ស្វែងរកពួកយើង:

ការតេស្ត Xiaomi SU7 Ultra បង្ហាញថា រថយន្តអគ្គិសនីថ្មីនេះ ល្បឿនលឿនជាង BMW M3 ទៅទៀត

ដោយ

Koun Jab Luffy

12 កុម្ភៈ 2025 07:28 ព្រឹក

អាន 3 នាទី

Article image
តាមរយះការធ្វើតេស្តល្បឿននៅក្នុង Lap ដែលរៀបចំដោយស្ថាប័ន Chengdu Tianfu Circuit ក្នុងប្រទេសចិនបានបញ្ជាក់ថា Xiaomi SU7 Ultra មានអនុភាពល្បឿនលឿនដែលអាចធ្វើបានក្នុងរង្វង់ 1:26.741 វិនាទី ដែលធ្វើឲ្យរថយន្ត Sport Car Sedan របស់ Xiaomi មួយនេះអាចក្លាយជារថយន្តអគ្គិសនីទ្វារបួនដែលមានល្បឿនលឿនបំផុត គឺលឿនជាងរថយន្ត BMW M3 ដែលធ្វើបានត្រឹមរង្វង់ 1:34.905 វិនាទី។ ជាមួយគ្នានេះក្រុមហ៊ុន Xiaomi បាននិយាយថា SU7 Ultra នឹងឆ្លងកាត់ការធ្វើតេស្តបន្ថែមទៀតនៅទូទាំងប្រទេសចិន។
Xiaomi SU7 Ultra គឺជាសមាជិកក្នុងគ្រួសាររថយន្តអគ្គិសនី SU7 ដែលជារថយន្តអគ្គិសនីដំបូងរបស់ក្រុមហ៊ុនផលិតស្មាតហ្វូនក្នុងប្រទេសចិនមួយនេះ។ រថយន្តអគ្គិសនីដែលមានការរចនារូបរាងកាត់តាមរថយន្តប្រណាំងរបស់ក្រុមហ៊ុនចិនមួយនេះ បានបំពាក់នូវប្រព័ន្ធម៉ូទ័រអគ្គិសនីចំនួន 3 ផ្តល់នូវអនុភាពកំលាំងសរុបដល់ 1,548 សេះ ដែលអាចជាន់ស្ទុះល្បឿនពី 0 ទៅ 100km ក្នុងមួយម៉ោងចាយពេលខ្ទង់ 1.98 វិនាទីប៉ុណ្ណោះ។
Article image
Xiaomi SU7 អាចជាន់ល្បឿនលឿនបំផុត Top-speed បានដល់ 350km/h។ រថយន្ត Sport car EV sedan មួយនេះ គាំទ្រនូវបច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនកម្រិត 5.2C ដែលមានអនុភាពសាកបំពេញថាមពលថ្មពី 10 ទៅ 80% ចាយពេលប្រមាណ 11 នាទីប៉ុណ្ណោះ។
Article image
តាមការអះអាងពី Xiaomi បានឲ្យដឹងថា SU7 Ultra បានពាសដោយលោហៈធាតុ carbon fiber components ចំនួន 17 ចំនុច ហើយកន្ទុយ Spoiler ខាងក្រោយរបស់ SU7 Ultra អាចបង្កើនទំងន់សង្កត់ Aerodynamic បានទំងន់ 285kg ដើម្បីជួយទប់លំនឹងរថយន្តនៅពេលជាន់ល្បឿនលឿនបំផុត។ នៅផ្នែកខាងក្នុងរបស់ SU7 Ultra ត្រូវបានបំពាក់តុបតែងលម្អដោយសភាសធាតុលោហៈគុណភាពខ្ពស់ដោយ Carbon fiber និងស្បែក Alcantara ជាមួយកៅអីបែបរថយន្តស្ព័រ ក៏ដូចជាការរចនាដៃចង្កូតថ្មីផងដែរ។
សម្រាប់ប្រព័ន្ធខួរក្បាលបញ្ជា SU7 Ultra វិញ គឺពឹងទៅលើបន្ទះឈីប Snapdragon 8295 និងប្រតិបត្តិការ HyperOS របស់ Xiaomi។ ទោះបីជា SU7 Ultra ជារថយន្តអគ្គិសនីក៏ដោយ ប៉ុន្តែ វាបានបំពាក់នូវប្រព័ន្ធសំឡេងដូចរថយន្តបំពាក់ម៉ាស៊ីនដែរ ដោយមានជម្រើសសំឡេងចំនួន 3 និងមុខងារ Track Master ដែលផ្តល់នូវបទពិសោធន៍ប្រើប្រាស់កាន់តែអស្ចារ្យ។
បន្ថែមពីនេះ Xiaomi SU7 Ultra ក៏បានបំពាក់នូវមុខងារឆ្លាតវៃជាច្រើនផ្សេងទៀតដូចជា Xiaomi Pilot, an advanced driver-assistance system ដែលគាំទ្រដំណើរដោយបន្ទះឈីប Orin X chips ចំនួនពីរដែលផ្តល់នូវអនុភាពដល់ប្រព័ន្ធ computing power ដល់ 508 TOPS ដែលធ្វើឲ្យរថយន្តមួយនេះមានឆ្លាតវៃបំផុត។
Article image
Xiaomi SU7 Ultra ត្រូវបានក្រុមហ៊ុនបើកទទួលការបញ្ជាទិញមុនបានកាលពីខែមីនា ឆ្នាំ 2024 នៅក្នុងប្រទេសចិន ដោយមានតម្លៃខ្ទង់ CNY 814,900 ឬប្រហែល $111,550។ ហើយថ្មីៗនេះ Xiaomi បានដាក់គោលដៅក្នុងការលក់ SU7 Ultra ឲ្យបានយ៉ាងហោចណាស់ក៏ 10,000 គ្រឿងដែរក្នុងឆ្នាំនេះ។ បច្ចុប្បន្ន Xiaomi SU7 Ultra បានបង្ហាញវត្តមានផ្លូវការណ៍នៅក្នុងហាងលក់របស់ Xiaomi ចំនួន 112 ហាង នៅទូទាំងទីក្រុងសំខាន់ៗចំនួន 42 ក្នុងប្រទេសចិន៕
ការតេស្ត Xiaomi SU7 Ultra បង្ហាញថា រថយន្តអគ្គិសនីថ្មីនេះ ល្បឿនលឿនជាង BMW M3 ទៅទៀត