
នៅទីបំផុត កាលបរិច្ឆេទផ្លូវការនៃការបង្ហាញបន្ទះឈីប Dimensity 9400+ របស់ក្រុមហ៊ុន MediaTek ត្រូវទម្លាយចេញហើយ គឺថ្ងៃទី 11 ខែមេសាខាងមុខនេះ។ ព្រឹត្តិការណ៍សន្និសីទ Dimensity Developer Conference នេះ នឹងធ្វើឡើងនៅក្នុងទីក្រុង Shenzhen ប្រទេសចិន។
បើតាមការបញ្ជាក់ពីក្រុមហ៊ុននេះបានអោយដឹងថា បន្ទះឈីប Dimensity 9400+ នឹងប្រើប្រាស់នូវស្ថាបត្យកម្ម Core Architecture ដូចទៅនឹងបន្ទះឈីបជំនាន់មុន 9400 ដែរ។ សម្រាប់ Prime Cortex-X925 Core អាចនឹងមានការកើនឡើងដល់ទៅ 3.7GHz ខុសពីនៅលើបន្ទះឈីប 9400 គឺធ្វើបានត្រឹមតែល្បឿន 3.62GHz។ នៅលើឈីបនេ ក៏នឹងមាន 3x Cortex-X4 cores រត់ក្នុងល្បឿន 3.30GHz ហើយនិង 4x Cortex-A720 cores ដែលរត់បានល្បឿន 2.4GHz ផងដែរ។ សម្រាប់ក្រាហ្វិកកាតគឺគាំទ្រដោយ ARM Immortalis G925 MP12។
សូមជំរាបថា បន្ទះឈីបនេះ ក៏ធ្លាប់បានបង្ហាញខ្លួននៅលើបញ្ជី Geekbench benchmarking ដោយទទួលបាននូវពិន្ទុ 2,770 ទៅលើការតេស្ត Single-Core និងពិន្ទុ 8,500 ទៅលើការតេស្ត Multi-Core។ បើតាមការបញ្ជាក់ចេញពី NotebookCheck
បានអោយដឹងថា ឈីបនេះមានការពង្រឹងល្បឿន 6% នៅលើ Single-Core Performance និង 5% នៅលើ Multi-Core ជាមួយនឹងកាលបរិច្ឆេទផ្លូវការនេះ ក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើនក៏ត្រៀមបំពាក់នូវបន្ទះឈីប Dimensity 9400+ នេះ នៅលើស្មាតហ្វូនជាច្រើនរបស់ខ្លួនផងដែរ។

ស្មាតហ្វូនទាំងនោះមានដូចជា OPPO Find X8S, Find X8S+, vivo X200S, iQOO Neo Series Flagship, realme GT Series Flagship, OnePlus Ace 5S និង Redmi K80 Ultra ជាដើម។ សម្រាប់ស្មាតហ្វូន OPPO Find X8S, Find X8S+ ហើយនិង vivo X200S ត្រូវគេរំពឹងថា នឹងបង្ហាញខ្លួននៅក្នុងប្រទេសចិននៅដើមខែមេសានេះហើយ។ ចំពោះស្មាតហ្វូន iQOO Neo 10S នឹងធ្វើឡើងនៅដើមខែឧសភានេះ ខណៈពេលដែលស្មាតហ្វូនរបស់ក្រុមហ៊ុន realme, OnePlus និង Redmi នឹងបង្ហាញខ្លួននៅឆមាសទី 1 ឆ្នាំនេះ។ ក្រុមហ៊ុន Xiaomi ក៏បានត្រៀមបញ្ចេញស្មាតហ្វូន Xiaomi 15T Pro នឹងបង្ហាញខ្លួនទៅកាន់ទីផ្សារសកលនៅប៉ុន្មានខែខាងមុខនេះផងដែរ៕
