
កាលពីឆ្នាំមុននេះ ក្រុមហ៊ុន Xiaomi បានប្រកាសចេញនូវស្មាតហ្វូន Xiaomi 14 និង14 Pro ដែលជាស្មាតហ្វូនដំបូងគេបំផុតរបស់ពិភពលោក ដែលមានការប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Gen 3។ នៅថ្ងៃនេះបើយោងការទម្លាយជាថ្មីនោះ បានអោយដឹងថា ការធ្វើតេស្តទៅលើស្មាតហ្វូន Xiaomi 15 Series បានចាប់ផ្តើមនៅក្នុងខែនេះហើយ និងមានការរំពឹងថា ស្មាតហ្វូនជំនាន់ថ្មី Xiaomi 15 series នេះ នឹងបង្ហាញវត្តមាននៅលើទីផ្សារប្រទេសចិននាពេលឆាប់នេះហើយ។
បើតាមការបង្ហោះនៅលើបណ្តាញ Weibo របស់អ្នកទម្លាយថា Digital Chat Station បានអោយដឹងពីព័ត៌មានមួយចំនួនរបស់ស្មាតហ្វូន Xiaomi 15 series នេះហើយ។ បើតាម DCS បញ្ជាក់ខាងលើនេះ គឺនៅមិនទាន់បញ្ជាក់ពីឈ្មោះរបស់ស្មាតហ្វូននេះនៅឡើយទេ។ ប៉ុន្តែមានការជឿជាក់ថា ស្មាតហ្វូននេះ គឺពិតជា Xiaomi 15 lineup។ នៅក្នុងការបែកធ្លាយនេះ បានបង្ហាញទៀតថា Xiaomi 15 series គឺនឹងចាប់ធ្វើតេស្តនៅក្នុងខែមេសានេះផងដែរ ហើយសម្រាប់សង្វាក់ផលិតកម្មស្មាតហ្វូននេះ អាចនឹងធ្វើឡើងនៅក្នុងខែកញ្ញាឆ្នាំនេះ។
សូមជំរាបថា មុននេះមានពាក្យចចាមអារ៉ាមថា ស្មាតហ្វូនជំនាន់ថ្មី Xiaomi 15 series គឺនឹងមានការបំពាក់នូវឡែន periscope telephoto camera ជំនាន់ថ្មី ហើយនិងមានការតម្លើងនូវប្រព័ន្ធស្កែនម្រាមដៃនៅលើអេក្រង់ ultrasonic in-screen fingerprint scanner ទៀតផង។ Xiaomi 15 series អាចនឹងមានអេក្រង់ 2 ទំហំផ្សេងគ្នា ដោយម៉ូដែលស្តង់ដារ គឺមានទំហំ 6.36-អ៊ីង flat OLED screen ខណៈដែលម៉ូដែល Pro អាចនឹងមានទំហំធំជាង។ ស្មាតហ្វូនទាំងពីរនេះ គឺមានអេក្រង់ 1.5K និង 2K resolution។

Xiaomi 15 និង 15 Pro ត្រូវបានគេនិយាយថា នឹងមានការបំពាក់នូវថាមពលថ្មទំហំធំជាងមុន ប៉ុន្តែមិនទាន់ដឹងច្បាស់នោះទេ។ ស្មាតហ្វូនទាំងពីរនេះ ត្រូវគេរាយការណ៌ថា អាចនឹងមានកាមេរ៉ាគោល OmniVision 50-Megapixel។
