
ក្រុមហ៊ុន Nio Inc បាននាំចេញរថយន្តអគ្គិសនីចំនួន 31,138 គ្រឿងក្នុងខែធ្នូ កន្លងទៅ ដែលជម្រុញការលក់រថយន្តប្រចាំឆ្នាំសរុបនៅលើទីផ្សារសកលបានចំនួន 221,970 គ្រឿង កើនឡើងប្រមាណ 38.7% ធៀបនឹងឆ្នាំ 2023។ ការនាំចេញរថយន្តអគ្គិសនីរបស់ Nio នៅលើទីផ្សារសកលក្នុងខែធ្នូមានចំនួន 31,138 គ្រឿង កើនឡើងប្រមាណ 72.9% ធៀបនឹងពេលដូចគ្នាក្នុងឆ្នាំ 2023 និងកើនឡើងប្រមាណ 51.3% ធៀបនឹងខែវិច្ឆិកាឆ្នាំ 2024។ ក្នុងចំនួននេះ មានរថយន្តម៉ាក Nio ចំនួន 20,610 គ្រឿង និង Onvo L60 ចំនួន 10,528 គ្រឿង។
ក្នុងខែធ្នូ ម៉ាករថយន្ត Onvo L60 ថ្មីទទួលបានភាពជោគជ័យខ្លាំងដោយបានបង្កើនសង្វាក់ផលិតកម្មនៅក្នុងរោងចក្រ F2 របស់ខ្លួនដែលស្ថិតនៅក្នុងសួនឧស្សាហកម្ម Neopark ក្នុងខេត្ត Hefei ដែលបាននាំចេញរថយន្តសរុបបានចំនួន 10,528 គ្រឿង កើនឡើងប្រមាណ 107.2% ធៀបនឹងចំនួន 5,082 គ្រឿងដែលបាននាំចេញក្នុងខែវិច្ឆិកា។ លោក Alan Ai នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Onvo បាននិយាយកាលពីមុនថា លោកនឹងលាលែងពីតំណែង ប្រសិនបើក្រុមហ៊ុនមិនបំពេញតាមគោលដៅក្នុងការចែកចាយរថយន្តដែលបានកំណត់ចំនួន 10,000 គ្រឿងក្នុងខែធ្នូ។ ការលក់រថយន្តម៉ាក Onvo ក្នុងឆ្នាំ 2024 មានចំនួនសរុប 20,761 គ្រឿង។

Onvo គឺជាម៉ាកយីហោរថយន្តកម្រិតមធ្យមដែលស្ថិតក្រោមការគ្រប់គ្រងរបស់ Nio Inc. ក្រុមហ៊ុននេះបានចាប់ផ្តើមរថយន្តដាក់បង្ហាញរថយន្តដំបូងរបស់ខ្លួនម៉ូដែល Onvo L60 ជាប្រភេទ SUV នៅក្នុងខែកញ្ញា។ Onvo L60 គឺជាគូប្រជែងជាមួយ Tesla Model Y នៅក្នុងប្រទេសចិន លក្ខណៈពិសេសបំផុតរបស់ L60 គឺអាចធ្វើការផ្លាស់ប្តូរថ្មបានដូចនឹងរថយន្ត Nio ដែរ។
Onvo L60 ត្រូវបានក្រុមហ៊ុនចេញលក់ក្នុងតម្លៃចាប់ពីខ្ទង់ 149,900 យាន់ ឬប្រហែល 20,500 ដុល្លារអាមេរិកនៅក្នុងប្រទេសចិន។ ទោះបីជាមានការចែកចាយច្រើនជាងគេបំផុតបានចំនួន 221,970 គ្រឿងក៏ដោយ ក៏ Nio មិនអាចសម្រេចបានចំនួនលក់ប្រចាំឆ្នាំរបស់ខ្លួនដែលបានកំនត់ គឺ 230,000 គ្រឿង។ ក្នុងឆ្នាំ 2025 ក្រុមហ៊ុន Nio បានកំណត់គោលដៅលក់រថយន្ត ឲ្យបានយ៉ាងហោចណាស់ចំនួន 440,000 គ្រឿង។

ដើម្បីសម្រេចបាននូវចំនួនគោលដៅដែលបានគ្រោងទុក Nio ត្រូវពឹងផ្អែកលើម៉ាកថ្មី ឬ Sub-brand ចំនួនពីរ គឺ Onvo និងម៉ូដែលថ្មី Firefly ដែលជារថយន្តអគ្គិសនីមានតម្លៃសមរម្យ។ រថយន្តម៉ាក Firefly នឹងចាប់ផ្តើមធ្វើការចែកចាយម៉ូដែលដំបូងរបស់ខ្លួននៅក្នុងឆមាសទីមួយនៃឆ្នាំ 2025 នេះ។ ក្នុងឆ្នាំ 2018 ក្រុមហ៊ុន Nio Inc. បានធ្វើការនាំចេញរថយន្តរបស់សរុបបានចំនួន 671,564 គ្រឿង៕
