ស្វែងរកពួកយើង:

ការនាំចេញរថយន្តរបស់ក្រុមហ៊ុន Nio មានការកើនឡើងខ្លាំងនៅក្នុងខែសីហា ឆ្នាំ 2025 នេះ

ដោយ

Koun Jab Luffy

02 កញ្ញា 2025 10:54 ព្រឹក

អាន 2 នាទី

Article image
ក្រុមហ៊ុនផលិតរថយន្ត Nio បាននាំចេញរថយន្តសរុបចំនួន 31,305 គ្រឿងក្នុងខែសីហា ឆ្នាំ 2025 នេះ ជាមួយកំណើននៃការនាំចេញប្រមាណ 55.2% កើនពីមួយឆ្នាំទៅមួយឆ្នាំ (YoY)។ សរុបមក Nio បាននាំចេញរថយន្តសរុបបានចំនួន 838,036 គ្រឿងមកទល់នឹងពេញបច្ចុប្បន្ន ដែលក្នុងនោះមានម៉ាក Nio ផ្ទាល់ចំនួន 748,448 គ្រឿង, ម៉ាក Onvo ចំនួន 75,033 គ្រឿង និងម៉ាក Firefly ចំនួន 14,555 គ្រឿង។
ការនាំចេញរថយន្តម៉ាក Onvo L90 គឺមានចំនួន 10,575 គ្រឿង សម្រាប់ខែដំបូងបន្ទាប់ពីការចេញលក់ ដែលធ្វើឲ្យម៉ូដែលរថយន្តប្រណិត SUV មួយនេះក្លាយជាម៉ូដែលមានការនាំចេញច្រើនបំផុតក្នុងប្រវត្តិសាស្ត្ររបស់ Nio។ កន្លងមកសម្រាប់ខែដែលជោគជ័យបំផុតរបស់ Nio គឺនៅក្នុងខែធ្នូ ឆ្នាំ 2024  ដោយនៅពេលនោះក្រុមហ៊ុនលក់រថយន្តសរុបបានចំនួន 31,138 គ្រឿង ហើយក្នុងតួលេខនោះ ម៉ាករថយន្ត Onvo L60 លក់បានចំនួន 10,528 គ្រឿង។
Article image
បើតាមការបញ្ជាក់ពីលោក Qin Lihong អគ្គនាយកក្រុមហ៊ុន Nio បានឲ្យដឹងថា ក្រុមហ៊ុនបានបើកទទួលការបញ្ជាទិញមុនសម្រាប់រថយន្តម៉ូដែលថ្មី Nio ES8 កាលពីថ្ងៃទី 22 ខែសីហា កន្លងទៅ ហើយម៉ូដែលនេះ ទទួលបានការបញ្ជាទិញមានចំនួនច្រើនជាងម៉ូដែល Onvo L90។
Nio ES8 ត្រូវបានគេរំពឹងថា នឹងប្រកាសចេញលក់ផ្លូវការណ៍នៅក្នុងព្រឹត្តិការណ៍ Nio Day 2025 ដែលនឹងប្រារព្ធធ្វើឡើងនៅចុងខែកញ្ញានេះ។ ម៉ូដែលថ្មីនេះ មានតម្លៃចាប់ពីខ្ទង់ $58,150។ Nio ES8 ជារថយន្ត Full-Size SUV ប្រណិត ដែលមានជម្រើស 6 កៅអី និង 7 កៅអី។ រថយន្តស៊េរីថ្មីនេះដំណើរការដោយប្រព័ន្ធម៉ូទ័រអគ្គិសនីពីរដែលផលិតកម្លាំងសរុបបាន 520kW និងកម្លាំងរមួល 700Nm ជាន់ស្ទុះពីកុងទ័រ 0-100km/h ប្រើពេល 3.97 វិនាទី។
Article image
Nio ES8 បំពាក់ថ្មទំហំធំដល់ 102kWh សាកភ្លើងពេញម្តងអាចជិះបានចម្ងាយ 635km តាមស្តង់ដារវាស់ចម្ងាយ CLTC។ វាគាំទ្រកម្លាំងសាកភ្លើង 600kW ជាមួយកម្រិតតង់ស្យុងខ្ពស់ដល់ 900Volts និងកម្រិតស្តង់ដារ 5C Charging ហើយការសាកភ្លើងតែ 5 នាទីអាចជិះបានចម្ងាយដល់ទៅ 250km ព្រមទាំងអាចជិះកាត់ទឹកបានក្នុងជម្រៅដល់ 650mm ដោយគ្មានបញ្ហា៕