ស្វែងរកពួកយើង:

ការរចនាផ្នែកខាងនៅក្នុងរបស់រថយន្ត BYD Tang L និង Han L ត្រូវបានគេបង្ហាញចេញផ្លូវការណ៍

ដោយ

Koun Jab Luffy

20 មករា 2025 12:48 ថ្ងៃត្រង់

អាន 3 នាទី

Article image
ក្រុមហ៊ុន BYD បានធ្វើការបង្ហាញចេញពីការរៀបចំរចនាផ្នែកខាងក្នុងនៃរថយន្តស៊េរីថ្មីម៉ូដែល Tang L ដែលជារថយន្ត SUV និង Han L ជារថយន្ត Sedan បន្ទាប់ពីការបង្ហាញចេញរូបភាពនៃការរចនាផ្នែកខាងក្រៅរបស់ពួកវាកាលពីថ្ងៃទី 17 សប្តាហ៍មុននេះ។ រថយន្តស៊េរីថ្មីទាំងពីររបស់ BYD នឹងត្រូវធ្វើការប្រកាសចេញនៅក្នុងខែមីនា ឆ្នាំ 2025 ខាងមុខនេះហើយ ដោយក្នុងនោះម៉ូដែល Han L ត្រូវបានគេព្យាករណ៍ថា អាចមានតម្លៃចាប់ពីខ្ទង់ជាង $40,000 ឡើងទៅ។
តាមរូបភាពថ្មីបានបង្ហាញថាផ្នែកខាងក្នុងរបស់ម៉ូដែល BYD Tang L មានការរចនាឡើងរំលេចដោយពីរពណ៌ដោយក្នុងនោះផ្នែកពួកកៅអី ជញ្ចាំងទ្វារ ដៃចង្កូត ផ្នែកកណ្តាល និងផ្នែកខាងក្រោមតាប់ឡូ គឺមានពណ៌ទឹកក្រូច ខណៈផ្នែកមួយចំនួនទៀត ត្រូវបានរំលេចដោយពណ៌ប្រផេះ។ នៅផ្នែកកណ្តាលតាប់ឡូឃើញមានបំពាក់នូវអេក្រង់កម្សាន្តទំហំធំដែលអាចមានទំហំ 15.6-inch និងអេក្រង់បង្ហាញព័ត៌មាន Instrument Panel ស្ថិតនៅខាងក្រោយដៃចង្កូតរាងជាអក្សរ D ឬ D-Shaped Design។
Article image
ជាមួយគ្នានេះយើងក៏ឃើញមានរន្ធខ្យល់ម៉ាស៊ីនត្រជាក់ចំនួនពីរស្ថិតនៅខាងក្រោមអេក្រង់កណ្តាល និងនៅផ្នែកកណ្តាល Center Console ឃើញមានកន្លែងសាកថ្មស្មាតហ្វូនឥតខ្សែចំនួនពីរ។ BYD Tang L ក៏គាំទ្រនូវប្រព័ន្ធមុខងារបង្ហាញនៅលើកញ្ចក់ដំបូលខាងមុខកម្រិត AR-HUD Display ថែមទៀតផង។ Tang L គឺជារថយន្ត SUV មានកៅអីបីជួរ ដែលរៀបជា 2x3x2។
សម្រាប់ម៉ូដែល Han L វិញ ក៏មានរចនារំលេចដោយពីរពណ៌ដូចគ្នា គ្រាន់តែម៉ូដែលនេះប្រើប្រាស់ពណ៌ត្នោតភ្លឺ ឬ Light brown រំលេចជាមួយពណ៌ប្រផេះ។ Han L ជារថយន្ត Sedan ដែលមានកៅអីពីរជួររៀបជា 2x3។ បើតាមប្រភពចេញពីប្រទេសចិនបាននិយាយថា BYD Han L EV នឹងគាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿន Super-Fast Charging Technology កំលាំង 120kW ដែលសាកថ្មពី 16% ទៅ 80% ប្រើពេលប្រមាណ 10 នាទីស្ថិតនៅក្រោមលក្ខណសីតុណ្ហភាព -30 អង្សាសេ និងបន្តសាកពី 80% ទៅ 100% ប្រើពេលខ្ទង់ 14 នាទី។
Article image
ប្រភពដដែលបានបញ្ជាក់ទៀតថា Han L EV នឹងប្រើប្រាស់ម៉ូទ័រអគ្គិសនីកំលាំង 580 kW super-electric motor ដែលមានកម្រិតថាមពល 300 kW, ជាមួយកម្រិតគិតជាវ៉ុលកំលាំង 945V ជាមួយកំលាំងបង្វិលជុំ 30,500rpm ហើយសាកភ្លើងពេញម្តងអាចបើកបានចម្ងាយផ្លូវជាង 1,000km និងគាំទ្របច្ចេកវិទ្យាសាកភ្លើងកម្រិត 6C Fast Charging។
Article image
BYD Han L ត្រូវបានគេដឹងថា នឹងត្រូវផលិតឡើងដោយឈរនៅលើប្រព័ន្ធគ្រោងឆ្អឹង e-Platform 3.0 ហើយនិងមានពីរជម្រើស គឺជម្រើសប្រើអគ្គិសនីសុទ្ធ និងជម្រើសកូនកាត់ម៉ាស៊ីន (Plug-in-hybrid) ដែលគាំទ្រនូវបច្ចេកវិទ្យា BYD DM-i5.0 ដែលប្រតិបត្តិការណ៍នៅលើម៉ាស៊ីន Hybrid ចំនុះ 1.5-Liter កំលាំង 154 សេះ និងម៉ូទ័រអគ្គិសនីមួយកំលាំង 268 សេះ ដែលអាចផលិតកំលាំងរួមគ្នាបានដល់ជាង 400 សេះ រួមនឹងកញ្ចប់ថ្មអគ្គិសនីដែលសាកភ្លើងមួយពេញម្តងអាចបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធបានចម្ងាយ 170 គីឡូម៉ែត្រ៕
ការរចនាផ្នែកខាងនៅក្នុងរបស់រថយន្ត BYD Tang L និង Han L ត្រូវបានគេបង្ហាញចេញផ្លូវការណ៍