ស្វែងរកពួកយើង:

ការនាំចេញរថយន្តអគ្គិសនី Xiaomi SU7 Series បានឈានដល់ចំនួន 20 ម៉ឺនគ្រឿងហើយ

ដោយ

Koun Jab Luffy

19 មីនា 2025 08:34 ព្រឹក

អាន 3 នាទី

Article image
ទីផ្សាររថយន្តអគ្គិសនីរបស់ក្រុមហ៊ុន Xiaomi នៅតែរក្សាបានលំនឹង និងប្រជាប្រិយភាពល្អខ្លាំងមែនទែន បើធៀបនឹងទីផ្សាររថយន្តអគ្គិសនីចាស់វស្សាមួយចំនួន។ ហើយថ្មីៗនេះ Xiaomi បានប្រារព្ធព្រឹត្តិការណ៍ពិសេសមួយដើម្បីអបអរសារទរដល់បរិមាណការនាំចេញរថយន្តអគ្គិសនី SU7 Series របស់ខ្លួនចំនួន 200,000 គ្រឿង ដោយរថយន្ត SU7 ទី 200,000 គ្រឿងដែលប្រគល់ជូនដៃម្ចាស់ដែលជាគូស្នេហ៍វ័យក្មេង គឺមានពណ៌ក្រហម ឬហៅថា Magenta Red SU7។
តាមរបាយការណ៍នៃការនាំចេញ SU7 Series របស់ Xiaomi បានបង្ហាញថា ការនាំចេញជំហានដំបូងមានចំនួន 100,000 គ្រឿង គឺប្រើរយះពេល 229 ថ្ងៃ និងបន្ទាប់មកការនាំចេញចំនួន 100,000 គ្រឿងបន្ថែមទៀត គឺប្រើពេលប្រមាណ 119 ថ្ងៃ។ Xiaomi SU7 Series គឺជារថយន្តអគ្គិសនីទំនើបហើយជាដៃគូប្រជែងជាមួយនឹងរថយន្ត Tesla Model 3 នៅក្នុងប្រទេសចិន ហើយ SU7 គឺពិតជាទទួលបានការចាប់អារម្ម និងមានតម្រូវការខ្លាំងមែនទែនចាប់តាំងពីចេញលក់ផ្លូវការណ៍ក្នុងខែមីនា ឆ្នាំ 2024។
រថយន្តអគ្គិសនីដំបូងរបស់ក្រុមហ៊ុនបច្ចេកវិទ្យាស្មាតហ្វូនដ៏មានឥទ្ធិពលរបស់ប្រទេសចិនមួយនេះ មានជម្រើសបីម៉ូដែលនៅពេលចេញលក់ដំបូង គឺ SU7, SU7 Pro និង SU7 Max ហើយក្នុងពេលថ្មីៗនេះ Xiaomi ក៏បានប្រកាសចេញលក់ម៉ូដែលពិសេសមួយទៀត គឺ SU7 Ultra ដែលជាកំពូលរថយន្តអគ្គិសនីកំពូលកំលាំងមានការរចនារូបរាងបែបរថយន្តស៉្ពរ។
សម្រាប់តម្លៃរបស់ SU7 Series គឺមានតម្លៃចាប់ពី $29,400 សម្រាប់ម៉ូដែល SU7 និងដល់ជាង $72,000 សម្រាប់ម៉ូដែល SU7 Ultra ដែលចេញលក់ថ្មីៗនេះ។ ហើយសម្រាប់ការចេញលក់ក្នុងរយះពេលជិតមួយឆ្នាំមកនេះ ឃើញតម្រូវការរបស់ Xiaomi SU7 Series ហាក់រក្សាបានលំនឹងល្អខ្លាំងមែនទែនក្នុងទីផ្សារ ដោយមិនទាន់បង្ហាញសញ្ញាធ្លាក់ចុះនោះទេ។
Article image
ដោយឡែកនៅពេលនេះសម្រាប់អតិថិជនដែលបានធ្វើការបញ្ជាទិញម៉ូដែល SU7 គឺត្រូវការរងចាំទទួលបានរថយន្តរបស់ខ្លួនរហូតដល់ទៅជាង 30 សប្តាហ៍ឯណោះ ហើយសម្រាប់ការបញ្ជាទិញម៉ូដែល SU7 Ultra គឺត្រូវការរងចាំចាប់ពី 14 ទៅ 17 សបា្តហ៍ផងដែរ។ បច្ចុប្បន្ននេះ Xiaomi ទទួលបានការកក់មុនសម្រាប់រថយន្ត SU7 Series របស់ខ្លួនចំនួនជាង 248,000 គ្រឿង។
នៅក្នុងឆ្នាំ 2025 នេះ Xiaomi បានដាក់គោលដៅក្នុងការនាំចេញរថយន្តអគ្គិសនី SU7 របស់ខ្លួនឲ្យបានចំនួនដល់ 350,000 គ្រឿង។ ស្ថាបនិក និងជានាយកប្រតិបត្តិ Xiaomi លោក Lei Jun បាននិយាយថា ក្រុមហ៊ុនលោកទទួលបានភាពជោគជ័យក្នុងការបង្កើនសង្វាក់ផលិតរថយន្តដើម្បីបំពេញតាមតម្រូវការទីផ្សាររបស់អ្នកប្រើប្រាស់។
Article image
បច្ចុប្បន្នរោងចក្រផលិតរថយន្តរបស់ Xiaomi ក្នុងទីក្រុងប៉េកាំងមានផលិតភាពអាចធ្វើការផលិតរថយន្តបានចំនួន 150,000 គ្រឿងក្នុងមួយឆ្នាំ ខណៈដែររោងចក្រទីពីរបាននឹងកំពុងដំណើរការសាងសង។ ទន្ទឹងនឹងនេះ Xiaomi មានគម្រោងក្នុងការប្រកាសចេញរថយន្តម៉ូដែលទីពីររបស់ខ្លួនដែលជាប្រភេទរថយន្តអគ្គិសនី SUV ម៉ូដែល YU7 នៅក្នុងរដូវក្តៅឆ្នាំនេះផងដែរ៕
ការនាំចេញរថយន្តអគ្គិសនី Xiaomi SU7 Series បានឈានដល់ចំនួន 20 ម៉ឺនគ្រឿងហើយ