
នៅក្នុងខែឧសភាឆ្នាំ 2024 នេះ ការនាំចេញរថយន្តរបស់ប្រទេសចិនមានចំនួន 568,000 គ្រឿង កើនឡើងប្រមាណ 29% ធៀបពីមួយឆ្នាំទៅមួយឆ្នាំ (YoY) និង 2% ធៀបពីមួយខែទៅមួយខែ (MoM) ហើយបើគិតចាប់ពីខែមករា ដល់ខែឧសភា ការនាំចេញរថយន្តសរុបរបស់ប្រទេសចិន គឺមានចំនួន 2.45 លានគ្រឿង កើនឡើងប្រមាណ 26% ធៀបពីមួយឆ្នាំទៅមួយឆ្នាំ (YoY) នេះបើតាមរបាយការណ៍របស់ស្ថាប័ន Cui Dongshu, Secretary-General of the China Passenger Car Association (CPCA)។
ការនាំចេញរថយន្តរបស់ប្រទេសចិនចាប់ពីខែមករា ដល់ខែឧសភាឆ្នាំ 2024 នេះ គឺបានចំនួន 2.45 លានគ្រឿង បើសរុបជាទឹកប្រាក់មានចំនួន 46.4 ពាន់លានដុល្លារ មានអត្រាកើនឡើងចំនួន 20.1% ហើយតម្លៃរថយន្តដែលត្រូវនាំចេញគឺខ្ទង់ $19,000។ ចំនែកទីផ្សារប្រទេសកំពូលទាំងប្រាំដែលចិនបាននាំចេញរថយន្តទៅកាន់ច្រើនជាងគេ គឺមានរុស្ស៊ី ប្រេស៊ីល ម៉ិចស៊ីកូ បែលហ្សិក និងចក្រភពអារ៉ាប់រួម។ នៅខែឧសភា ឆ្នាំ 2024 មានរថយន្តអគ្គិសនីថ្មីចំនួន 207,000 គ្រឿងត្រូវបាននាំចេញ ដែលកើនឡើង 33% ធៀបពីមួយឆ្នាំទៅមួយឆ្នាំ។ ហើយការនាំចេញចាប់ពីខែមករាដល់ខែឧសភា ការនាំចេញរថយន្តអគ្គិសនីថ្មីសរុបមានចំនួន 870,000 គ្រឿង កើនឡើង 29% (YoY)។

កាលពីឆ្នាំ 2023 ប្រទេសចិនបាននាំចេញរថយន្តសរុបចំនួន 5.221 លានគ្រឿង កើនឡើង 57.4% ធៀបពីមួយឆ្នាំទៅមួយឆ្នាំ (YoY)។ ហើយក្នុងរយៈពេលប្រាំខែដំបូងនៃឆ្នាំ 2024 នេះ បរិមាណនៃនាំចេញកើនឡើងប្រមាណ 47% នៃទំហំនាំចេញសរុបឆ្នាំ 2023 ដែលទិន្នន័យនេះ គឺបង្ហាញឲ្យឃើញថាទីផ្សារនាំចេញរថយន្តរបស់ប្រទេសចិនទៅកាន់ទីផ្សារប្រទេសនៅជុំវិញពិភពលោក គឺមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ហើយការនាំចេញរថយន្តរបស់ប្រទេសចិនក្នុងឆ្នាំ 2024 នេះ នឹងមានការកើនឡើងខ្លាំងបន្ថែមទៀតធៀបនឹងឆ្នាំ 2023៕
