ស្វែងរកពួកយើង:

ការបង្ហាញខ្លួន MacBook អេក្រង់បត់អាចនឹងពន្យារពេលរហូតដល់ចុងឆ្នាំ 2027 នេះបើតាមអ្នកវិភាគ Ming-Chi Kuo

ដោយ

Koun Jab Luffy

23 សីហា 2024 03:54 រសៀល

អាន 2 នាទី

Article image
យោងតាមការព្យាករណ៍ចុងក្រោយបំផុតរបស់អ្នកវិភាគ Ming-Chi Kuo បានអោយដឹងថា MacBook ដែលមានអេក្រង់បត់បានរបស់ក្រុមហ៊ុន Apple នឹងមិនទាន់បង្ហាញខ្លួននោះទេ គឹរហូតដល់ចុងឆ្នាំ 2027 ឬដើមឆ្នាំ 2028 ខាងមុខនេះ ដោយសារតែបញ្ហាបច្ចេកទេស។ តាមរបាយការណ៍ជាច្រើនចេញពីអ្នកវិភាគ Ross Young និង អ្នកវិភាគ Jeff Pu ក៏ដូចជា វេបសាយកូរ៉េ The Elec រួមជាមួយនិងលោក Kuo បាននិយាយថា ក្រុមហ៊ុន Apple កំពុងតែអភិវឌ្ឍនូវកុំព្យូទ័រដែលមានអេក្រង់បត់បានដែលមានទំហំ 20.2-អ៊ីង ឬ 18.8-អ៊ីង។
ប្រភពខាងលើនេះបន្តថា នៅពេលដែលបត់នោះ កុំព្យូទ័រយួរដៃនេះ នឹងមានបំពាក់នូវ keyboard នៅលើអេក្រង់ដែលផ្តល់នូវបទពិសោធន៍ថ្មីនៃការប្រើប្រាស់អេក្រង់កាន់តែអស្ចារ្យ។ នៅពេលដែលបើកទៅលើអេក្រង់នេះ អាចបើកដំណើរការជាម៉ូនីទ័រដ៏ធំមួយ ហើយក៏នៅតែអាចភ្ជាប់ជាមួយនឹង keyboard ខាងក្រៅផងដែរ ដែលធ្វើអោយកុំព្យូទ័រនេះ អាចក្លាយជា Desktop ដ៏ធំមួយ។
លោក Kuo បានបញ្ជាក់នៅក្នុងខែឧសភាកន្លងទៅនេះថា ក្រុមហ៊ុន LG Display ក៏មានគោលដៅក្នុងការចាប់ផ្តើមផលិតទ្រង់ទ្រាយធំទៅលើអេក្រង់សម្រាប់ MacBook ដែលភ្ជាប់ជាមួយនឹងអេក្រង់ទំហំ 20.2-អ៊ីង ឬ 18.8-អ៊ីង នៅក្នុងត្រីមាសទី 4 ឆ្នាំ 2025 ខាងមុខនេះហើយ។ យ៉ាងណាមិញ នៅក្នុងការបង្ហោះចុងក្រោយបំផុតនៅលើ X (Twitter) បានបញ្ជាក់ថា ក្រុមហ៊ុន Apple បានសម្រេចចិត្តលុបចោលទំហំ 20-អ៊ីង និងជ្រើសរើសនូវទំហំ 18.8 អ៊ីងជំនួសវិញ។
លោក Kuo បានបញ្ជាក់បន្ថែម នៅក្នុងការបង្ហោះចុងក្រោយបំផុតនេះថា “សម្រាប់ទីផ្សារមួយចំនួន មានការរំពឹងថា ក្រុមហ៊ុន Apple នឹងប្រកាសបង្ហាញនូវ iPad បត់បាននៅក្នុងឆ្នាំ 2025 នេះ។ ប៉ុន្តែនៅក្នុងការវាស់ស្ទង់នៃខ្សែសង្វាក់ផ្គត់ផ្គង់នេះ មានការបង្ហាញថា iPad មានអេក្រង់បត់បាននោះ នឹងមិនមានវត្តមាននោះទេ។ នេះគឺដោយសារតែក្រុមហ៊ុន Apple ចង់បញ្ចេញនូវ MacBook ដែលមានអេក្រង់បត់បានមុន iPad ។”
Article image
លោក Pu បានអះអាងថា អេក្រង់បត់បានរបស់ Apple នេះ គឺមានអេក្រង់ទំហំ 20.3-អ៊ីង ដែលនឹងចាប់ផ្តើមការផលិតទ្រង់ទ្រាយធំនៅចុងឆ្នាំ 2025 នេះ។ យ៉ាងណាមិញ លោក Pu បានបង្ហាញពីការជឿជាក់ថា ក្រុមហ៊ុន Apple អាចនឹងចូលរួមនៅក្នុងទីផ្សារអេក្រង់បត់បាននេះនៅក្នុងត្រីមាសទី 2 ឆ្នាំ 2026 ដោយសារតែបញ្ហាបច្ចេកទេស។ នៅពេលនេះ ក្រុមហ៊ុន Apple គឺស្ថិតនៅក្នុងតំណាក់កាលនៃការព្រាងប៉ុណ្ណោះ៕