
នៅថ្ងៃនេះ មានសេចក្តីរាយការណ៌ថា ក្រុមហ៊ុនផ្គត់ផ្គង់ម៉ូឌុលកាមេរ៉ាសម្រាប់ក្រុមហ៊ុន Apple ប្រើប្រាស់នៅលើស្មាតហ្វូនស៊េរីថ្មី iPhone SE 4 ខាងមុខនេះ គឺនឹងចាប់ផ្តើមផលិតទ្រង់ទ្រាយធំនៅក្នុងខែធ្នូខាងមុខនេះហើយ នេះបើតាមការបញ្ជាក់ថ្មីមួយចេញពីប្រទេសកូរ៉េខាងត្បូង។
យោងតាមកាសែតសេដ្ឋកិច្ច Ajunews បាមរាយការណ៍ថា ក្រុមហ៊ុន LG Innotek នឹងផ្គត់ផ្គង់ទៅលើម៉ូឌុលកាមេរ៉ាខាងមុខសម្រាប់ស្មាតហ្វូនលំដាប់ថវិកាជំនាន់ទី 4 ខាងមុខនេះ។ នៅក្នុងការតេស្តចុងក្រោយនេះ បានបញ្ជាក់ថា ការផលិតទ្រង់ទ្រាយធំនឹងចាប់ផ្តើមនៅខែក្រោយនេះ។

ជាមួយគ្នានេះ ក៏មានរបាយការណ៍ជាច្រើនទៀត បានបញ្ជាក់ដែរថា ក្រុមហ៊ុន LG Innotek គឺជាដៃគូរមួយរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមរិកាំងមួយនេះ បានធ្វើការផ្គត់ផ្គង់ទៅលើម៉ូឌុលកាមេរ៉ាស្មាតហ្វូននេះប្រហែលជា 3 ខែរួចមកហើយ ខណៈដែលការប្រកាសជាផ្លូវការណ៌ ហើយការចេញលក់ទៅលើស្មាតហ្វូន iPhone SE 4 អាចនឹងធ្វើឡើងនៅក្នុងខែមីនា ឬខែមេសាឆ្នាំ 2025 ខាងមុខនេះ។ អ្នកវិភាគ Ming-Chi Kuo ដែលតែងតែចែកចាយព័ត៌មានរបស់ក្រុមហ៊ុន Apple បានធ្វើការព្យាករណ៍ថា ក្រុមហ៊ុនផ្គត់ផ្គង់របស់ក្រុមហ៊ុន Apple នឹងផលិតស្មាតហ្វូន iPhone SE 4 ប្រហែលជា 8.6 លានគ្រឿងនៅក្នុងត្រីមាសទី 1 នៅឆ្នាំក្រោយនេះ។

ស្មាតហ្វូនលំដាប់ថវិកាក្រោម $500 នេះ នឹងមានការឌីស្សាញដែលស្រដៀងគ្នាទៅនឹងស្មាតហ្វូន iPhone 14 ។ យោងតាមពាក្យចចាមអារ៉ាមជាច្រើនមុននេះ បានបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានអេក្រង់ទំហំ 6.1-អ៊ីង OLED display, Face ID, A-series chip, USB-C port និងមានកាមេរ៉ាខាងក្រោយ 48-Megapixel ហើយនិងមានរ៉េមទំហំ 8GB ដែលទ្រទ្រង់ទៅលើបច្ចេកវិទ្យា Apple Intelligence និង 5G Modem របស់ក្រុមហ៊ុន apple ថែមទៀតផង។ ក្រុមហ៊ុនបច្ចេកវិទ្យា Apple នឹងប្រកាសបង្ហាញនូវស្មាតហ្វូន iPhone SE នេះនៅក្នុងខែមីនាឆ្នាំ 2022 ខាងមុខនេះ៕
