រាប់ការសាងសង់រោងចក្រថ្មី ប៉ុន្តែ បច្ចុប្បន្ន Chery នៅតែបន្តលក់រថយន្តដែលប្រើសាំងជាចម្បងក្នុងប្រទេសប្រេស៊ីល។ បើតាមរបាយការណ៍បង្ហាញថា ចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ 2024 ប្រទេសចិនបាននាំចេញរថយន្តចំនួន 228,235 គ្រឿងទៅកាន់ប្រទេសប្រេស៊ីល ក្នុងនោះមានរថយន្តប្រើថាមពលថ្មី ឬហៅថា New Energy Vehicle សរុបចំនួន 149,923 គ្រឿងផងដែរ។
Article image
ក្នុងឆ្នាំ 2023 ការផលិត និងការលក់រថយន្តក្នុងប្រទេសប្រេស៊ីលមានចំនួនសរុប 2.3 លានគ្រឿង ដែលធ្វើឲ្យប្រទេសនេះ ក្លាយជាទីផ្សាររថយន្តធំបំផុតនៅអាមេរិកខាងត្បូង និងធំបំផុតលំដាប់ទី 6 នៅលើពិភពលោក។ ដើម្បីលើកកម្ពស់ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពក្នុងវិស័យយានយន្ត ក្នុងឆ្នាំ 2015 រដ្ឋាភិបាលប្រេស៊ីលបានសម្រេចចិត្តលើកលែងពន្ធនាំចូលសម្រាប់រថយន្តអគ្គិសនីសុទ្ធដែលបើកបរបានចម្ងាយលើសពី 80 គីឡូម៉ែត្រ។ ចាប់តាំងពីពេលនោះមក ក្នុងឆ្នាំ 2018 រដ្ឋាភិបាលប្រេស៊ីលបានចាប់ផ្តើមអនុវត្តផែនការ "Rota 2030" ដោយស្នើនូវគោលដៅនៃ "ការលក់រថយន្តអគ្គិសនីឱ្យមានចំនួន 30% នៃការលក់រថយន្តសរុបរបស់ប្រទេសប្រេស៊ីលក្នុងឆ្នាំ 2030" ហើយនឹងផ្តល់នូវការលើកទឹកចិត្តពន្ធរហូតដល់ 19 ពាន់លានរៀលប្រេស៊ីល (Brazilian Real) នៅឆ្នាំ 2028៕
ការចុះបញ្ជីរថយន្តថ្មីរបស់ BYD នៅប្រទេសប្រេស៊ីល ក្នុងឆ្នាំ 2024 មានចំនួន 76,713 គ្រឿង