ស្វែងរកពួកយើង:

ការបង្ហាញខ្លួន Sony Xperia 1 VII នៅលើទីផ្សារសកលអាចនឹងមានការពន្យារពេល!

ដោយ

Koun Jab Luffy

08 ឧសភា 2025 09:48 ព្រឹក

អាន 2 នាទី

Article image
នៅថ្ងៃនេះ មានការចែកចាយដំណឹងថ្មី ថា ក្រុមហ៊ុន Sony អាចនឹងមានការពន្យារពេលខ្លះទៅលើគម្រោងផែនការរបស់ខ្លួននៅក្នុងការប្រកាសចេញនូវស្មាតហ្វូន Xperia 1 VII នៅលើទីផ្សារសកល។ ស្មាតហ្វូននេះ ត្រូវបានគេរំពឹងថា អាចនឹងក្លាយជាម៉ូដែល Flagship ជំនាន់ថ្មីរបស់ក្រុមហ៊ុនផលិតស្មាតហ្វូនដ៏ធំរបស់ជប៉ុនមួយនេះ ដែលមានបច្ចេកវិទ្យាចុងក្រោយបំផុត ដែលក្នុងមានដូចជាបន្ទះឈីបថ្មីរបស់ Qualcomm និងការបំពាក់នូវកាមេរ៉ាដ៏ខ្លាំងក្លាជាដើម។
សូមជំរាបថា មុននេះមានការទម្លាយថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ជប៉ុននេះ នឹងប្រកាសបង្ហាញស្មាតហ្វូន Xperia 1 VII Premium នៅក្នុងពេលឆាប់ៗនេះហើយ។ ស្របពេលជាមួយគ្នានេះ ក៏មានពាក្យចចាមអារ៉ាមជាច្រើន បានបញ្ជាក់ថា ស្មាតហ្វូននេះ អាចនឹងមានការបង្ហាញខ្លួននៅក្នុងពេលណាមួយនៅខែនេះ សម្រាប់ទីផ្សារប្រទេសមួយចំនួន។ យ៉ាងណាមិញ ក៏មានរបាយការណ៍ចេញពី Sumaho Digest បានបញ្ជាក់ដែរថា ក្រុមហ៊ុន Sony នឹងបង្ហាញនូវស្មាតហ្វូន Xperia 1 VII នេះ នៅក្នុងប្រទេសជប៉ុននៅថ្ងៃទី 15 ខែឧសភា ឆ្នាំ 2025 នេះថែមទៀតផង។
Article image
ប្រភពខាងលើនេះបានបន្តថា ស្មាតហ្វូន Flagship របស់ក្រុមហ៊ុន Sony នេះ ក៏នឹងមិនទាន់ប្រកាសសម្រាប់ទីផ្សារសកល និង រួមមាននៅក្នុងទីផ្សារអ៊ឺរ៉ុបផងដែរ គឺរង់ចាំរហូតដល់ខែកក្កដា។ នៅក្នុងពេលនេះ គេក៏នៅមិនទាន់មានការបញ្ជាក់សម្រាប់ទីផ្សាររបស់សហរដ្ឋអាមេរិកដូចគ្នា។ ថ្មីៗនេះ ស្មាតហ្វូន Xperia 1 VII បានបង្ហាញខ្លួននៅលើ GeekBench រួចហើយដោយភ្ជាប់ជាមួយនឹងបន្ទះឈីប  Snapdragon 8 Elite និងរ៉េមទំហំ 12GB។ នៅក្នុងពេលនេះ ក្រុមហ៊ុន Sony ត្រូវបានគេមើលឃើញថា បានធ្វើការនៅលើកាសស្តាប់ថ្មីដែលមានឈ្មោះហៅថា WH-1000XM6 វិញម្តង។ កាសស្តាប់ថ្មីនេះ ក៏បានបង្ហាញខ្លួននៅលើ  FCC database កាលពីដើមឆ្នាំនេះផងដែរ៕