រថយន្តប្រភេទ Plug-in-hybrid  SUV ស៊េរីថ្មីរបស់ Geely ម៉ូដែល Galaxy Cruiser 700 បានបង្ហាញការឌីស្សាញរូបរាងផ្លូវការណ៍ នៅមុនថ្ងៃប្រកាសចេញនៅលើទីផ្សារមកនាពេលឆាប់ៗខាងមុខនេះ។ Galaxy Cruiser 700 គឺជាឡាន off-road SUV ស៊េរីដំបូងរបស់ Geely ដែលមានការឌីស្សាញរូបរាងឡើងបែបស្ទាយ boxy body-on-frame ជាមួយនឹងអនុភាពកម្លាំងប្រហែល 1000 សេះ។ Galaxy Cruiser 700 ត្រូវបានគេរំពឹងថា នឹងចេញលក់នៅទីផ្សារក្នុងស្រុកនៅឆ្នាំនេះ ហើយក្រុមហ៊ុនក៏មានគម្រោងក្នុងការនាំចេញទៅប្រកាសចេញលក់នៅទីផ្សារចក្រភាពអង់គ្លេស និងបណ្តាទីផ្សារក្នុងតំបន់មួយចំនួនផងដែរ។

Geely Galaxy Cruiser 700 ឬហៅថា Zhangjian 700 នៅទីផ្សារប្រទេសចិន។ ការបង្ហាញរូបភាពផ្លូវការណ៍លើកនេះ គឺបានបង្ហាញពីផលិតផលផ្លូវការណ៍សម្រាប់ការផលិតទ្រង់ទ្រាយធំ បន្ទាប់ពីរូបគំរូរថយន្ត Galaxy Cruiser Concept ត្រូវបានក្រុមហ៊ុនធ្វើការដាក់បង្ហាញលើដំបូងក្នុងព្រឹត្តិការណ៍ពិពណ៌រថយន្តប្រចាំឆ្នាំ Shanghai Auto Show ក្នុងឆ្នាំ 2025។ Galaxy Cruiser 700 ក៏បានឆ្លងកាត់ការធ្វើតេស្តផ្លូវការណ៍នៅក្នុងតំបន់ដែលមានអាកាសធាតុត្រជាក់ខ្លាំងនៅក្នុងតំបន់អឺរ៉ុបខាងជើងរួចហើយដែរ។ ជាមួយគ្នានេះ Galaxy Cruiser 700 ក៏ធ្លាប់ត្រូវបានប្រទះឃើញធ្វើការបើបរសាកល្បងនៅលើដងវិថីក្នុងប្រទេសចិនផងដែរ ដោយមានការគ្របបិតបាំងលើផ្នែកឌីស្សាញរូបរាងខាងក្រៅ។

រូបភាពផ្លូវការណ៍ដែលបានទម្លាយដោយប្លុក Sugar Design Weibo បានបង្ហាញពីការឌីស្សាញផ្នែកខាងក្រោយរបស់ Galaxy Cruiser 700 ដោយផ្នែកទ្វារក្រោយឌីស្សាញបែបស្ទាយបើកទៅចំហៀងខាងស្តាំ និងមានកង់សាគូជាប់នៅលើទ្វារដូចឡាន Boxy off-road ដទៃទៀតដែរ។ ចំនែកចង្កៀកបំភ្លឺខាងក្រោយត្រូវបានឌីស្សាញបែបបញ្ឈរមានអំពូលបីរាប់បញ្ឈរប្រដេញគ្នា។ លក្ខណៈពិសេសផ្សេងទៀតមានដូចជា មានរបាំងការពារបាតរថយន្តទំហំធំ និងប្រព័ន្ធប៊ូមក្រោយជាប្រភេទប៊ូមដំណើរការឯករាជ្យ ឬ Independent rear suspension ជាដើម។ 

Galaxy Cruiser 700 មាន Feeder និង wheel arches ធំទូលាយ, មានសសរគ្រោងរថយន្តពណ៌ខ្មៅ ឬ blacked pillar, កញ្ចក់មើលក្រោយសងខាងមានទំហំធំ រួមនឹងមានសែនស័រកាមេរ៉ាផ្នែកខាងក្រោយ ឬ rear-view camera ស្ថិតនៅខាងលើបន្ទាត់ភ្លើងសញ្ញាបំភ្លឺពេលជាន់ហ្វ្រាំងថែមទៀតផង។ ចំនែកការបំពាក់កាមេរ៉ានៅខាងក្រោយនេះ គឺជួយឲ្យអ្នកបើកបរមើលឃើញពីឧបសគ្គខាងក្រោយរថយន្តបានច្បាស់ ដោយសារតែកង់សាគូខាងក្រោយរបស់ Cruiser 700 មានទំហំធំអាចបាំងការបើកដោយកញ្ចក់មើលក្រោយធម្មតា។ តាមការបង្ហាញកន្លងមក Geely Galaxy Cruiser 700 ក៏មានបំពាក់នូវប្រព័ន្ធសែនស័រ LiDAR នៅលើដំបូងខាងមុខ ដើម្បីដំណើរការនូវប្រព័ន្ធជំនួយសុវត្ថិភាពក្នុងបើកបរថែមទៀតផង។

ទោះជាយ៉ាងណាសម្រាប់លក្ខណៈសម្បតិ្តលម្អិតផ្សេងៗទៀត របស់ Geely Galaxy Cruiser 700 មិនទាន់មានការបង្ហាញពីក្រុមហ៊ុននៅឡើយទេ ប៉ុន្តែ បើតាមប្រភពព័ត៌មានបានបង្ហាញថា ឡាន PHEV off-road SUV ស៊េរីថ្មីនេះ គឺដំណើរការនៅលើម៉ាស៊ីន Hybrid ប្រភេទម៉ាស៊ីនសាំង រួមនឹងបំពាក់នូវប្រព័ន្ធម៉ូទ័រអគ្គិសនីបីដែលបំពាក់នូវផ្នែកខាងមុខមួយ និងនៅខាងក្រោយពីរអាចផលិតកម្លាំងសរុបបានដល់ 1,000 សេះ ហើយនិងមានប្រព័ន្ធចាក់សោរប៉ុងក្រោយ ឬ electronic-mechanical rear differential lock ដើម្បីជួយបង្កើនសមត្ថភាពក្នុងការបើក off-road ឲ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់៕