
iPhone 16 Series ដែលជាស្មាតហ្វូនជំនាន់ថ្មីរបស់ Apple ត្រូវបានគេបញ្ជាក់ថា នឹងមានការប្រកាសចេញជាផ្លូវនៅលើទីផ្សារនាថ្ងៃទី 10 ខែកញ្ញាខាងមុខនេះហើយ។ យោងតាមការចេញផ្សាយរបស់សារព័ត៌មានកូរ៉េ The Elec នៅថ្ងៃនេះ គឺមានការទម្លាយចេញនូវព័ត៌មានថ្មីៗស្តីពីសង្វាក់ផលិតកម្មទៅលើស្មាតហ្វូនជំនាន់ថ្មីនេះហើយ។ ក្រុមហ៊ុន OEM នឹងមានការផលិតនូវស្មាតហ្វូនរបស់ខ្លួនប្រមាណជាង 90.1 លានគ្រឿង ដែលច្រើនជាងឆ្នាំមុនមានការនាំចេញតែ 86.2 លានគ្រឿងប៉ុណ្ណោះ។
ប្រភពខាងលើនេះបន្តថា ឆ្នាំនេះគឺដូចគ្នាជាមួយនិងឆ្នាំមុនដែរ គឺក្រុមហ៊ុនអាមេរិកាំងមួយនេះ នឹងមានការផលិតនូវម៉ូដែល Pro Max ច្រើនជាងគេ ដោយមានចំនួន 37% ដែលប្រហែលជា 33.2 លានគ្រឿង។ តួរលេខនេះខ្ពស់ជាងឆ្នាំមុន ដែលធ្វើបានត្រឹមតែ 24.2 លានគ្រឿងប៉ុណ្ណោះសម្រាប់ iPhone 15 Pro Max។ ទាក់ទងនឹងមានព័ត៌មាននេះ ក៏មានការបញ្ជាក់ថា ស្មាតហ្វូន iPhone 16 Pro អាចនឹងមានការនាំចេញចំនួន 26.6 លានគ្រឿងស្មើរនិង 30% ដោយខ្ពស់ជាងឆ្នាំមុនត្រឹមតែ 21.8 លានគ្រឿងប៉ុណ្ណោះសម្រាប់ iPhone 15 Pro។

និយាយពីម៉ូដែល Non-Pro វិញ គឺនឹងមានចំនួន 33% ដោយម៉ូដែលស្តង់ដារ iPhone 16 គឺនឹងមានការបង្កើនការផលិតចេញចំនួន 24.5 លានគ្រឿង ខណៈដែល iPhone 16 Plus នឹងមានការផលិតចេញ 5.8 លានគ្រឿង។ ដូច្នេះ ផ្អែកតាមការបង្កើនទៅលើការផលិតស្មាតហ្វូនជំនាន់ថ្មី iPhone 16 Pro និង iPhone 16 Pro Max នឹងធ្វើអោយក្រុមហ៊ុន Apple ទទួលបាននូវប្រាក់ចំណូលកាន់តែច្រើនថែមទៀតសម្រាប់ឆ្នាំក្រោយនេះ។
