
ថ្មីៗនេះ នៅលើអ៊ីនធឺណិត មានការជជែកគ្នាជាច្រើនស្តីអំពីវត្តមានស្មាតហ្វូន OnePlus 16។ យោងតាមការបែកធ្លាយថ្មីមួយបានបញ្ជាក់ថា ក្រុមហ៊ុន OnePlus អាចនឹងប្រកាសចេញនូវម៉ូដែល “Pro” ឬ “Ultra” ជាថ្មី បន្ទាប់ពីខកខានអស់ជាច្រើនជំនាន់មកហើយ។ ផ្អែកតាមអ្នកទម្លាយ @OnePlusClub នៅលើបណ្តាញសង្គម X បានបញ្ជាក់ថា ស្មាតហ្វូន OnePlus 16 អាចនឹងបង្ហាញខ្លួននៅចុងឆ្នាំ 2026 ខាងមុខនេះហើយ។
ស្មាតហ្វូនថ្មីនេះ អាចនឹងមានការផ្លាស់ប្តូរពីស្មាតហ្វូន OnePlus 15 ដែលផ្តោតទៅលើកម្លាំងម៉ាស៊ីនខ្លាំងក្លា និងថាមពលថ្មប្រើប្រាស់បានយូរ។ នៅក្នុងប្រទេសចិន ក្រុមហ៊ុន OnePlus ក៏បានបញ្ចេញនូវតម្លៃសមរម្យសម្រាប់ស្មាតហ្វូនប្រណិតរបស់ខ្លួនធៀបជាមួយនឹងស្មាតហ្វូន Flagships ជាច្រើនទៀត។ មកដល់ពេលនេះ ក្រុមហ៊ុន OnePlus មិនទាន់បញ្ចេញនូវម៉ូដែល “Pro” នៅលើស្មាតហ្វូនជាច្រើនស៊េរីរបស់ខ្លួននោះទេ គិតចាប់តាំងពីវត្តមានរបស់ស្មាតហ្វូន OnePlus 10 Pro កាលពីឆ្នាំ 2022 នេះ។

គិតចាប់តាំងពីពេលនោះមក ក្រុមហ៊ុននេះ បានងាកមកផ្តោតទៅលើស្មាតហ្វូន Flagship តែមួយកូដប៉ុណ្ណោះជារៀងរាល់ឆ្នាំ ហើយស្មាតហ្វូននេះក៏ផ្តោតទៅលើមុខងារថ្មីៗជាច្រើនផងដែរ។ ការវិលត្រឡប់នៃស្មាតហ្វូនត្រកូល Pro ឬ Ultra នេះអាចជាវិធីមួយរបស់ក្រុមហ៊ុន OnePlus ក្នុងការជម្រុញទីផ្សាររបស់ខ្លួនសម្រាប់អ្នកប្រើប្រាស់។ ការបែកធ្លាយជាច្រើនមុននេះបញ្ជាក់ថា ស្មាតហ្វូន OnePlus 16 នេះ នឹងផ្តោតទៅលើអេក្រង់ដែលមានកម្រិត Refresh-rate ខ្ពស់ និងកាមេរ៉ាគោលដែលមានទំហំ 200-megapixel ។

ក្រុមហ៊ុន OnePlus នៅមិនទាន់លើកឡើងអំពីស្មាតហ្វូន OnePlus 16 series ឬផែនការក្នុងការបញ្ចេញស្មាតហ្វូននេះនៅលើទីផ្សារនៅឡើយទេ។ សម្រាប់ស្មាតហ្វូន OnePlus 16 នេះអាចនឹងផ្តោតខ្លាំងទៅលើកាមេរ៉ារបស់វាជាមួយនឹងសិនស័រធំជាងមុន និងការពង្រឹងទៅលើកាមេរ៉ា telephoto ផងដែរ៕
